តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃដល់ជាង៣.១០០ដុល្លារអាមេរិកក្នុងមួយអោនក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈសង្គ្រាមពាណិជ្ជកម្មសកលបានជំរុញឱ្យតម្រូវការវិនិយោគមាសមានការកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង១,៣៧ភាគរយដល់៣១២៤,៤៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៩២ភាគរយដល់៣១៣៨,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៦៥ពិន្ទុនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០២,៩០ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៩៧ភាគរយដល់៣១,០១ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,៨២ភាគរយដល់៩៣៦,៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង៣,១៥ភាគរយដល់៩១៧,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

ការសិក្សាថ្មីបង្ហាញឲ្យឃើញពីភាពប្រែប្រួលដូចម្តេចលើទីផ្សារខុនដូ និងលំនៅដ្ឋានបុរីនៅកម្ពុជានៅដើមឆ្នាំនេះ?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនCBRE Cambodia បានបង្ហាញលទ្ឋផលនៃការសិក្សាលើទីផ្សារខុនដូ និងបុរីនៅកម្ពុជា បានរកឃើញនូវចំណុចវិវត្តន៍សំខាន់ៗមួយចំនួន។

ការសិក្សាប្រចាំត្រីមាសទី១ឆ្នាំ២០២៥នេះ បានបង្ហាញថា ទីផ្សារខុនដូនៅរាជធានីភ្នំពេញ ទទួលបានការផ្គត់ផ្គង់ខុនដូថ្មីចំនួន១.១០០យូនីត ក្នុងត្រីមាសទី១ ខណៈខុនដូប្រណីត មានតម្លៃជាមធ្យមចំនួន២៦៤៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អគារខុនដូ ដែលបានបញ្ចប់ការសាងសង់រួចរាល់ទាំងស្រុង នៅក្នុងត្រីមាសទី១ រួមមាន អគារខុនដូតម្លៃមធ្យម La Vista One។រីឯ គម្រោងអគារខុនដូ ដែលប្រកាសត្រៀមសាងសង់ រួមមានអគារខុនដូតម្លៃមធ្យម L Tower 3 និងអគារខុនដូតម្លៃសមរម្យ Piphub Thmey Condo ក្នុងខណ្ឌសែនសុខ។

ដោយឡែក ទីផ្សារលំនៅដ្ឋានជាប់ដី(Landed-housing) ឬបុរី ទទួលបានការផ្គត់ផ្គង់លំនៅដ្ឋានថ្មីចំនួន១.៤០០យូនីត ខណៈផ្ទះអាជីវកម្ម មានតម្លៃជាមធ្យមចំនួន១.០៨៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

គម្រោងបុរី ដែលបានបញ្ចប់ការសាងសង់រួចរាល់ កាលពីត្រីមាសទី១ រួមមានបុរី ML Tiera និងបុរី Morgan Park Villa។រីឯ គម្រោងបុរី ដែលប្រកាសត្រៀមសាងសង់ រួមមានបុរី ML Scenery បុរី Chip Mong Grand Landmark 271 និងបុរីប៉េងហួតភូមិមរកត។

ក្រុមហ៊ុន CBRE Cambodia បានចង្អុលបង្ហាញថា ទីផ្សារលំនៅដ្ឋានកម្ពុជាបន្តជួបប្រទះ អតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ខណៈប្រជាជនកម្ពុជា ត្រូវការលំនៅដ្ឋានតម្លៃសមរម្យ ជាជាងលំនៅដ្ឋានតម្លៃខ្ពស់កប់បពកនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន៕

តើទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញមានស្ថានភាពវិវត្តន៍យ៉ាងដូចម្តេចនៅក្នុងត្រីមាសទី១?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនសេវាប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានចេញផ្សាយរបាយការណ៍វាយតម្លៃស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២៥នេះ។

ខាងក្រោមនេះជាស្ថានភាពរបស់ផ្នែកនីមួយៗនៃទីផ្សារអចលនទ្រព្យ៖

ទី១: ផ្នែកការិយាល័យ

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ អត្រាគ្របដណ្តប់ការជួលការិយាល័យ(Occupancy Rate)ក្នុងរាជធានីភ្នំពេញមានចំនួន៦២,៩ភាគរយ ខណៈតម្លៃជួលជាមធ្យមមានទំហំទឹកប្រាក់២៤ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

