ការសិក្សាៈគម្រោងលំនៅឋានសរុប២ម៉ឺនខ្នងបានបញ្ចប់នៅក្នុងទីផ្សារកាលពីឆ្នាំមុន

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានៅតែបន្តទៅមុខដោយរលូន ទោះបីជាមានការរំខាន ដោយសារតែកូវីដ១៩ក្ដី ក្នុងការអភិវឌ្ឍលំនៅឋានឃើញថា រីកសាយទៅជាយៗរាជធានីភ្នំពេញ ដោយគម្រោងខ្លះទទួលបានការគាំទ្រពីពលរដ្ឋ និងគម្រោងខ្លះទៀតក៏មិនសូវមានការគាំទ្រ។

យោងតាមការសិក្សាពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅ គម្រោងអភិវឌ្ឍន៍លំនៅឋានមានចំនួន៦២គម្រោង និងមានចំនួនផ្ទះសរុបជាង២ម៉ឺនខ្នង សម្រាប់បំពេញតម្រូវការអតិថិជន ដែលមានតម្រូវការជាក់ស្ដែង ។

លោកឡុង គឹមសួគ៌ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Advance បានឱ្យដឹងកាលពីរសៀលថ្ងៃទី៣១ មិនាថា គម្រោងលំនៅឋាន ដែលមានការកែច្នៃទៅតាមទីផ្សារជាក់ស្ដែង នៅតែបន្តទទួលបានការគាំទ្រ ជាពិសេសទៅលើទីតាំងសក្ដានុពល ដូចជា មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើងត្រឹមត្រូវ ។

អ្នកទិញលំនៅឋាន នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺទទួលបានលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល ដូច្នេះទើបធ្វើឱ្យការទិញលក់លំនៅឋាន នៅតែបន្តហើយការអភិវឌ្ឍន៍ នៅតែចាប់ផ្ដើមថ្មីៗ។

លោកបន្តថា អ្នកអភិវឌ្ឍន៍ខ្លះ ដែលបានចាប់ផ្ដើមគម្រោងរបស់ខ្លួន ទោះបីជាមិនទាន់លក់ដាច់នៅពេលនេះ ក៏អាចបន្តការងារសំណង់របស់ខ្លួន និងទុកសម្រាប់ផ្គត់ផ្គង់នៅពេលអនាគត ដោយរក្សាទុកការអភិវឌ្ឍ ដើម្បីជួយដល់បុគ្គលិក និងក្រុមហ៊ុនបន្តដំណើរការទៅមុខទោះស្ថិតនៅក្នុងវិបត្តិ ។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ក៏បានបង្ហាញ ថាក្នុងចំណោមគម្រោងសំណង់ដែលបានអនុម័តក្នុងឆ្នាំ២០២១កន្លងទៅ មានគម្រោងអភិវឌ្ឍន៍លំនៅឋាន ស្ទើរតែពាក់កណ្ដាលទៅហើយ កម្ចីសម្រាប់ទិញលំនៅឋានគិតត្រឹមចុងឆ្នាំ២០២១។

ទំហំទុនវិនិយោគក្នុងវិស័យនេះ មានទឹកប្រាក់រហូតដល់ជាង៥ពាន់លានដុល្លារអាមេរិក ដែលបង្ហាញពីតម្រូវការលំនៅឋានក្នុងឆ្នាំកន្លងទៅនៅតែមានខ្ពស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here