អស្ចារ្យ! ចំនួនអាផាតម៉ិនកើនដល់ចំនួន ៣៦៥ គំរោងហើយនៅរាជធានីភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបាននិយាយឲ្យដឹងថា រហូតមកទល់ពេលនេះ អាផាតម៉ិនចំនួន១៤៨ហើយ បានបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានការប្រកួតប្រជែងកាន់តែខ្លាំង។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មេសានេះថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ នៅរាជធានីភ្នំពេញ​មានអាផាតម៉ិនចំនួន៣៦៥គំរោង ក្នុងនោះ១៤៨គំរោងបានបញ្ចប់ការ​សាងសង់។លោកបន្តថា បើទោះបីជាកំនើននៃការផ្គត់ផ្គង់ និងសាងសង់ក្តី ប៉ុន្តែតម្លៃជួល​អាផាតម៉ិនទាំងនោះមិនបានធ្លាក់ចុះនោះទេ ដោយសារចំនួនអ្នកជួលនៅតែកើនឡើងនៅក្នុងទីផ្សារនេះ។

លោកបន្តថា អាផាតម៉ិនមួយបន្ទប់គេងនៅតំបន់ទួលទំពូង និងស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ អាចរកជួល​បានក្នុងតម្លៃចន្លោះ៤០០ទៅ៧០០ដុល្លារ អាផាតម៉ិនពីរបន្ទប់គេងមានតម្លៃចន្លោះពី​៧០០ ទៅ១៥០០ដុល្លារ និងអាផាតម៉ិន៣បន្ទប់គេងមានតម្លៃចន្លោះពី១៥០០ ទៅ២៥០០​ដុល្លារក្នុងមួយខែ។លោកបន្តថា តម្លៃអាផាតម៉ិនទាបឬខ្ពស់ អាស្រ័យលើទីតាំង សេវាកម្ម ដែលម្ចាស់អាផាតម៉ិនផ្តល់ជូនអតិថិជន។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន KFA បានថ្លែងឲ្យដឹងផងដែរថា ទោះបីជា​ចំនួនអាផាតម៉ិនកើនឡើងក្តី ប៉ុន្តែវាមិនលើសតម្រូវការទីផ្សារ ឬមានការព្រួយបារម្ភណា​មួយនោះទេ ព្រោះពេលមានការផ្គត់ផ្គង់ទើបមានតម្រូវការ ហើយតម្រូវការកំពុងកើនឡើង ដោយសារកម្ពុជាបានចូលជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកាន់តែ​បើកចំហទៅកាន់ពិភពលោក ដែលធ្វើឲ្យកម្ពុជាទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ហើ​យពេលអ្នកវិនិយោគអន្តរជាតិចូលមក តម្រូវការអាផាតម៉ិនសម្រាប់ស្នាក់នៅនឹងកើនជា​ស្វ័យប្រវត្តិ។

Advertisement

លោកបន្តថា ជាមួយនឹងកំនើនអ្នកវិនិយោគ អ្នកជំនាញអន្តរជាតិកាន់តែច្រើនក៏បាន​ចូលមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការផងដែរ ដោយសារកម្ពុជាមានការខ្វះខាតធនធានមនុស្សផ្នែកជំនាញ ហេតុនេះនៅពេលអ្នកជំនាញ ឬអ្នកធ្វើការមកពីបរទេសចូល​មកកម្ពុជា ពួកគេត្រូវការសេវាអាផាតម៉ិនជាចាំបាច់សម្រាប់ស្នាក់នៅ។ ដូច្នេះតម្រូវការអា​ផាតម៉ិនពិតជាកើនឡើងខ្ពស់៕

- Advertisement -

Leave a Reply