អគារការិយាល័យ ដែលទើបបើកដំណើរការថ្មីនៅរាជធានីភ្នំពេញរួមមាន អគារការិយាល័យកម្រិត B Norea Center ក្នុងខណ្ឌច្បារអំពៅ និងអគារ IBC Tower ក្នុងតំបន់បឹងកេងកង។

ចំណែក គម្រោងអគារការិយាល័យដែលប្រកាសត្រៀមសាងសង់ រួមមានគម្រោងអគារការិយាល័យកម្រិត C Sokha Tower ក្នុងខណ្ឌមានជ័យ និងគម្រោងអគារការិយាល័យកម្រិត B Norea Tower ក្នុងខណ្ឌច្បារអំពៅ។

ផ្ទៃក្រឡាការិយាល័យសរុបទំហំ១,៣៨លានម៉ែត្រការ៉េត្រូវបានគេរំពឹងថា នឹងចាក់បញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំនេះ។ គិតត្រឹមត្រីមាសទី១ ការិយាល័យដែលបានបញ្ចប់ការសាងសង់រួចរាល់មានទំហំ៨២.៨០០ម៉ែត្រការ៉េ។

ការចាក់បញ្ចូលអគារការិយាល័យថ្មីៗបន្ថែមទៅកាន់ទីផ្សារនាពេលខាងមុខនឹងធ្វើឱ្យអត្រាការិយាល័យទំនេរកើនឡើងដល់៤០,៦នៅក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២៤ ដែលមានអត្រាការិយាល័យទំនេរចំនួន៣៤,៩ភាគរយ។

ក្នុងបរិបទទីផ្សារនាពេលបច្ចុប្បន្ន ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia អះអាងថា ភាគីអ្នកជួលមានប្រៀបក្នុងការចរចាលក្ខខណ្ឌ ឬតម្លៃជួលជាមួយម្ចាស់អគារ ដែលជាពេលវេលាល្អសម្រាប់អ្នកជួល។

ទី២: ផ្នែកលក់រាយ

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់ប្រហែល៥,៥ភាគរយ។រីឯ អត្រាអតិផរណាត្រូវបានគេរំពឹងទុកថា នឹងស្ថិតក្នុងរង្វង់ចំនួន២,៦ភាគរយនៅឆ្នាំ២០២៥នេះ។

អត្រាគ្របដណ្តប់ការជួលទីតាំងលក់រាយនៅរាជធានីភ្នំពេញមានចំនួន៦០,៩ភាគរយនៅត្រីមាសទី១ ខណៈតម្លៃជួលទីតាំងលក់រាយមានទំហំទឹកប្រាក់ជាមធ្យមចំនួន២២,៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ផ្ទៃក្រឡាទីតាំងលក់រាយសរុបទំហំ៨៦មុឺនម៉ែត្រការ៉េត្រូវបានគេរំពឹងថា នឹងចាក់បញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំនេះ។ គិតត្រឹមត្រីមាសទី១ ទីតាំងលក់រាយ ដែលបានបញ្ចប់ការសាងសង់រួចរាល់មានទំហំ៣៤.៤០០ម៉ែត្រការ៉េ។

អត្រាគ្របដណ្តប់ការជួលទីតាំងលក់រាយនៅរាជធានីភ្នំពេញនឹងធ្លាក់ចុះមកនៅត្រឹម៥៨,៤ភាគរយនៅចុងឆ្នាំនេះ បើធៀបនឹងអត្រាគ្របដណ្តប់ការជួលទីតាំងលក់រាយនៅរាជធានីភ្នំពេញចំនួន៦១,៨ភាគរយកាលពីឆ្នាំ២០២៤។

ក្រុមហ៊ុន CBRE Cambodia បញ្ជាក់ថា បច្ចុប្បន្ន ទីតាំងលក់រាយខ្នាតតូចលក្ខណៈ Outdoor ដែលមានទីធ្លាបៃតង និងកន្លែងលេងកីឡាបានប្រែក្លាយជានិន្នាការដ៏ពេញនិយម។

