សម្ដេចតេជោ នឹងអញ្ជើញសម្ពោធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប មុនចូលឆ្នាំខ្មែរខាងមុខ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីបានបញ្ចប់ជាស្ថាពរ នូវការសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបខេត្តសៀមរាប ផ្លូវនេះ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា២០២២ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេ តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកទៀ សីហា អភិបាលខេត្តសៀមរាបថ្លែងនៅក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាបមួយរូប កាលពីព្រឹកថ្ងៃទី១១ មីនា២០២២ឱ្យដឹងថា ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ ក៏ដោយក៏រដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកែលម្អ សោភណភាពក្រុងកាន់តែប្រសើរថែមតៀត ជាក់ស្ដែងគម្រោងសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ប្រព័ន្ធលូនិងភ្លើងបំភ្លឺផ្លូវ ក្នុងក្រុងសៀមរាបបានបញ្ចប់ការសាងសង់ទៅតាមផែនការគ្រោងទុក និងគ្រោងដាក់សម្ពោធនៅពេលខាងមុខ។

លោកបន្តថា “គម្រោងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ជាសមិទ្ធិផលមួយទៀតរបស់ខេត្ត ក៏ដូចជា រដ្ឋាភិបាលកម្ពុជាផងដែរ ហើយផ្លូវនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនានិងកម្សាន្តនៅក្នុងខេត្តសៀមរាប”។ លោកបន្តថា “វានឹងក្លាយភាពទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមទៀត នៅក្នុងទឹកដីនៃខេត្តសៀមរាបជាពិសេសក្នុងក្រុងសៀមរាប”។

លោកកែវ សុធារ៉ា តំណាងក្រុមហ៊ុន KW Cambodia ប្រចាំខេត្តសៀមរាបបានថ្លែងថា គម្រោងផ្លូវនេះដែរ នឹងជួយឱ្យខេត្តសៀមរាបកាន់តែទទួលបានការវិនិយោគទៅលើសណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីបម្រើសេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តនេះបន្ថែម។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍផ្លូវនេះ មានបែងចែកផ្លូវសម្រាប់ថ្មើជើង និងអ្នកជិះកង់ ដូច្នេះទេសចរ ដែលមកដល់ខេត្តសៀមរាបក្នុងឆ្នាំ ២០២២នេះ តទៅនឹងឃើញអ្វីដែលប្លែកៗច្រើន ពិសេសនៅក្រោយវិបត្តិកូវីដ១៩ សៀមរាបនឹងកាន់តែទាក់ទាញទេសចរនិងវិនិយោគិន ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន ក្នុងខេត្តសៀមរាប ក៏បានលើកយកពីសក្ដានុពលផ្លូវ៣៨ខ្សែ មកធ្វើជាយុទ្ធសាស្ត្រក្នុងការលក់និងផ្សព្វ​ផ្សា​យគម្រោងរបស់ខ្លួនផងដែរ ដូចជា គម្រោងដីឡូត៏គម្រោងអភិវឌ្ឍន៍លំនៅឋាន ផ្ទះលំហែកាយ និងរមណីយដ្ឋានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here