BOOYOUNG TOWN តម្លៃ១៦០លានដុល្លារ ត្រៀមប្រកាសលក់គំរោងរបស់ខ្លួន

0

ដោយគង់ សូរិយា

ភ្នំពេញ៖ គំរោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហកម្មសិទ្ឋ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ​BOOYOUNG TOWNតម្លៃ១៦០លានដុល្លារអាមេរិក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ នឹងប្រកាសលក់នាពេលឆាប់ៗខាងមុខនេះ។

ថ្នាក់ដឹកនាំក្រុមហ៊ុន BOOYOUNG TOWN ដែលបដិសេធមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់អាគារចំនួន៤ ដែលមានកំពស់ជាង២០ជាន់ និងរំពឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខនេះ។ គំរោងនេះនឹងប្រកាស​លក់នៅពេលឆាប់ៗនេះ ក្រោយកំឡុងការបោះឆ្នោតសាកលឆ្នាំ២០១៨។លោកបន្តថា គំ​រោងនេះរួមបញ្ចូលមជ្ឈមណ្ឌលពាណិជ្ជកម្ម កំសាន្ត មជ្ឈមណ្ឌលសិល្បៈកំពស់៣ជាន់ ដែលមានផ្ទៃក្រឡាដ៏ធំផងដែរ។

លោកបន្តថា គំរោងនេះមានខុនដូប្រមាណ១៨០០យូនីត ដែលដាក់លក់ដោយ   ផ្តោតលើអតិថិជនគោលដៅបីប្រភេទ គឺអតិថិជនមានជីវភាពមធ្យម អតិថិជនមានជីវភាព​មធ្យមកម្រិតខ្ពស់ និងខុនដូ​ប្រណីតដែលផ្តោតលើអ្នកមានជីវភាពធូរធារខ្លាំង។

Advertisement

បច្ចុប្បន្នក្រុមហ៊ុនបានបញ្ចប់ការស្ថាបនាជាន់ក្រោមដី និងចាប់ផ្តើមសាងសង់ជាន់លើដីបណ្តើរៗហើយ និងរំពឹងបញ្ចប់តាមផែនការ។

BOOYOUNG GROUP ជាក្រុមហ៊ុនយក្សមួយ មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលបានវិនិយោគគំរោងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត។

ទីផ្សារខុនដូបច្ចុប្បន្ននៅកម្ពុជាកំពុងមានកំនើនខ្ពស់ ខណៈតម្រូវការស្ថិតក្នុងសភា​ពយឺតៗនៅឡើយ ប៉ុន្តែខុនដូដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម នៅតែមានការគាំទ្រ ពិសេសប្រជាពលរដ្ឋក្នុងស្រុក។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា ទោះបីជាចំនួនខុនដូដាក់ចូលក្នុងទីផ្សារបន្តកើនឡើងច្រើនក្តី ប៉ុន្តែគំរោងខុនដូដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍មានកេរ្ត៍ឈ្មោះល្បី ជាគំរោងមានភាពទាក់ទាញ និងស្ថិតនៅទីតាំងល្អ នៅតែមានសក្តានុពលក្នុងការលក់នៅឡើយ៕

- Advertisement -

Leave a Reply