ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា ក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិចំនួន៤៤ បានឈានជើងចូលទីផ្សារកម្ពុជា នៅដើមត្រីមាសទី១ឆ្នាំ២០២២នេះ។
យោងតាមការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមហ៊ុនCBRE Cambodia បានបង្ហាញថា ចំនួនអ្នកដើរផ្សារទំនើបក្នុងត្រីមាសទី១ ឆ្នាំនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ លើសកម្រិតមូលដ្ឋានមុនកូវីដហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបើកឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងខែវិច្ឆិកាឆ្នាំមុន។
ការសិក្សាដដែលបានកត់សគំគាល់ថា ”ការកើនឡើងនៃអ្នកដើរផ្សារនេះ គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញ នៃវិស័យលក់រាយរបស់កម្ពុជា”។របាយការណ៍បានបន្ថែមថា “លើសពីនេះ សញ្ញាវិជ្ជមានមួយទៀតក្នុងឆ្នាំមាសថ្មីនេះ គឺការចូលមកនៃម៉ាកយីហោថ្មីចំនួន៤៤ ក្នុងនោះក្រុមហ៊ុនចំនួន៦ជាក្រុមហ៊ុនអន្តរជាតិ ចំណែក៣៨ផ្សេងទៀតគឺជាប្រេនស្រុក។
របាយការណ៍របស់CBRE បានបន្តឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងមូលដ្ឋាន និងដូសជំរុញ បានផ្តល់ទំនុកចិត្តដល់អតិថិជន ក្នុងការដើរកម្សាន្ត និងការទិញឥវ៉ាន់នៅផ្សារទំនើបនានា។ បន្ថែមពីលើនេះ ជាមួយនឹងការងើបឡើងវិញវិស័យទេសចរណ៍ បានក្លាយជាការជំរុញឱ្យទីផ្សារលក់រាយងើបឡើងវិញផងដែរ។
ទោះជាយ៉ាងណា អត្រាជួលនៅតាមទីកន្លែងលក់រាយនានា នៅតែរងសម្ពាធ ដោយអត្រាជួលតូបក្នុងផ្សារទំនើបនានា គ្របដណ្តប់ត្រឹមតែ៦៦,៦%ប៉ុណ្ណោះនៃទំហំផ្សារទំនើបទាំងអស់។ តម្លៃជួលសម្រាប់Prime High street និងផ្សារបែបសហគមន៍ក៏ធ្លាក់ចុះ ៦,៨ភាគរយ និង១,៦ភាគរយរៀងៗគ្នា៕