ទី៣: ផ្នែកលំនៅដ្ឋាន

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន  CBRE Cambodia បានឱ្យដឹងថា អត្រាការប្រាក់លើប្រាក់កម្ចីជាដុល្លារអាមេរិក ដែលផ្តល់ដោយធនាគារពាណិជ្ជមានអត្រា១០,៣ភាគរយ ខណៈអត្រាការប្រាក់លើប្រាក់បញ្ញើជាដុល្លារអាមេរិកមានអត្រា៥,១៨ភាគរយ។

លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុនមានទំហំទឹកប្រាក់សរុបចំនួន៤,២ពាន់លានដុល្លារ។

ទីផ្សារខុនដូនៅរាជធានីភ្នំពេញទទួលបានការផ្គត់ផ្គង់ខុនដូថ្មីចំនួន១.១០០យូនីតក្នុងត្រីមាសទី១ ខណៈខុនដូប្រណីតមានតម្លៃជាមធ្យមចំនួន២៦៤៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អគារខុនដូ ដែលបានបញ្ចប់ការសាងសង់រួចរាល់ទាំងស្រុងនៅក្នុងត្រីមាសទី១ រួមមានអគារខុនដូតម្លៃមធ្យម La Vista One។រីឯ គម្រោងអគារខុនដូ ដែលប្រកាសត្រៀមសាងសង់ រួមមានអគារខុនដូតម្លៃមធ្យម L Tower 3 និងអគារខុនដូតម្លៃសមរម្យ Piphub Thmey Condo ក្នុងខណ្ឌសែនសុខ។

ដោយឡែក ទីផ្សារលំនៅដ្ឋានជាប់ដី(Landed-housing) ឬបុរី ទទួលបានការផ្គត់ផ្គង់លំនៅដ្ឋានថ្មីចំនួន១.៤០០យូនីត ខណៈផ្ទះអាជីវកម្មមានតម្លៃជាមធ្យមចំនួន១.០៨៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

គម្រោងបុរី ដែលបានបញ្ចប់ការសាងសង់រួចរាល់កាលពីត្រីមាសទី១ រួមមានបុរី ML Tiera និងបុរី Morgan Park Villa។រីឯ គម្រោងបុរី ដែលប្រកាសត្រៀមសាងសង់ រួមមានបុរី ML Scenery បុរី Chip Mong Grand Landmark 271 និងបុរីប៉េងហួតភូមិមរកត។

ក្រុមហ៊ុន CBRE Cambodia បានចង្អុលបង្ហាញថា ទីផ្សារលំនៅដ្ឋានកម្ពុជាបន្តជួបប្រទះអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ខណៈប្រជាជនកម្ពុជាត្រូវការលំនៅដ្ឋានតម្លៃសមរម្យជាជាងលំនៅដ្ឋានតម្លៃខ្ពស់កប់បពកនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន។

ទី៤: ផ្នែកសណ្ឋាគារ

លំហូរភ្ញៀវទេសចរណ៍បរទេសចូលមកកាន់ប្រទេសកម្ពុជាសម្រេចបានចំនួន១,២៦លាននាក់ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៥នេះ ហក់ឡើង២៧,៩ភាគរយបើធៀបនឹងរយៈពេល២ខែដំបូងដូចគ្នាកាលពីឆ្នាំមុន។

ជាមួយនឹងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ សណ្ឋាគារថ្មីចំនួនជាង៥០០បន្ទប់ត្រូវបានចាក់បញ្ចូលទៅកាន់ទីផ្សារក្នុងត្រីមាសទី១ ឆ្នាំនេះ ខណៈការស្នាក់នៅបន្ទប់សណ្ឋាគារផ្កាយ៥ នៅរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន៣២៩ដុល្លារក្នុងមួយយប់។

តម្រូវការសណ្ឋាគារត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈព្រលានយន្តហោះអន្តរជាតិតេជោគ្រោងនឹងបើកដំណើរការនៅខែកក្កដាខាងមុខ រួមជាមួយនឹងគំនិតផ្តួចផ្តើមនានារវាងរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជនក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញ៕

