អាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ពេលធនាគារកណ្ដាលរបស់ខ្លួនដំឡើងអត្រាការប្រាក់កាន់តែខ្ពស់

0

ដោយៈសុខុម

អន្តរជាតិ: អ្នកជំនាញសេដ្ឋកិច្ច David Folkerts-Landau និង Peter Hooper ប្រចាំធនាគារអាល្លឺម៉ង់ Deutsche Bank លើកឡើងក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារ ទី៥ ខែមេសា ថា អាមេរិក នឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច នៅឆ្នាំក្រោយ នៅពេលធនាគារកណ្តាល Federal Reserve របស់ខ្លួនដំឡើងអត្រាការប្រាក់ ដើម្បីទប់អតិផរណាដែលហក់ឡើងកាន់តែខ្ពស់ និងរីកកាន់តែធំ។

យោងតាមសារព័ត៌មាន South China Morning Post ដែលចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែមេសា នេះឱ្យដឹងថា អ្នកជំនាញសេដ្ឋកិច្ចទាំងនេះមើលឃើញថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ចំនួន៥០ពិន្ទុនៅឯកិច្ចប្រជុំនីមួយៗ ក្នុងចំណោមកិច្ចប្រជុំបន្ទាប់ចំនួន៣ នឹងធ្វើឱ្យអត្រាការប្រាក់ឡើងខ្ពស់ លើសពី៣,៥%នៅពាក់កណ្តាលឆ្នាំក្រោយ។

ធនាគារ Deutsche Bank ស្ថិតក្នុងចំណោមធនាគារធំៗដំបូងគេ ដែលបានព្យាករពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារអាមេរិក Goldman Sachs Group ដែលដឹកនាំដោយលោក Jan Hatzius បានលើកឡើងក្នុងរបាយការណ៍មួយ កាលពីថ្ងៃច័ន្ទ ទី៤ ខែមេសា ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះគឺ “ពិបាកនឹងជៀសផុតណាស់”។

បន្ថែមពីលើការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក ធនាគារ Deutsche Bank ព្យាណករណ៍ថា ធនាគារកណ្ដាលអាមេរិក នឹងកាត់បន្ថយតារាងតុល្យការ (Balance Sheet) ៨,៩ទ្រីលានដុល្លារ របស់ខ្លួនជិត២ទ្រីលានដុល្លារ នៅដំណាច់ឆ្នាំក្រោយដែលស្មើនឹងការកើនឡើង៣ ឬ៤ពិន្ទុបន្ថែមទៀត។

អ្នកជំនាញសេដ្ឋកិច្ច David Folkerts-Landau និង Peter Hooper ប្រចាំធនាគារ Deutsche Bank បានសរសេរនៅក្នុងរបាយការណ៍នោះថា “សេដ្ឋកិច្ចអាមេរិក នឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការរឹតបន្តឹងកាន់តែខ្លាំងដោយធនាគារកណ្ដាល នៅចុងឆ្នាំក្រោយ និងដើមឆ្នាំ២០២៤”។

នៅក្រោមការព្យាករនេះ អត្រាគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក នឹងកើនឡើងយ៉ាងខ្លាំង រហូតដល់៤,៩%នៅឆ្នាំ២០២៤ ខណៈអត្រាគ្មានការងារធ្វើក្នុងខែមីនា មាន៣,៦%។

ខណៈធនាគារ Deutsche Bank ស្ថិតក្នុងចំណោមធនាគារធំៗដំបូងគេ ដែលព្យាករពីវិបត្តិសេដ្ឋកិច្ច អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើនទៀត ក៏បង្ហាញទស្សនៈស្រដៀងគ្នាដែរថា ការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិក ទំនងជាកើតមានឡើង នៅពេលធនាគារកណ្ដាលអាមេរិក រឹតបន្តឹងការផ្ដល់ឥណទាន។ នេះបើយោងតាមការស្ទង់មតិមួយ ដែលសារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានធ្វើឡើងកាលពីពេលថ្មីៗនេះ៕  South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here