មហាយក្សចិននឹងបង្កើនការគាំទ្រគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ខណៈហានិភ័យកើនឡើង

0

ដោយៈសុខុម

ប៉េកាំង: ប្រទេសចិននឹងបង្កើនការគាំទ្រ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ខណៈការផ្ទុះឡើងវិញនូវការរីករាលវីរុសកូវីដ-១៩ ក្នុងស្រុក និងវិបត្តិសង្រ្គាមអ៊ុយក្រែន បានបណ្ដាលឱ្យហានិភ័យមានកាន់តែច្រើន។

គណៈកម្មាធិការមជ្ឈិមបក្ស ដែលស្ថាប័នធ្វើសេចក្ដីសម្រេចកំពូលនៃបក្សកុម្មុយនីស្តចិន បាននិយាយក្នុងកិច្ចប្រជុំក្រោមអធិបតីភាពប្រធានា​ធិបតី ស៊ី ជីនភីង នៅថ្ងៃសុក្រ ទី២៩ ខែមេសា នេះថា ប្រទេសចិន នឹងអនុម័តកញ្ចប់គោលនយោបាយ ដើម្បីជួយដល់ឧស្សាហកម្ម និងក្រុមហ៊ុនតូចៗដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩។ នេះបើយោងតាមប្រព័ន្ធផ្សព្វ​ផ្សា​យរដ្ឋ។

គណៈកម្មាធិការនេះលើកឡើងថា “វិបត្តិកូវីដ-១៩ និងវិបត្តិអ៊ុយក្រែន បានបណ្ដាលឱ្យហានិភ័យ និងបញ្ហាប្រឈមកើនឡើង។ ភាពស្មុគស្មាញ ភាពធ្ងន់ធ្ងរ និងភាពមិនច្បាស់លាស់ នៃបរិយាកាសអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស ចិនបានកើនឡើង”។

គណៈកម្មាធិការនេះបានបន្ថែមទៀតថា “ការរក្សាស្ថិរភាពកំណើន ការងារ និងតម្លៃទំនិញកំពុងជួបបញ្ហាប្រឈមថ្មីៗ។ ការធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយវាមានប្រសិទ្ធភាពការពារ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន”។

ទីផ្សារហិរញ្ញវត្ថុនានា បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ដោយសារការភ័យខ្លាចថា ការបិទខ្ទប់នៅក្នុងប្រទេសចិន នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់មហាអំណាចមួយនេះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្អាក់ការងើបឡើង នៃសេដ្ឋកិច្ចពិភពលោកទៀតផង ខណៈប្រទេសជាច្រើនកំពុងងើបឡើងវិញ ពីការដាំក្បាលចុះដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។

ទោះជាយ៉ាងណា គណៈកម្មាធិការនេះអះអាងថា អាជ្ញាធរនឹងបន្តអនុវត្តគោលនយោបាយគ្មានកូវីដ-១៩ ដាច់ខាតដ៏ចម្រូងចម្រាសដើម្បីគ្រប់គ្រងការផ្ទុះឡើងវិញ នូវការរីករាលដាលវីរុសនេះ ហើយទន្ទឹមនេះ ក៏នឹងប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់របស់វាមកលើសេដ្ឋកិច្ចផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here