ក្រុមអ្នកជំនាញ: បណ្តាវិនិយោគិននៅក្នុងតំបន់អាស៊ីផ្តោតលើការបណ្តាក់ទុនរយៈពេលវែងលើអចលនទ្រព្យ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាវិនិយោគិននៅតំបន់អាស៊ីបាននិងកំពុងងាកមកបណ្តាក់ទុនរយៈពេលវែងលើអចលនទ្រព្យផ្នែកដឹកជញ្ជូន និងមជ្ឈមណ្ឌលទិន្នន័យ ដោយសារផ្នែកអចលនទ្រព្យនានា ដូចជាការលក់រាយ និងការិយាល័យបន្តជួបប្រទះបញ្ហាប្រឈម។

ការផ្លាស់ប្តូរយុទ្ធសាស្ត្រវិនិយោគនេះបានកើតមានអស់រយៈពេលជាង១ទស្សវត្សមកហើយ។ ប៉ុន្តែ និន្នាការនេះទើបលេចចេញជារូបរាងកាន់តែច្បាស់នាពេលបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍សិក្សារួមគ្នាដោយក្រុមហ៊ុនប្រឹក្សាផ្នែកធុរកិច្ច PwC និងវិទ្យាស្ថាន Urban Land (ULI)។

លោក Mark Cooper អ្នកជំនាញនៅឯវិទ្យាស្ថាន ULI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ឱ្យដឹងថា“បច្ចុប្បន្ននេះ អចលនទ្រព្យផ្នែកភស្តុភារជាផ្នែកមួយដ៏សំខាន់បំផុតនៃផលបត្រអចលនទ្រព្យរបស់អ្នកវិនិយោគអចលនទ្រព្យ”។

ការកើនឡើងនៃតម្រូវការអចលនទ្រព្យផ្នែកភស្តុភារបណ្តាលមកពីការផ្លាស់ប្តូរឥរិយាបថ ឬទម្លាប់របស់អ្នកប្រើប្រាស់ ជាពិសេសការរីកចម្រើនរបស់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដែលបានជំរុញឱ្យមានតម្រូវការជួល ឬទិញឃ្លាំងនៅទូទាំងតំបន់។

លោក Cooper បានកត់សម្គាល់ឃើញថា “មជ្ឈមណ្ឌលទិន្នន័យមានភាពខុសប្លែកគ្នាបន្តិចពីអចលនទ្រព្យក្នុងផ្នែកផ្សេងទៀត។ យើងបានសង្កេតឃើញមានមានការខ្វែងគំនិតគ្នាមួយចំនួនអំពីសំណួរថា តើមជ្ឈមណ្ឌលទិន្នន័យជាអចលនទ្រព្យ ឬជាហេដ្ឋារចនាសម្ព័ន្ធ?”។

ប៉ុន្តែ លោក Mark Cooper បានអះអាងថា មជ្ឈមណ្ឌលទិន្នន័យនេះត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានក្នុងការទ្រទ្រង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើអាជីវកម្មតាមរយៈប្រព័ន្ធឌីជីថលក្នុងយុគសម័យទំនើប។

លោក Stuart Porter អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន PwC បានលើកឡើងថា “ប្រសិនបើមានមជ្ឈមណ្ឌលទិន្នន័យចំនួន២០០ទីតាំង ឬច្រើនជាងនេះនៅក្នុងប្រទេសជប៉ុន។ ដូច្នេះ បណ្តាអ្នកវិនិយោគនឹងអាចចាប់យកឱកាសរយៈពេលវែង ហើយបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាសុីក៏នឹងទាក់ទាញបានការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យផងដែរ”។

ថ្វីបើមានការប្រែប្រួលរយៈពេលខ្លី និងបញ្ហាម៉ាក្រូសេដ្ឋកិច្ចយ៉ាងណាក្តី ក៏បណ្តាវិនិយោគិននៅក្នុងតំបន់អាសុីបានផ្តោតលើការវិនិយោគរយៈពេលវែងជាជាងការវិនិយោគដើម្បីទទួលបានផលចំណេញរយៈពេលខ្លី៕ប្រភព: Real Estate Asia៕

