ដោយ៖ សុខុម
វ៉ាស៊ីនតោន: អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានប្រកាសច្បាស់ៗ នៅថ្ងៃពុធ ទី៦ ខែមេសាថា ទណ្ឌកម្មលើរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន គួរតែជាមេរៀនដ៏ល្អ ដើម្បីឱ្យមហាយក្សចិន “យល់ច្បាស់” ពីផលវិបាកដែលខ្លួនប្រឈម ប្រសិនបើហ៊ានផ្តល់ជំនួយគាំទ្រដល់ទីក្រុងមូស្គូ។
បើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០៧ ខែមេសានេះបានឱ្យដឹងថា លោកស្រី Wendy Sherman លើកឡើងថា ទណ្ឌកម្មធ្ងន់ធ្ងរជាបន្តបន្ទាប់ និងការរឹតបន្តឹងការនាំចេញក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក ប្រឆាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សេដ្ឋកិច្ចរុស្ស៊ី និងក្រុមមេដឹកនាំជាន់ខ្ពស់ ព្រមទាំងមហាសេដ្ឋីរុស្ស៊ី គួរតែធ្វើជាគំរូសម្រាប់មេដឹកនាំចិនលោក ស៊ី ជីនភីង។
ក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក លោកស្រី Wendy Sherman បានលើកឡើងថា “ខ្ញុំយល់ថា វានឹងធ្វើឱ្យប្រធានាធិបតី ស៊ី ជីនភីង យល់ច្បាស់ពីអ្វីដែលលោកប្រឈម ប្រសិនបើហ៊ានគាំទ្រលោកពូទីនក្នុងទម្រង់សម្ភារៈណាមួយ”។
លោកស្រីបានបន្ថែមទៀតថា រដ្ឋាភិបាលក្រុងប៉េកាំងគួរតែ “ទទួលយកមេរៀនដ៏ត្រឹមត្រូវ” ពីការឆ្លើយតបរួមគ្នារបស់លោកខាងលិច ចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយថា រាល់ចំណាត់ការណាមួយរបស់មហាយក្សចិន ដើម្បីវាយដណ្តើមកាន់កាប់កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនឹងមិនអាចទទួលយកបានឡើយ។
លោកស្រីបានលើកឡើងបន្តទៀតថា “យើងសង្ឃឹមថា សាធារណរដ្ឋប្រជាមានិតចិនយល់ថា ចំណាត់ការណាមួយបែបនេះនឹងទទួលបានការឆ្លើយតបពីសហគមន៍អន្តរជាតិ ដែលមិនត្រឹមតែមកពីសហរដ្ឋអាមេរិក មួយនោះឡើយ”៕