ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនចំនួនពីរ ដែលមានមូលដ្ឋាននៅប្រទេសចិន បានត្រៀមទាញយកប្រភពទឹកពីវារីអគ្គិសនីកំចាយ ដើម្បីផលិតទឹកស្អាត សម្រាប់ការចែកចាយគ្របដណ្តប់លើវិសាលភាព ខេត្តកំពត និងខេត្តកែប។
ក្រុមហ៊ុនចិនចំនួនពីរ ដែលគ្រោងទាញយកប្រភពទឹកពីភ្នំកំចាយយកមកប្រើប្រាស់នោះ រួមមានក្រុមហ៊ុនChina Energy Engineering Corporation Limited និងក្រុមហ៊ុនPower China Cambodia of Sinohydro Co,Ltd ដែលជាក្រុមហ៊ុនចំណុះរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ លោកចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងកាលពីម្សិលម៉ិញថា គំរោ ងទាញយកប្រភពទឹកពីវារីអគ្គិសនីកំចាយ ខេត្តកំពត ក្រសួងមានគោលការណ៍រួចហើយ ក្នុងការទាញយកប្រភពទឹកប្រមាណពី១៥ ទៅដល់២៥លានម៉ែត្រត្រីគុណក្នុងមួយឆ្នាំ ដើម្បីផលិតទឹកស្អាត ក្នុងសមត្ថភាព៦ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។
លោកបន្តថា“យើងគោលដៅផ្តត់ផ្គង់ទឹកស្អាត ដើម្បីគ្របដណ្តប់ក្នុងវិសាលភាពខេត្តចំនួនពីរ គឺខេត្តកំពត និងខេត្តកែប ដែលជាខេត្តប៉ូលទេសចរណ៍ តំបន់ឆ្នេរដ៏សំខាន់របស់កម្ពុជា”។
លោកចម ប្រសិទ្ឋបន្តថា ទោះបីគម្រោងនេះ ត្រូវចំណាយលុយអស់ច្រើនយ៉ាងណាក៏ដោយ តែថ្លៃទឹកគឺត្រូវលក់ក្នុងតម្លៃ សមរម្យដល់ប្រជាពលរដ្ឋ និងជាទឹកដែលមានគុណភាព សុវត្ថិភាព និងនិរន្តរភាព។ ក្រសួងនឹងយកជាមូលដ្ឋានដើម្បីពិចារណា ជាពិសេសគឺការស្វែងរកប្រភពទុន ប្រសិនយើងបានទទួលប្រភពទុន ជាប្រភេទជំនួយឥតសំណង រឺកម្ចីឥណទានការប្រាក់ទាប យើងនឹងអាចផលិតទឹកផ្គត់ផ្គត់ដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាបសមរម្យនិងអាចឲ្យប្រជាពលរដ្ឋយើងមានទឹកស្អាតប្រើប្រាស់ ដែលមានបណ្តាញតដល់ផ្ទះ ជាពិសេសការជៀសផុតពីការឆ្លងជំងឺផ្សេងៗ ដោយសារការប្រើទឹកមិនស្អាតជាដើម។
ខេត្តកែប និងកំពតកំពុងកើនឡើងនូវការអភិវឌ្ឍ ដែលធ្វើឲ្យកំនើនប្រជាសាស្រ្តកើនឡើងជាប្រចាំ ដែលធ្វើឲ្យកង្វះទឹកសាបប្រើប្រាស់បានក្លាយជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនក្នុងខេត្ត ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនេះ៕