និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចំាចេញអាជ្ញាប័ណ្ណជូនហ៊ុនអភិវឌ្ឍន៍លំនៅឋានជាង៤០០គម្រោង

0

  ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២២នេះ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានចេញអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចំនួន៤២៣គម្រោង ។ នេះបើតាមលោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី៧ មេសាម្សិលម៉ិញនេះថា ក្នុងចំណោមគម្រោងទាំង៤២៣គម្រោង ដែលនិយ័តករបានចេញអាជ្ញាបណ្ណធ្វើអាជីវកម្ម មានក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះល្វែងចំនួន២១គម្រោង បុរីមានចំនួនជាង២០០គម្រោង អគារសហកម្មសិទ្ធិមានចំនួន ជាង១៥០គម្រោង ផ្សារមានចំនួន២គម្រោង គម្រោងចម្រុះមាន២៤គម្រោង និងគម្រោងដីឡូត៏មានចំនួន២គម្រោង ។

លោកបន្តថា ក្នុងនាមជានិយ័តករអាជីវកម្មអចលនវត្ថុ និងទ្រព្យបញ្ចាំបានខិតខំរៀបចំតាក់តែងបទបញ្ញត្តិនានា ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តរភាពស្របទៅតាមការវិត្តន៍ និងសភាពការណ៍ជាក់ស្ដែង នៅក្នុងវិស័យអចល​នទ្រព្យនេះ”។ លោកបន្តថា “ទាំងនេះគឺជាកិច្ចការអាទិភាពមួយ និងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអចលនវត្ថុ ដើម្បីតម្រង់ទិសប្រតិបត្តិករអចលនវត្ថុកម្ពុជាឱ្យកាន់តែប្រសើរ មានគុណភាព និងទទួលបាននូវសេចក្ដីថ្លៃថ្នូរ ដើម្បីឈានទៅដល់ការជឿទុកចិត្តពីអតិថិជន”។

លោកជូ វណ្ណៈបានបន្ថែមថា ក្នុងរយៈ២ទសវត្សរ៍កន្លងទៅនេះ កម្ពុជាបានសម្រេចកំណើន សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងកម្រិត៧ភាគរយ ក្នុងមួយឆ្នាំ និងធ្វើឱ្យប្រទេសកម្ពុជាផ្លាស់ប្តូរ ពីប្រទេសមានចំណូលទាបទៅប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ។

ជាមួយគ្នានេះ លោកលី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងផងដែរថា កំណើនប្រជាជននៅរាជធានីភ្នំពេញនិងទីប្រុជុំជននានា នឹងបន្តមានកំណើនឡើងជាបន្តបន្ទាប់ នៅពេលអនាគតខាងមុខ ដែលធ្វើឱ្យមានតម្រូវការលំនៅឋានដូចគ្នានោះដែរ និងទាមទារឱ្យមានការវិនិយោគ សម្រាប់ផ្គត់ផ្គង់នៅពេលអនាគត ។

ចំណែកលោកគាម សៀកឡុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property បានឡើងលើកផងដែរថា ការអភិវឌ្ឍលំនៅឋាន នៅក្នុងរាជធានីភ្នំពេញពេលនេះ មិនប្រា​កដថាបំពេញតម្រូវការនៅពេលនេះទេ តែអាចជាការបំពេញតម្រូវការនៅពេលអនាគត ដូច្នេះហើយទើបក្នុងវិបត្តិយ៉ាងនេះក្ដី ក៏អ្នកអភិវឌ្ឍន៍លំនៅឋាននៅតែបន្តសកម្មភាពរបស់ខ្លួនដោយរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here