ដោយ ប៊ី
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០លានដុល្លារអាមេរិក ដល់ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ JICA។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនេះ ធ្វើឡើងដើម្បីផ្តល់មូលនិធិគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម នៅតាមបណ្តាតំបន់នានាក្នុងប្រទេស។ កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនេះ គឺបានបង្ហាញពីទំនុកចិត្តខ្ពស់ និងភាពជឿជាក់មកលើភាពរឹងមាំរបស់ ហត្ថាកសិករ លីមីតធីត ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម នៅតាមទីជនបទឲ្យកាន់តែមានភាពទូលំទូលាយជាងមុន។
តាមការចុះផ្សាយរបស់ JICA ប្រាក់កម្ចីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រ ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យកាន់តែរីកចម្រើន បង្កើតឱកាសការងារ ធ្វើឲ្យប្រសើរឡើងនូវបរិយាប័នហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមបណ្តាតំបន់ជនបទ ព្រមទាំងកាត់បន្ថយ ភាពក្រីក្រ និងភាពខុសគ្នានៃកំរិតជីវភាពក្នុងតំបន់នានានៃប្រទេសកម្ពុជា។






