​តំបន់ផ្លូវ​ជា​សុផារ៉ា កំពុងរីកមុខមាត់លើការ​អភិវឌ្ឍ​ទីផ្សារ​លំនៅឋាន​​

0

ដោយ៖​ សុផារី

ភ្នំពេញ​​​​​ ៖ ​ផ្លូវ​​លេខ​​៥៩៨​​ ដែល​​ត្រូវ​បាន​ស្គាល់ជា​​ទូទៅ​​​​ថា ​ផ្លូវ​ជា​សុផារ៉ា កំពុង​រីក​មុខមាត់លើ​វិស័យ​អចលនទ្រព្យ​​យ៉ាង​ខ្លាំង​ ដោយ​បាន​ប្រែក្លាយ​ពី​តំបន់​​​​ជាយ​ក្រុង​គ្មាន​​មនុស្ស មក​ជា​តំបន់​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កណ្តាល​។​

​​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ផ្លូវ​ជា​សុផារ៉ា ​បាន​ស្រូបយកនូវគម្រោងលំនៅឋាននៃក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ លើគម្រោង​សាង​សង់​​ជា​បុរី​​ អគារ​​ស្នាក់​នៅ​ ការិយា​ល័យ​​ធ្វើ​ការ​​របស់​ស្ថាប័ន​រដ្ឋ​ និង​ឯក​ជន​ ព្រម​ទាំង​​ទីតាំង​​ប្រកប​អាជីវ​កម្ម​នានា​​ ដែល​​​​ធ្វើ​ឱ្យ​ផ្លូវ​​មួយ​ខ្សែ​​នេះ​មាន​ភាព​រីក​ចម្រើន​អ៊ូ​អរ​គួរ​ឱ្យ​កត់​សម្គាល់​។

ជាក់​ស្តែង ​ក្នុង​ពេល​បច្ចុ​ប្បន្ន ផ្លូវ​ជា​សុផារ៉ា ​​ត្រូវបាន​ក្រុម​អ្នក​អភិ​វឌ្ឍន៍​សាង​សង់លំនៅឋាន​ប្រភេទ​​បុរី​ជាច្រើន​ ​​ដូចជា​ បុរី​វិមាន​​ភ្នំពេញ បុរី​ជីប​ ម៉ុង បុរី​ប៉េង ហ៊ួត បុរីភ្នំពេញថ្មី បុរី​វីឡាទួលសង្កែ បុរី​មង្គល​ភ្នំពេញ បុរី​ភ្នំពេញ​សែន​សុខ​ ជាដើម បាន​ជ្រើសរើស​ដើម្បី​អភិវឌ្ឍ​តំបន់​មួយ​នេះ​ឱ្យ​ក្លាយទៅ​ជា​​តំបន់​លំនៅឋាន​យ៉ាងពិត​ប្រាកដ។​ ក្រៅ​ពីនេះ​ គេ​សង្គេត​ឃើញ​មាន​វត្តមាន​អគារ​ខុនដូ​ខ្ពស់ៗ បា​ននិង​កំពុង​​លូត​ខ្ពស់​ត្រដែត​នៅ​លើ​ផ្លូវ​មួយ​នេះ​ផង​ដែរ​ ដូច​ជា គម្រោង​ Vista Condo គម្រោងខុនដូជប៉ុនកម្ពស់ ២៩ជាន់ TV Tower 1 គម្រោង​ផ្សេងៗជាច្រើនទៀត។​

វត្តមាន​នៃ​ផ្សារទំនើប និង​អគារ​ពាណិជ្ជកម្ម​នានា​ក៏បាន​និង​កំពុង​សាងសង់ នៅ​លើ​បណ្តោយ​ផ្លូវ​នេះ​ផងដែរ​ជាពិសេសផ្សារទំនើបជីប ម៉ុង ដ៏ធំ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​នឹង​គម្រោង​បុរី​ជីប ម៉ុង​៥៩៨។​

​ក្រៅ​​ពី​ការ​សាង​សង់​​ជា​បុរី​ និង​ផ្សារទំនើប ក៏​មាន​​ការិយា​ល័យ​ធ្វើ​ការ​របស់​ស្ថាប័ន​រដ្ឋ និង​ឯក​ជន​​ជា​ច្រើន​​ដូច​ជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ​ទីតាំង​ផ្តល់​​ស្លាក​លេខ​​រថយន្ត​របស់​អគ្គនាយក​​ដ្ឋាន​​ដឹក​ជញ្ជូន​​ ស្នងការ​​ដ្ឋាន​នគរ​បាល​​រាជធានី​ភ្នំពេញ ​សាលា​អប់រំ​កាយ និង​កីឡា ក្រុម​ហ៊ុនលីហ៊ួរលីស៊ីង ក្រុម​ហ៊ុន​តូយ៉ូតា ក្រុម​ហ៊ុន​ DKSH ក្រុម​ហ៊ុន​ផលិត​​ទឹក​ប​រិ​សុទ្ធ​​វីតាល់ ជាដើម​។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍នៅថ្ងៃទី០១ ខែឧសភានេះថា ប៉ែកខាងជើងគឺជាតំបន់សក្តានុពលថ្មី សម្រាប់ការអភិវឌ្ឍន៍លំនៅឋាន ជាពិសេសតំបន់លំនៅឋានសម្រាប់អ្នកមានរស់នៅ។

ប្រសិនបើចង់សង់ផ្ទះសម្រាប់អ្នកមានជាន់ថ្មី គឺប៉ែកខាងជើង ប៉ែកខាងអុីអន២ និងក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ព្រោះអ្វីដែលពាក់ព័ន្ធនឹងជីវិតនៃសម័យទំនើបគឺមានទាំងអស់។

តំបន់ក្បែរក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មិនសាកសមនឹងការសាងសង់សំណង់លំនៅដ្ឋានអភិជន ព្រោះតំបន់នេះគឺជាតំបន់អ្នកមានជំនាន់ថ្មី។

លោកបណ្ឌិតមានប្រសាសន៍ថា “បើយើងសាងសង់នៅប៉ែកខាងជើង ក្បែរក្រសួងដែនដី យើងមិនអាចសាងសង់ផ្ទះល្វែងបានទេ គឺត្រូវសង់លំដាប់អភិជន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here