ប្រទេស​ថៃប្រកាសកាត់​បន្ថយ​ថ្លៃសេវាចុះ​បញ្ជី និង​ផ្ទេរ​កម្មសិទិ្ធអចលនទ្រព្យ ដើម្បី​ស្ដារ​ទីផ្សារខុនដូ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលរបស់ប្រទេស​ថៃ​គ្រោងនឹង​ដាក់ចេញវិធានការលើកទឹកចិត្តមួយចំនួនបន្ថែមទៀត ដូចជាការកាត់​បន្ថយ​ថ្លៃសេវាចុះ​បញ្ជី និង​ថ្លៃ​ផ្ទេរ​កម្មសិទិ្ធអចលនទ្រព្យ ដើម្បី​ស្ដារ​វិស័យ​អចលនទ្រព្យ​ថៃ ដែល​កំពុង​ជួបប្រទះ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ។

ចំណាត់ការនេះបានធ្វើឡើង ខណៈដែលប្រជាជនថៃ និងជនបរទេសកាន់តែច្រើន មានការប្រុងប្រយ័ត្ មុនពេលសម្រេចចិត្តទិញខុនដូ បន្ទាប់ពីមហន្តរាយគ្រោះរញ្ជួយដីកាលពីខែមុន បានធ្វើឱ្យអគារខ្ពស់ៗរាប់ពាន់ខ្នងក្នុងរាជធានីបាងកកស្រុតដួលរលំ។ការណ៍នេះបានជះផលប៉ះពាល់ដល់ទំនុកចិត្តអ្នកទិញខុនដូ។

គណៈរដ្ឋមន្ត្រីថៃបានអនុម័តកាត់បន្ថយថ្លៃផ្ទេរកម្មសិទ្ធិអចលនទ្រព្យពីចំនួន២ភាគរយមកនៅសល់ត្រឹមតែ០,០១ភាគរយសម្រាប់ការទិញខុនដូ ផ្ទះជាប់ផ្ទាល់ដី(Landed house) អគារពាណិជ្ជកម្ម ដែលមានតម្លៃចាប់ពី២០២.០០០ដុល្លារចុះក្រោម ដែលចូលជាធរមានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំក្រោយ។

ស្របពេលជាមួយគ្នានោះ គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័តកាត់បន្ថយថ្លៃសេវាចុះបញ្ជីទ្រព្យបញ្ចាំពីចំនួន១ភាគរយមកនៅសល់ត្រឹម០,០១ភាគរយ សម្រាប់អចលនទ្រព្យដែលមានតម្លៃចាប់ពី២០២.០០០ដុល្លារចុះក្រោមដូចគ្នា។

វិធានការនេះធ្វើឡើង បន្ទាប់ពីធនាគារកណ្តាលថៃ(BoT) កាលពីខែមុនបានធ្វើការបន្ធូរបន្ថយការរឹតបន្តឹងទំហំនៃការផ្តល់ប្រាក់កម្ចីធៀបជាមួយនឹងតម្លៃអចលនទ្រព្យ(LTV) ក្នុងគោលបំណងដើម្បីជំរុញតម្រូវការលំនៅដ្ឋាន។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិធានការកាត់បន្ថយថ្លៃសេវា រួមជាមួយនឹងការបន្ធូរបន្ថយច្បាប់នៃការផ្តល់ប្រាក់កម្ចីនឹងជួយជំរុញទប់ស្កាត់ការដាំក្បាលនៃទីផ្សារអចលនទ្រព្យ”។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងតំបន់ទីក្រុងបាងកក បាននិងកំពុងបន្តប្រឈមមុខជាមួយនឹងបញ្ហាលំនៅដ្ឋានដែលលក់មិនដាច់សរុបចំនួន២៣៥.០០០យូនីត គិតត្រឹមចុងឆ្នាំ២០២៤កន្លងទៅ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨។

យោងតាមទិន្នន័យពីសមាគមខុនដូថៃបានឱ្យដឹងថា ការលក់ខុនដូបានដាំក្បាលចុះ៣៧ភាគរយមកនៅត្រឹមប្រហែល៥៣.០០០យូនីតកាលពីឆ្នាំ២០២៤កន្លងទៅ៕ប្រភព: Bloomberg៕

រដ្ឋាភិបាលគ្រោងប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកកិច្ចប្រជុំលើផែនការរៀបចំ ទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្តសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំធាតុចូលពីសំណាក់ខេត្តជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងទេសចរណ៍ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមទេសចរណ៍ ដើម្បីខ្លួនអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត ពោលគឺរៀបចំក្រុងទៅតាមដង្ហើមសេដ្ឋកិច្ចរបស់ក្រុងនីមួយៗ។

