វីឡាប្រណីត​សម្រាប់​អភិជន​ តម្លៃ​ជាង​110​លានដុល្លារ ​ចាប់​ផ្ដើម​សាង​សង់​ហើយ

0

ដោយ ៖ រាវី

ភ្នំពេញ ៖ បន្ទាប់ពី​បានប្រកាស​លក់​គម្រោង​សំណង់​លំនៅដ្ឋាន​បែប​វីឡា​ប្រណីត​លក្ខណៈ Resort សម្រាប់​អភិជន មានតម្លៃ​វិនិយោគ​រហូតដល់​ទៅ 110 លាន​ដុល្លារ ដែលមាន​ឈ្មោះថា The Palms របស់​កំពូល​អ្នកវិនិយោគ​អចលនទ្រព្យ លោក​ឧកញ៉ា សៀ រឹទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ គ្រុប ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ1 បានចាប់ផ្តើម​ប្រារព្វ​ពិធី​បញ្ចុះបឋមសិលា​ដើម្បី​អនុវត្ត​ការសាងសង់​ហើយ ក្រោម​វត្តមាន​របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង ដែនដី នគរូបនីយកម្ម និង​សំណង់ រួមជាមួយ​នឹង​បណ្ដា​អ្នកជំនួញ​ផ្នែក​វិស័យ​អចលនទ្រព្យ​ជាតិ-អន្តរជាតិ ជាច្រើន​នាក់ ។

ផ្អែក​តាម​ការ​ឱ្យដឹងពី​សំណាក់​អ្នកជំនាញ​ផ្នែក​លក់​គម្រោង​ដ៏​មហិមារ​មួយ​នេះ​បាន​លើកឡើងថា ៖ គម្រោង​បុរី​លំនៅដ្ឋាន The Palms ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចម្ងាយ​ប្រមាណ៤គីឡូម៉ែត្រ ពី​គល់ស្ពាន​ព្រះមុនីវង្ស ដែល​ត​ភ្ជាប់​រហូតដល់​មាត់ទន្លេ ក្នុងភូមិ​ក្តី​តា​កុយ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត​ប្លែក​ពី​គេ មិន​ធ្លាប់​មាននៅ​កម្ពុជា ដោយមាន​ការសហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​ប្រទេស​សិង្ហ​បុរី។

Advertisement

គម្រោង​អភិវឌ្ឍន៍ បុរី ឌឹ​ផាម នឹងមាន​ការសាងសង់​វីឡា​កូនកាត់ Clusters ចំនួន ២០៤វីឡា ជា​លក្ខណៈ​បឹង​កា​ឡូ ១៦វីឡា និង​មាន​កន្លែង​ចត​អូប័រ ជាពិសេស សម្រាប់​អ្នក​ដែល​ទិញ​វីឡា​បឹង​កា​ឡូ។ ហើយ​វីឡា​ទាំងអស់​សុទ្ធតែ​អាច​មើលឃើញ​ផ្ទៃ​ទន្លេ ហើយ​ផ្ទះ​និមួយៗមាន​ជណ្តើរយន្ត​ផងដែរ ដែល​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី​សាងសង់​ចំនួន​៣,៧ហិកតា។ គម្រោង​នេះ​ខុសប្លែក​ពី​គម្រោង​ទី១ និង​គម្រោង​ទី២ ដែល​ក្រុមហ៊ុន វើ​ល ប្រ៊ី​ដ បាន​អភិវឌ្ឍ​សាងសង់​រួចមកហើយ ដូចជា គម្រោង​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់៤៥ជាន់ The Bridge និង​អគារ​ពាណិជ្ជកម្ម​លំនៅដ្ឋាន សណ្ឋាគារ ដែលមាន​ឈ្មោះថា The Peak។ ហើយ​គម្រោង​ទាំងពីរ​នេះ ទទួលបាន​ការគាំទ្រ​និង​មាន​ភាពជោគជ័យ​យ៉ាងខ្លាំង។

គួរបញ្ជាក់​ផងដែ​ថា លោក​ឧកញ៉ា សៀ រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group បានបញ្ជាក់​ផងដែរ​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន The Palms  នៅ​តំបន់​នោះ ដោយសារតែ​មើលឃើញថា តំបន់​នោះ​មាន​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ល្អ ផ្លូវជាតិ​ធំ​ទូលាយ មាន​ស្ពាន​ពី​រត​ភា្ជ​ប់ និង​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់ទន្លេ ដែល​បង្ក​លក្ខណៈពិសេស​សម្រាប់​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យ​ក្លាយជា រី​ស៊​ត ដ៏​ប្រណីត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។ លោក​បានបង្ហាញ​ពី​ក្ដី​ជឿជាក់​យ៉ាង​ដូច្នេះ​ថា «អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ត្រូវតែ​ទទួលបាន​ជោគជ័យ បើ​មិន​ជោគជ័យ​ខ្ញុំ​មិន​ធ្វើ​នោះទេ»៕

- Advertisement -

Leave a Reply