ដោយៈសុផារី
ភ្នំពេញៈ ស្របពេលប្រទេសកម្ពុជាមានការអភិវឌ្ឍ ហើយទីក្រុងភ្នំពេញកាន់តែរីកធំឡើងៗ តម្រូវការលំនៅដ្ឋាន រួមមាន បុរីនិងខុនដូ ក៏កំពុងតែកើនឡើងខ្ពស់ខ្លាំងផងដែរ ដែលធ្វើឲ្យតម្រូវការខុនដូ នឹងក្លាយជាតម្រូវការប្រជាជនកម្ពុជាចម្បង របស់ប្រជាជនកម្ពុជានាពេលអនាគត។
អ្នកជំនាញពីទីផ្សារខុនដូបានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានចំណូលមធ្យម នឺងមាននិន្នាការទិញផ្ទះរស់នៅតែម្ដង ដោយសារគាត់នឹងទទួលបានទាំងដី ទាំងផ្ទះ។ ប៉ុន្តែនៅពេលដែលគាត់ចង់បានផ្ទះ ផ្ទះនៅក្នុងក្រុងមានតម្លៃថ្លៃទៅហើយ។ ដូច្នេះប្រសិនបើគាត់ចង់រស់នៅក្នុងក្រុង គាត់ត្រូវដូរនិន្នាការមករស់នៅខុនដូ។
អ្នកជំនាញដដែលបានលើកឡើងថា “អញ្ចឹងតម្រូវការនៅពេលអនាគត ខ្ញុំជឿថាបើទោះបីជាពេលបច្ចុប្បន្នខុនដូ មិនមែនជាតម្រូវការធំ នៅក្នុងប្រទេសកម្ពុជាយើងក្តី ប៉ុន្តែនាពេលអនាគតខុនដូ នឹងក្លាយទៅជាតម្រូវការខ្ពស់ នៅក្នុងប្រទេសកម្ពុជាយើង”។
តម្រូវការរបស់ប្រជាពលរដ្ឋយើង គឺត្រូវការខុនដូនាពេលអនាគត ដោយសារប្រទេសកាន់តែរីកចម្រើន ទីក្រុងកាន់តែធំ ការកកស្ទះកាន់តែខ្លាំង មនុស្សយើងមិនចង់ខាតបង់ពេលវេលា ធ្វើដំណើរឆ្ងាយជាយក្រុងមកកាន់រាជធានីភ្នំពេញ ចំណាយពេលមួយម៉ោងពីរម៉ោង។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា នៅឆ្នាំ២០៣០ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងដល់៤,៥ទៅ៥លាននាក់ ដែលធ្វើឲ្យមានការប្រែប្រួលលើផ្នែកសំខាន់ៗជាច្រើនរួមមាន ទី១ កំណើនតម្លៃអចលនទ្រព្យនឹងកើនខ្ពស់ នៅក្នុងទីក្រុង ដែលអ្នកមានចំណូលមធ្យម ពិបាកស្វែងរកលទ្ឋភាពទិញផ្ទះក្នុងទីក្រុង ទី២ កំណើននៃការកកស្ទះចរាចរណ៍ នឹងកើនឡើង ដែលធ្វើឲ្យការចំណាយពេលលើការធ្វើដំណើរកាន់តែយូរ។
ទី៣ ការរីកចម្រើនបច្ចេកវិទ្យា នឹងធ្វើឲ្យគុណភាពជីវិតប្រសើរឡើង ពិសេសទីផ្សារខុនដូនឹងមានតម្រូវការខ្ពស់ ដោយសារខុនដូមានសេវាកម្មពេញលេញ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ដ ឱ្យអ្នកវិនិយោគផ្ទះឬខុនដូ ដោយសារផ្ទះនិងខុនដូ ផ្តល់នូវលំហូរសាច់ប្រាក់ប្រចាំខែ ដោយលោកបានណែនាំថា ប្រសិនបើយើងមិននៅ យើងអាចជួយបាន ដោយមិនមានការប្រឈមមុខនឹងហានិភ័យធំ កុំឱ្យការវិនិយោគលើអចលនទ្រព្យជារឿងដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាព។
លោកថា “អត្ថប្រយោជន៍នៃការរង់នៅខុនដូ មានដូចជាការរស់នៅក្នុងសហគមន៍ប្រជាជន ដែលមានជីវភាពប្រហាក់ប្រហែលគ្នា បរិយាកាសល្អ ទីធ្លាទូលាយ មានអាងហែលទឹក កន្លែងហាត់ប្រាណ និងផ្តល់ភាពងាយស្រួលផ្សេងៗ ជាដើម”។
ជាមួយគ្នានេះ អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia យល់ឃើញថា និន្នាការរបស់ប្រជាជនខ្មែរ ចាប់ផ្ដើមវិនិយោគទៅលើខុនដូច្រើន។
លោកស្រីបន្តថា ដោយសារឥឡូវទីផ្សារខុនដូ ផ្ដោតទៅលើប្រជាជនខ្មែរ ដូច្នេះអ្នកអភិវឌ្ឍន៍ចាប់ផ្តើម រៀបចំផែនការឱ្យអតិថិជនខ្មែរនិងវិនិយោគិនខ្មែរទិញខុនដូបាន មានដូចជា ការបង់ប្រាក់ដែលមានភាពងាយស្រួល ការជួយសម្រួលកម្ចីពីធនាគារ អញ្ចឹងឥឡូវអ្នកវិនិយោគ ទៅលើខុនដូអាចទទួលបាននូវកម្ចីពីធនាគារ ដែលវាខុសពីកាលពីរបីឆ្នាំមុន ដែលខុនដូមិនមានកម្ចីពីធនាគារទេ។
មូលហេតុផ្សេងៗទៀតមាន ដូចជា ទីក្រុងនឹងត្រូវពង្រីក ការរស់នៅក្នុងខុនដូមានភាពងាយស្រួល ដោយសារខុនដូភាគច្រើន មានទីតាំងនៅក្នុងក្រុង ទំនើប តម្លៃសមរម្យ ដែលយើងអាចរកទិញបាន ក្នុងចន្លោះតម្លៃ៥ ម៉ឺនទៅ ១៥ម៉ឺនសម្រាប់ខុនដូមួយបន្ទប់ ដែលតម្លៃនេះមិនអាចស្វែងរកផ្ទះលំនៅដ្ឋានជាប់ដីក្នុងក្រុងបានទេ។
ការចេញចូលមានភាពងាយស្រួល មានបរិក្ខារស់នៅសព្វមុខនៅក្នុងខុនដូ មានភាពងាយស្រួលថែទាំ។ បើប្រៀបធៀបខុនដូជាមួយនឹងផ្ទាល់ដី គឺវាមានការចំណាយ ក្នុងការថែទាំតិចជាង មានភាពងាយស្រួលជាពិសេសសម្រាប់គ្រួសារថ្មី។
ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA ក៏មានប្រសាសន៍ថា ប្រជាជនកម្ពុជាចាប់ផ្តើម មានការពេញនិយមទាំងការរស់នៅនិងការវិនិយោគ ដោយសារគាត់សម្លឹងមើលផលចំណេញបានពីការវិនិយោគលើខុនដូ និងភាពងាយស្រួលក្នុងការរស់នៅ ព្រោះខុនដូភាគច្រើន ត្រូវបានសាងសង់ក្នុងទីតាំងល្អ ដែលបានជួយសម្រួលនិងផ្តល់ភាពដល់ការធ្វើដំណើរ ព្រមទាំងមាន Facility amenity ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ៕