នាយករដ្ឋមន្រ្តីចិន: ប្រទេសចិនពិបាកនឹងសម្រេចគោលដៅកំណើន សេដ្ឋកិច្ច៥,៥ភាគរយនៅឆ្នាំនេះ

0

ដោយៈសុខុម

ប៉េកាំង: លោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃសុក្រ ទី១១ មីនា នេះបានលើកឡើងថា ការសម្រេចគោលដៅកំណើនសេដ្ឋកិច្ច(GDP) ប្រមាណ៥,៥%ក្នុងឆ្នាំ២០២២ នេះពិតជាមិនងាយស្រួលឡើយ សម្រាប់សេដ្ឋកិច្ចយក្សដូចជាសេដ្ឋកិច្ចរបស់ប្រទេសចិន។

កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានបន្ទាបគោលដៅកំណើន GDP របស់ខ្លួនមកនៅត្រឹមប្រមាណ៥,៥%សម្រាប់ឆ្នាំនេះ នៅពេលឧបសគ្គនានារួមទាំងការងើបឡើងវិញ ដែលមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការដាំក្បាលចុះក្នុងវិស័យអចលនទ្រព្យដ៏ធំសម្បើមរបស់ខ្លួនផង បានជះផលប៉ះពាល់យ៉ាងខ្លាំងមកលើប្រទេសចិន។

លោកលី ខឹឈាង បានទទួលស្គាល់ថា ប្រទេសចិន កំពុងប្រឈមហានិភ័យ និងបញ្ហាប្រឈមនានា ដែលទាមទារឱ្យអាជ្ញាធរផ្ដល់ការគាំទ្រគោលនយោបាយទូលំទូលាយជាងមុន រួមមាន ទាំងការបញ្ចុះអត្រាពន្ធ និងថ្លៃសេវាសម្រាប់អាជីវកម្មនានាផងដែរ។

លោកគូសបញ្ជាក់ថា “គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច សម្រាប់ឆ្នាំនេះ នឹងត្រូវដាក់ចេញ ដែលមិនត្រឹមតែដោះស្រាយសម្ពាធរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងដើម្បីសម្រេចបាននូវនិរន្តរភាព នៃសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ”។លោកបន្ថែមថា “ប្រទេសចិន មានបញ្ហាជាច្រើននៅឡើយ ដែលត្រូវដោះស្រាយ ដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ គម្លាតប្រាក់ចំណូល និងបំណុលជាដើម ហើយបញ្ហាទាំងអស់នេះចាំបាច់ ត្រូវធ្វើការដោះស្រាយ ដោយភាពម៉ឺងម៉ាត់ ក្នុងរយៈពេលមធ្យម និងរយៈពេលវែង រួមទាំងនៅឆ្នាំនេះផងដែរ”៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here