កិច្ចប្រជុំពិភាក្សាផងដែរលើការរៀបចំ ទីតាំងកំពង់ផែទេសចរណ៍កម្សាន្តតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប៕

បណ្តាអ្នកវិនិយោគមិនប្រថុយទិញមូលបត្របំណុលរបស់ប្រទេសចិន ខណៈវិស័យអចលនទ្រព្យមិនទាន់មានស្ថិរភាព

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនគ្រប់គ្រងមូលនិធិធំៗនៅលើពិភពលោកនឹងមានទំនុកចិត្តឡើងវិញលើមូលបត្របំណុលរបស់ប្រទេសចិន និងបណ្តាប្រទេសអាសុីផ្សេងទៀត លុះត្រាតែវិស័យអចលនរបស់ប្រទេសចិនមានស្ថិរភាព បន្ទាប់ពីឆ្លងកាត់វិបត្តិបំណុលរយៈពេល២ឆ្នាំកន្លងមក។

បណ្តាវិនិយោគិននានានៅតែបន្តទទួលរងការខាតបង់ ដោយសារវិបត្តិសាច់ប្រាក់របស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលបាននាំឱ្យមានការខកខានទូទាត់សងមូលបត្របំណុលសរុបចំនួន២០០ពាន់លានដុល្លារ ក្រោយពីទីក្រុងប៉េកាំងបានប្រកាសគោលនយោបាយ“បន្ទាត់ក្រហម៣”នៅក្នុងខែសីហា ឆ្នាំ២០២០។

ការដួលរលំនៃក្រុមហ៊ុន China Evergrande ក្នុងឆ្នាំ២០២៤ ដោយសារការខកខានទូទាត់សងមូលបត្របំណុលចំនួន២០ពាន់លានដុល្លារអាមេរិក ជានិមិត្តរូបនៃវិបត្តិបំណុល ដែលក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនផ្សេងទៀតជួបប្រទះ បណ្តាលមកពីការខ្ចីប្រាក់ក្នុងចំនួនដ៏ច្រើនហួសហេតុ។

លោក Christian Stracke ប្រធានផ្នែកស្រាវជ្រាវឥណទាននៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិ Pimco ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអះអាងថា “យើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យអចលនទ្រព្យ ព្រោះវាជាសូចនាករឈានមុខគេនៃស្ថានភាពទីផ្សារឥណទានរបស់ប្រទេសចិន”។

លោកបានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា បណ្តាអ្នកវិនិយោគអន្តរជាតិនឹងមិនចាប់អារម្មណ៍ ឬបោះទុនលើទីផ្សារឥណទានរបស់ប្រទេសចិនតាមរយៈការទិញមូលបត្របំណុលនោះទេ រហូតទាល់តែមានស្ថិរភាពនៅក្នុងទីផ្សារអចលនទ្រព្យចិន។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។

ក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន ជាអ្នកបោះផ្សាយលកបំណុលច្រើនជាងគេបំផុតនៅតំបន់អាស៊ី ដោយផ្តល់អត្រាផលចំណេញយ៉ាងខ្ពស់ដើម្បីទាក់ទាញបណ្តាក្រុមហ៊ុនគ្រប់គ្រងមូលនិធិសកលឱ្យទិញមូលបត្របំណុលរបស់ខ្លួន៕ប្រភព: SCMP៕

ADBបង្ហាញពីចំណុចខ្លាំងនៃសេដ្ឋកិច្ចកម្ពុជាដែលនឹងសម្រេចបានកំណើនក្នុងអត្រា៦,១ភាគរយនៅឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពវិជ្ជមានជាមួយនឹងចលករសំខាន់ៗនៃសេដ្ឋកិច្ចមានភាពប្រសើរឡើង។

យោងតាមរបាយការណ៍សេដ្ឋកិច្ច របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយថ្មីៗនេះបានបង្ហាញថា ម្ពុជាត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លង កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និង២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីផ្សព្វផ្សាយជំពូក ស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ ២០២៥ប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦.១ភាគរយក្នុងឆ្នាំ២០២៥ និង៦.២% ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានកើនឡើង ៦.០% ក្នុងឆ្នាំ២០២៤។ ប៉ុន្តែទស្សនវិស័យនេះ អាចប្រឈម ហានិភ័យអវិជ្ជមាន នៃភាពមិនប្រាកដប្រជាជាសកល ដូចជា គោលនយោបាយពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអច​លនទ្រព្យ របស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិ​សាស្រ្តនយោបាយ ដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

