មហាយក្សចិន ផលិតយន្តហោះល្បឿនលឿនជាងសំឡេងដែលហោះពីសៀងហៃទៅញូវយ៉កប្រើពេលត្រឹមតែ២ម៉ោង

0

ដោយៈសុខុម

អន្តរជាតិ: តើវាអាចទៅរួចឬទេ ដែលការធ្វើដំណើរពីក្រុងសៀងហៃ ប្រទេសចិន ឆ្ពោះទៅកាន់ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងចម្ងាយផ្លូវរហូតដល់ទៅ១១.៨៥១គីឡូម៉ែត្រ ដោយប្រើពលត្រឹមតែ២ម៉ោង?។

ចម្លើយគឺអាចទៅរួច នៅពេលអ្នកធ្វើដំណើរតាមយន្តហោះ ដែលមានល្បឿនលឿនជាងសំឡេង។

យោងតាមសារព័ត៌មានCNN ចុះផ្សាយនៅថ្ងៃអង្គារ ទី៥ ខែមេសា នេះឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនទៅកាន់អវកាស Space Transportation (ចិនហៅថា Lingkong Tianxing) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន មានមហិច្ឆតាធំ ចង់ធ្វើឱ្យការរំពឹងទុកនេះក្លាយជាការពិត តាមរយៈការអភិវឌ្ឍយន្តហោះដឹកអ្នកដំណើរ ល្បឿនលឿនជាងសំឡេង ដែលលឿនជាងយន្តហោះបារាំង-អង់គ្លេស Concorde លើស២ដង។

ក្រុមហ៊ុននេះបានបញ្ចេញវីដេអួគំនូរជីវចល (Animated Video) បង្ហាញពីសកម្មភាពអ្នកដំណើរ ដែលមិនតម្រូវឱ្យពាក់មួកសុវត្ថិភាព ឬអាវអវកាស) ជិះក្នុងយន្តហោះអវកាស (Space Plane) ១២កៅអីដែលមានរ៉ុក្កែតជំរុញល្បឿនយ៉ាងធំ២។

យន្តហោះនេះ គឺត្រូវបាញ់បង្ហោះក្នុងសណ្ឋានបញ្ឈរ ចូលទៅក្នុងបរិ យាកាសដូចយានអវកាសដែរ ហើយនៅពេលទៅដល់រយៈកម្ពស់ ដែលយន្តហោះដឹកអ្នកដំណើរទូទៅហោះហើរ យន្តហោះនេះនឹងបំបែកខ្លួនចេញពីរ៉ុក្កែតជំរុញល្បឿន ហើយវានឹងបង្កើនល្បឿនហោះហើរ ដល់ទៅ៧.០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលទៅដល់គោលដៅ វានឹងចុះចតក្នុងសណ្ឋានបញ្ឈរ ដោយមានជំនួយពីជើងទម្រ ដែលមានជើង៣ដូចជើងកាមេរ៉ា។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Space Transportation បានឲ្យដឹងថា ក្រុមហ៊ុននេះមានគោលបំណងបាញ់បង្ហោះយន្តហោះអវកាសនេះ សាកល្បងជាលើកដំបូងរបស់ខ្លួន សម្រាប់គោលបំណងទេសចរណ៍នៅត្រឹមឆ្នាំ២០២៥ មុននឹងឈានដល់ការហោះហើរពេញលេញ សម្រាប់គោលបំណងអាជីវកម្មនៅត្រឹមឆ្នាំ២០៣០។

ប្រសិនបើអ្វីៗបានសម្រេចដូចការគ្រោងទុកមែន គំនិតផ្តួចផ្តើមនេះនឹងជួយជំរុញមហិច្ឆតារបស់ប្រទេសចិន នៅក្នុងការដណ្ដើមចំណែកទីផ្សារទេសចរណ៍ទៅកាន់អវកាស ដែលទទួលបានប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែល ព្រមទាំងប្រើយន្តហោះល្បឿនលឿន ជាងសំឡេងសម្រាប់ដឹកអ្នកដំណើរជាពាណិជ្ជករផងដែរ ហើយមហិច្ឆតានេះត្រូវបានគាំទ្រពីបណ្ដាវិនិយោគិនធំៗនៅក្នុងប្រទេសចិន៕  CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here