សហភាពអឺរ៉ុប បើកកិច្ចប្រជុំបន្ទាន់ ក្រោយរុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័ន ដល់ប៉ូឡូញ និងប៊ុលហ្គារី

0

ដោយៈសុខុម

ព្រុចសែល: ក្រុមរដ្ឋមន្ត្រីថាមពលនៃបណ្ដាប្រទេសសហភាពអឺរ៉ុប បានបើកកិច្ចពិភាក្សាបន្ទាន់នៅថ្ងៃច័ន្ទ ទី២ ខែឧសភា នេះដើម្បីរួបរួមកម្លាំងឆ្លើយតបទៅនឹងក្រុងមូស្គូ ដែលទាមទារឱ្យអឺរ៉ុប ទូទាត់ថ្លៃឧស្ម័នរុស្ស៊ី ជារូបិយប័ណ្ណ Rouble បើមិនចង់ប្រឈមមុខនឹងការកាត់ផ្តាច់ការផ្គត់ផ្គង់។

ប្រទេសរុស្ស៊ី បានផ្អាកការផ្គត់ផ្គង់ឧស្ម័ន ទៅដល់ប្រទេសប៊ុលហ្គារី និងប្រទេសប៉ូឡូញ កាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសទាំងពីរមិនព្រមធ្វើតាមខ្លួន ដែលទាមទារឱ្យពួកគេទូទាត់ជារូបិយប័ណ្ណជាតិរុស្ស៊ី Rouble។

ប្រទេសទាំងនេះ បានរៀបចំផែនការរួចហើយថា នឹងឈប់ប្រើប្រាស់ឧស្ម័នរុស្ស៊ីនៅឆ្នាំនេះ ហើយនិយាយថា ពួកគេអាចដោះស្រាយបញ្ហានេះបាន ប៉ុន្តែវាបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសសហភាពអឺរ៉ុបផ្សេងទៀត រួមទាំងប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតប្រចាំតំបន់អឺរ៉ុបផងដែរនោះ អាចនឹងក្លាយជាប្រទេសបន្ទាប់ឈប់ប្រើប្រាស់ឧស្ម័នរុស្ស៊ី។

ប្រទេសរុស្ស៊ី ក៏បានគំរាមធ្វើការបង្រ្កាបរណសិរ្ស រួបរួមរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ីផងដែរ ស្របពេលបណ្ដាប្រទេសសហភាពអឺរ៉ុប ខ្វែងគំនិតគ្នាលើវិធានការរួបរួមកម្លាំងគ្នាដ៏ត្រឹមត្រូវនេះ។

ដោយក្រុមហ៊ុនអ៊ឺរ៉ុបជាច្រើន នឹងដល់ថ្ងៃកំណត់ត្រូវទូទាត់ថ្លៃឧស្ម័ននៅចុងខែនេះ បណ្ដាប្រទេសសហភាពអឺរ៉ុប ចាំបាច់ណាស់ដែលត្រូវបញ្ជាក់ថា តើក្រុមហ៊ុននានា អាចបន្តទិញឥន្ធនៈរុស្ស៊ី ដោយមិនបំពានទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ឬយ៉ាងណា។

រដ្ឋាភិបាលក្រុងមូស្គូ បានដាក់លក្ខខណ្ឌថា បរទេសដែលជាអ្នកទិញឧស្ម័នរុស្ស៊ី ត្រូវតែដាក់តម្កល់រូបិយប័ណ្ណអឺរ៉ុបឬដុល្លារ ចូលក្នុងគណនីមួយដែលកាន់កាប់ ដោយធនាគារឯកជនរុស្ស៊ីGazprombank ហើយធនាការនេះ នឹងបំប្លែងរូបិយប័ណ្ណទាំងនោះទៅជារូបិយប័ណ្ណ Rouble៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here