ការព្យាករនេះ ត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះ គឺឆ្លុះបញ្ចាំងរបបពន្ធ ដែលបានអនុវត្ត ត្រឹមខែមីនា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADO ខែមេសា ឆ្នាំ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់ លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារ ការដំឡើងពន្ធគយ។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB លោកស្រី Jyotsana Varma បានថ្លែងថា ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ និង២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពល នៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស”។ លោកស្រីបន្ថែមថា “ទោះបីជាភាពមិនប្រាកដប្រជាជាសកល នៅតែបន្តក៏ដោយការវិនិយោគជាយុទ្ធសាស្រ្តលើហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មី សម្រាប់កំណើនប្រកបដោយនិរន្តរភាព”។

ផលិតផលឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៩,៣%ក្នុងឆ្នាំ២០២៥ និង២០២៦ នាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថា នឹងបន្តក្នុងអត្រា ៤.៤ភាគរយ បើទោះបីជាសកម្មភាព នៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។

ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថា នឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។

របាយការណ៍នេះ ក៏បានរំលេច អន្តរកម្មឌីជីថល ថាជាអាទិភាពគោលនយោបាយគន្លិះ ដើម្បីជំរុញកំណើនរយៈពេលវែង។ ទោះបីជាអន្តរកម្មឌីជីថល នឹងត្រូវបានជំរុញដោយវិស័យឯកជន អ្នកធ្វើគោល នយោបាយ ត្រូវតែបង្កើតបរិយាកាសដើម្បីគាំទ្រដំណើរការនេះ។

កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវចំណាត់ ថ្នាក់របស់ខ្លួននៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល (United Nations’ e-Government Development Index) របស់អង្គការសហប្រជាជាតិពីលេខ១៥៥ ក្នុងឆ្នាំ ២០១២ មកលេខ១២០ ក្នុងឆ្នាំ២០២៤ ប៉ុន្តែក៏នៅមានចន្លោះប្រហោង ជាពិសេសការផ្តល់សេវាកម្មសាធារណៈអនឡាញនិង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា អតសញ្ញាណឌីជីថលជាក់លាក់ដែលទទួលស្គាល់ទូទៅ (universal unique digital IDs) បណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល។

ការវិនិយោគបន្ថែមលើមូលធនមនុស្ស នឹងរក្សានិរន្តរភាពកំណើន តាមរយៈការបង្កើនផលិតភាពសេដ្ឋកិច្ច៕

 

រដ្ឋាភិបាលដាក់ចេញកម្មវិធីជម្រុញការវិនិយោគនៅខេត្តភូមិភាគឦសានទាំងបួន

0

ការដាក់ឱ្យ​អនុវត្ត​ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ​គឺដើម្បីជំរុញឱ្យ​មាន​ការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំ​ប្រជាជន​យើងឱ្យ​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការ
វិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ថា៖ ការដាក់ឱ្យ​អនុវត្ត​ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ​គឺដើម្បីជំរុញឱ្យ​មាន​ការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំ​ប្រជាជន​យើងឱ្យ​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើង នៅក្នុងតំបន់នេះ ។

