គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១សម្រេចបាន៦០ភាគរយហើយ

0

  ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ស្ថិតក្នុងសង្កា​ត់បាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំ ដែលមានតម្លៃជិត២០០លានដុល្លារសម្រេចបាន៦០ភាគរយហើយ។

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank )។

តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២ ឧសភា ២០២២ ឱ្យដឹងថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែជំហានទី១ រហូតដល់ដំណាច់ខែមីនា២០២២ សម្រេចបាន៦០ភាគរយ ដែលរោងចក្រនេះអាចមានសមត្ថភាព ផលិតទឹកបាន១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលគម្រោងជំហានទី១ ត្រូវបានបែងចែកការដ្ឋានជាបីផ្នែកធំសំខាន់ៗរួមមាន ផ្នែកទី១ ការដ្ឋានសាងសាង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល អាងកូរយឺត-លឿន អាងរងកករ អាងច្រោះ អាងស្តុកទឹក អគារដាក់វត្ថុធាតុដើម អគារក្ល័រ មន្ទីរពិសោធ៍ទឹក ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) ។

ការដ្ឋាននេះសម្រេចបាន ការសាងសង់៥០ភាគរយហើយមកដល់ពេលនេះ  ។

ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖ ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន៥៥ភាគរយ។ ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន២ខ្សែ សម្រេចបាន៤៥ភាគរយ ។

ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖ ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មមម ប្រវែង៧គម សម្រេចបាន៩០ភាគរយ ។ ការ​ងារខួងក្រោមបាតទន្លេសាប ដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម សម្រេចបាន៥០ភាគរយ ។

ចំណែកឯ ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូបក្នុងថ្ងៃ ក៏កំពុងដំណើរការអនុវត្តន៍ ស្របពេលជាមួយគ្នាផងដែរ ដោយបច្ចុប្បន្នការងារសាងសង់រោងចក្រនេះ សម្រេចបានប្រមាណ៣៧ភាគរយ ។

សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប៣៩០.០០០ម៉ែត្រក្នុងមួយថ្ងៃ ត្រូវបានបែងចែកជា២ជំហា​ន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ និង ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers ៕

LEAVE A REPLY

Please enter your comment!
Please enter your name here