លោកកាំង នីន ផ្តើមពីបុគ្គលិកផ្នែកលក់ពាណិជ្ជកម្មកាសែតរហូតក្លាយជានាយកក្រុមហ៊ុនអចលនទ្រព្យមួយ

0

ដោយ: ម៉ាលីស

ភ្នំពេញ: វិស័យអចលនទ្រព្យ បានធ្វើមនុស្សជាច្រើនផ្លាស់ប្តូរជីវភាពនិងមុខមាត់គួរឱ្យកត់សម្គាល់ ហើយក៏មានបុគ្គលជាច្រើនជោគជ័យ និងទទួលបានផលប្រយោជន៍ពីវិស័យនេះដែរ។

លោកកាំង នីន នាយកនៃក្រុមហ៊ុន GC Realty បានផ្តល់កិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property Area កាលពីថ្ងៃ៤ ខែមេសា ឆ្នាំ២០២២ អោយដឹងថា ដំបូងឡើយលោក គឺជាអ្នកលក់ពាណិជ្ជកម្មជូនកាសែតក្នុងស្រុកមួយជាភាសាចិន ជាពិសេសលក់ជូនភ្ញៀវជនជាតិចិន  ហើយលោកត្រូវជិះម៉ូតូទៅជួបភ្ញៀវ និងប្រមូលលុយពីភ្ញៀវ នៅតាមរោងចក្រ ពីព្រោះអតិថិជនរបស់លោកជាថៅកែរោងចក្រ។
   

លោកបន្តថា “កាលពីប្រហែល១០ឆ្នាំមុន ខ្ញុំចូលប្រលោកក្នុងវិស័យការងា​រដំបូងត្រឹមជាបុគ្គលិកផ្នែកលក់ ដែលមានប្រាក់ខែត្រឹមតែ១៥០ដុល្លារ “។លោកបន្តថា “ការងាររបស់ខ្ញុំពេលនោះ គឺធ្វើនៅខាងវិស័យសារពត៍មានចិន គឺផ្នែករកទីផ្សារ ដើម្បីដាក់ពាណិជ្ជកម្មឲ្យកាសែតចិនមួយ ហើយខណៈនោះលោកមានត្រឹមម៉ូតូជិះទៅជួបភ្ញៀវ ទាំងហាលខ្យល់ហាលភ្លៀងប៉ុណ្ណោះ”។

លោកកាំង នីនបានបន្តថា នៅក្នុងអំឡុងឆ្នាំ២០១៧ ឬ២០១៨ វិស័យអចលនទ្រព្យ ជាពិសេសវិស័យខុនដូបានរីកកាន់តែខ្លាំង លោកក៏បានមើលឃើញឱកាសនៅក្នុងវិស័យអចលនទ្រព្យ និងចាប់ផ្ដើមជាអ្នកលក់និងបន្តអភិវឌ្ឍន៍ខ្លួន ដោយបានចាប់ផ្ដើមអាជីពក្នុងវិស័យខុនដូ ។

ដោយសារតែ លោកជាអ្នកតស៊ូ និងជាអ្នកលក់ដ៏ពូកែ ដែលកាលនោះ ៨០%នៃចំណូលក្រុមហ៊ុនទាំងមូល គឺលោកជាអ្នករកជូនក្រុមហ៊ុន រហូតដល់ម្ចាស់ក្រុមហ៊ុនបានចែកហ៊ុនមួយ ចំណែកមកអោយលោកកាន់ផងដែរ។

រហូតដល់ឆ្នាំ២០២០ លោកក៏បានជួបជាមួយនឹងម្ចាស់ក្រុមហ៊ុន GCCហើយក៏បានផ្អាកការងារពីកន្លែងចាស់ និងបានជួបជាមួយប្រធានក្រុមប្រឹក្សាភិបាលនិងម្ចាស់ក្រុមហ៊ុន គ្រោងនឹងក៏បានបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយដូចសព្វថ្ងៃ។

លោក កាំង នីន បានផ្លាស់ប្តូរនូវតួនាទី មុខដំណែងក្នុងសង្គម យ៉ាងលឿន គឺពីបុគ្គលិកផ្នែកលក់សេវាផ្សព្វផ្សាយ ពាណិជ្ជកម្មលើកាសែត ទៅជានាយកនៃក្រុមហ៊ុនអចលនទ្រព្យ ហើយលោកនៅតែបន្តអភិវឌ្ឍន៍ខ្លួនទៅមុខបន្ថែមទៀតឥតឈប់ឈរ។

លោកបន្ថែមថា “បុគ្គលដែលចង់ជោគជ័យ គួរតែចេះអភិវឌ្ឍន៍ខ្លួន មិនគួរនៅនឹងមួយកន្លែងនោះទេ ហើយបើសិនយើងមិនអភិវឌ្ឍន៍ មិនផ្លាស់ប្តូរ នោះ យើងក៏មិនមានការរីកចម្រើន មិនទទួលបានផ្លែផ្កានោះដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here