សម្ដចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមលើលក្ខណៈពិសេស សម្រាប់កម្មវិធីពិសេស​នៅភូមិភាគឦសាន រួមមាន ៖ទី១. ការផ្តល់ការលើកទឹកចិត្តលើសលុបដែលលើសពីច្បាប់
វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ។ ទី២.​ យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិន អាចដាក់ពាក្យ​ស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធ​ផ្សេងៗទៀត ជាមួយនឹងក្រុមការងារ​តែម្តង ។ ទី៣. ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌ​នៃ​ទំហំទុន​វិនិយោគ ។ ទី៤. ការផ្តល់ហិរញ្ញប្បទាន​គាំទ្រ ដោយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួន​ ដើម្បី​ដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ។ ទី៥. ការខិតខំជំរុញធនធានមនុស្សគាំទ្រ​ ដោយរាជរដ្ឋាភិបាលបាន​សម្រេចផ្តល់ការលើកទឹកចិត្ត​ ដោយ​កំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២ លាន​រៀល និងបម្រើការងារនៅក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ( គ.ល.គ.) ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួន នៅភូមិភាគឦសាន ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានផ្ដល់អនុសាសន៍មួយចំនួន ដលើក្រុមការងារជំរុញការវិនោយោគក្នុងភូមិភាគឦសាន​ (ក្រុមការងារ) រួមមាន៖ ទី១. ក្រុមការងារត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយក្រុមការងារត្រូវធានាឱ្យបាននូវសង្គតិភាព ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងអនុវត្តឱ្យបានលឿន ។ ទី២. ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគ​នេះ ឱ្យបានទូលំទូលាយ, ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ ទី៣. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន ក៏ត្រូវចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ក្នុងស្មារតីកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសជំរុញការវិនិយោគ​នេះ ។ ទី ៤. ក្រុមការងារត្រូវ​ខិត​ខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញ​ការអនុវត្ត​ការងារគាំទ្រផ្សេងៗ ដូចជា​ ការ​អនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ នៅខេត្តជាប់ព្រំដែនដែលមានច្រកអន្តរជាតិ; ការ​ពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ , ការបែងចែកតំបន់សម្រាប់វិនិយោគឱ្យបានត្រឹមត្រូវ ដោយបែងចែកទីតាំងណាសម្រាប់អភិវឌ្ឍលើវិស័យអ្វីឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការអភិវឌ្ឍអ្វីមួយប៉ះពាល់ដល់វិស័យអាទិភាពផ្សេងទៀតនៅក្នុងតំបន់។ បន្ថែមពីនេះ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស បទល្មើសបច្ចេកវិទ្យា ហើយត្រូវការពារវិនិយោគិនដែលត្រឹមត្រូវ ។

ជាទីបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃ​ឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភ ពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាននៃ
ប្រជាជនខ្មែរ ។

Mark Zuckerberg purchases $23M mansion near White House

0

Billionaire and Meta CEO Mark Zuckerberg has been confirmed as the buyer of a $23 million Washington, D.C. mansion, just a 15-minute drive from the White House.

According to Page Six, the purchase reflects a growing trend of tech executives seeking to establish a base in the capital during President Donald Trump’s second term. The expansive mansion is also close to Vice President JD Vance’s official residence at the Naval Observatory.

The property, bought in March through a Delaware LLC with an all-cash deal, is the third-most expensive home purchase in Washington’s history, Politico reported.

A Meta spokesperson confirmed the transaction, telling The Post: “Mark and Priscilla have purchased a home in D.C., which will allow Mark to spend more time there as Meta continues the work on policy issues related to American technology leadership.”

The 14,000-square-foot brick mansion, designed by acclaimed local architect Robert M. Gurney, sits on the site of a previous $5.15 million home, which was demolished in 2013. The new residence features five bedrooms, seven bathrooms, two kitchens and three fireplaces.

Comprising three distinct sections connected by a glass-covered walkway, the home blends modern design with traditional elements such as gable roofs, tall chimneys, and steel-framed windows.

The exterior uses durable materials like brick and limestone walls, a slate roof, powder-coated steel windows and copper downspouts, carefully chosen to complement the neighborhood while ensuring longevity.

Outdoor amenities include a basketball court and swimming pool, both shielded by a newly built wall and fence for enhanced privacy and security. Nestled on nearly one acre in the leafy Massachusetts Avenue Heights neighborhood of Northwest D.C., the property is surrounded by landmarks such as the Washington National Cathedral and various embassies.

True to the neighborhood’s aesthetic, the house includes ample private outdoor space and lush greenery.

Zuckerberg’s move comes as several tech leaders establish footholds in Washington to influence the Trump administration.

David Sacks, Trump’s cryptocurrency adviser, purchased a $10.3 million home in January. Amazon founder Jeff Bezos acquired a $23 million mansion in 2016, while PayPal co-founder Peter Thiel spent $13 million on a home in 2021. Former Google CEO Eric Schmidt bought a $15 million estate in 2024.

Source: Vnexpress