SCAកំពុង​ទាក់ទាញ​អាកាសចរណ៍​ជាច្រើន​ទៀត ឲ្យ​ហោះ​ត្រង់​ទៅកាន់​ខេត្ត​ព្រះសីហនុ

0


ដោយ ស៊ីវ ម៉េង

ភ្នំពេញ ៖ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​កម្ពុជា (SCA) បាន និងកំពុង​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ទៀត ឲ្យ​ហោះហើរ​ត្រង់​ទៅកាន់​ព្រលានយន្តហោះ​កងកេងក្រុងព្រះសីហនុ។

ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរនៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ​លោក​ ពេជ្រ សុ​ប៉ុន​តារា ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទកាលពី​ថ្ងៃទី៥ ធ្នូ​កន្លងមក​ថា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន និងកំពុង​សិក្សា​ល​ទ្ឋ​ភាពហោះហើរ​ត្រង់​មកកាន់​ព្រលានយន្តហោះ​ កងកេង ខេត្ត​ព្រះសីហនុ ដែល​ពេលថ្មីៗនេះ​មាន​ក្រុមហ៊ុន BangkokAirway, Air Asia និង​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ទៀត បានមក​សិក្សា​ពី​តម្រូវការ​និង​សក្តានុពល​ទីផ្សារ​មុន​សម្រេច​ហោះហើរ​ត្រង់​មកកាន់​ក្រុងព្រះសីហនុ។

លោក​បន្តថា “អ្វីដែល​យើង​ចង់បាន​គឺ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​កាន់តែច្រើន នេះ​ជាការ​ចង់បាន​របស់​យើង ខណៈ​បច្ចុប្បន្ន​យើង​មាន​អាកាសចរណ៍​ចំនួន១១ក្រុមហ៊ុន​បាន​ហោះ​ត្រង់​មកកាន់​ព្រលានយន្តហោះ​នេះ​ជាប្រចាំ​រួចហើយ។

លោក​បន្តថា “ក្រុមហ៊ុន Air Asia បាន​ហោះហើរ​ត្រង់​ពី​ម៉ាឡេស៊ី​មក​ព្រលាន​នេះហើយ តែ​យើង​ចង់​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​ក្រុង​បាងកក និង​ពី​វៀតណាម​មកកាន់​ព្រលាន​នេះ​ផងដែរ។

Advertisement

បច្ចុប្បន្ន​មាន​អាកាសចរណ៍​ចំនួន៣០បាន​ហោះ​ឡើង និង​ចុះចត​ជាប្រចាំ​នៅ​ព្រលានយន្តហោះ​នេះ​ជា​រៀងរាល់ថ្ងៃ ដែល​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ការហោះហើរ​ជា​លក្ខណៈ​ជួល​នៅឡើយ​ទេ។

លោក​ ពេជ្រ សុ​ប៉ុន​តារា​ បាន​បន្តថាថ្មីៗនេះ ​សម្តេច​តេ​ជោ​ហ៊ុន សែន ​បានប្រកាស​ពី​ការពង្រីក​ព្រលានយន្តហោះ​នេះ ដើម្បី​អាច​ទទួល​អ្នកដំណើរ៣លាន​នាក់​ក្នុង​មួយឆ្នាំជា​អ្វី

ដែល​ក្រុមហ៊ុន​ឯកភាព ព្រោះ SCA ជា​ក្រុមហ៊ុន​ដៃគូ​របស់​រដ្ឋាភិបាល ហេតុនេះ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​អ្វី​យើង​នឹង​គោរព​តាម។លោក​បន្តថាបច្ចុប្បន្ន​ ចំណត​ និង​ស្ថានីយ៍​ទទួល​អ្នកដំណើរ នៅ​ព្រលានយន្តហោះ ​កងកេង អាចមាន​សមត្ថភាព​ទ​ទួល​អ្នកដំណើរ៥០ម៉ឺន​នាក់​ក្នុង​មួយឆ្នាំប៉ុន្តែ​ផ្លូវ​រត់​និង​ស្ថានីយ៍​អ្នកដំណើរ​នឹងត្រូវ​ពង្រីក​ថែមទៀត​នាពេល​អនាគត។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក ​ធួន ស៊ីណាន ​បាន​មានប្រសាសន៍ថា SCA ពិតជា​បានធ្វើការ​ច្រើនដើម្បី​ទាក់ទាញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​មក​កម្ពុជា ដែល​នេះ​ជា​អ្វីដែល​លោក​បានឃើញ​នាពេល​កន្លងមក។លោក​បន្តថា អ្វីដែល​សំខាន់​គឺ​យើង​ចង់​ឲ្យ​មានការ​ហោះហើរ​ត្រង់​មក​កាន់តែច្រើន​កាន់តែ​ល្អទោះជា​មកពី​ប្រទេស​ណាក៏ដោយ ក៏​សុ​ទ្ធតែ​នាំមក​នូវ​ផលប្រយោជន៍​ផ្នែក​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។

លោក​បន្តថា “យើង​ស្វាគមន៍​ការហោះហើរ​ត្រង់ ហោះ​មកពី​ទីណា​ក៏ដោយ​កាន់តែច្រើន​កាន់តែ​ល្អ”៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here