ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ មកដល់ដំណាច់ត្រីមាសទី១ នៃឆ្នាំ២០២២នេះទៅហើយ ស្ថានភាពនៃវិស័យអចលនវត្ថុ ក្នុងប្រទេសកម្ពុជានៅតែមិនទាន់មានភាពច្បាស់លាស់ថា នឹងមានកំណើនឡើងវិញ ឬបន្តមានបញ្ហាដោយសារតែវិបត្តិនៃកូវីដនិងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ ។
ការណ៍នេះ អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជា បានប្រាប់ឱ្យអ្នកវិនិយោគបង្កើនការប្រុងប្រយ័ត្នមុនបណ្ដាក់ទុនវិនិយោគ ។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLuckyបានមានប្រសាសន៍ក្នុងកម្មវិធី មួយកាលពីពេលថ្មីៗនេះឱ្យដឹងថា មកដល់ពេលនេះទាំងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងៗទៀត កំពុងតែជួបនឹងបញ្ហាប្រឈមដូចគ្នាទាំងវិបត្តិកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកបានជួបប្រទះ នឹងបញ្ហាប្រឈមមួយកម្រិតទៀត ។
លោកបន្តថា “ផលប៉ះពាល់ទៅលើសេដ្ឋកិច្ច ដែលចម្បងគឺតម្លៃនៃការដឹកជញ្ជូនមានការឡើងថ្លៃខ្ពស់ ដោសារតែតម្លៃប្រេងបានឡើងថ្លៃ ហើយការឡើងថ្លៃនៃ តម្លៃដឹកជញ្ជូននេះដែរ បានធ្វើឱ្យទំនិញនិងសម្ភារៈមួយចំនួនបានឡើងថ្លៃដូចគ្នា ក្នុងនោះសម្ភារៈសំណង់ ដែលត្រូវយកមកសាងសង់ក៏ត្រូវឡើងថ្លៃដែរ ដែលជាផលពិបាកសម្រាប់អ្នកវិនិយោគនៅកម្ពុជា”។
លោកបន្តទៀតថា ក្រៅពីបញ្ហានេះ ក៏មានកត្តាមួយចំនួនទៀតដែលជាចំណុចពិចារណា ទៅដល់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ ដូចយើងបានដឹងហើយថា កម្ពុជាយើងពឹងផ្អែកទៅលើវិនិយោគិនចិន នាពេលកន្លងមកថា ហើយបើទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសបានធូរស្រាលហើយក្តី តែតំបន់មួយចំនួនក្នុងប្រទេសចិនក៏បន្តបិទខ្ទប់ ដោយសារតែការរាលដាលនៃកូវីដ ដូច្នេះ ចិនមិនទាន់អាចចូលកម្ពុជាវិញ បានច្រើននៅឡើយដែរ។
លោកឌឹត ចណ្ណាបានបន្ថែថា នៅក្នុងស្ថានភាពបែបនេះ មុននឹងយើងសម្រេចវិនិយោគ ទៅលើគម្រោងណាមួយក្នុងប្រទេសកម្ពុជា នៅពេលនេះ សូមធ្វើការសិក្សាពីទីផ្សារឱ្យបានលម្អិត ម៉ត់ចត់បន្តិច ពីព្រោះថាបើសិនជាយើងចាប់ខុស ឬដាក់ខុសហើយវាមិនងាយ ឬមិនអាចស្ដារឡើងវិញបានទេ ។ ដូច្នេះមុននឹងសម្រេចចិត្តចាប់ដៃ ឬដាក់ទុនលើខុនដូ ឬគម្រោងណាមួយត្រូវមានការប្រឹក្សាយោបល់ឱ្យច្បាស់លាស់ជាមុនសិន ។
លោកបញ្ជាក់ថា “ក្នុងស្ថានភាពដែលសេដ្ឋកិច្ច មិនមានលំនឹងច្បាស់លាស់ ការវិនិយោគដាក់ទុនកាន់តែធំ ការប្រឈមក៏កាន់តែខ្ពស់ដែរ ហើយមិនត្រូវយកពាក្យថា ហានិភ័យខ្ពស់ ផលចំណេញខ្ពស់ នោះដែរ ( High Risk High Return ) ” ។
យ៉ាងណាក៏ដោយក៏មានវិនិយោគិន និងអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនរំពឹងថា ស្ថានភាពអចលនទ្រព្យ នឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់ ដោយរំពឹងពីរំហូរនៃវិនិយោគិនបរទេសចូលមកកម្ពុជាឡើងវិញ។
ចំណែកមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាវិញ ក៏បានបញ្ចេញសកម្មភាពកាន់តែខ្លាំងក្នុងការទាក់ទាញ វិនិយោគិនបរទេសចូលមកកម្ពុជា ទុនវិនិយោគនៅកម្ពុជា ទៅលើវិស័យនានាដែលមានអាទិភាព ដើម្បីបង្កើតការងារប្រាក់ចំណូលប្រជាជននិងសេដ្ឋកិច្ច ទាំងមូល៕