ដោយ : គង់ សូរិយា
ភ្នំពេញ : ទីបំផុតផ្សារទំនើបលំដាប់ពិភពលោកAEON Mall2 ស្ថិតនៅភាគខាងជើងក្រុងភ្នំពេញ នឹងបើកដំណើរការនៅចុងខែឧសភាខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
ទេសរដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹង ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបPH Diamond Placeកាលពីម្សិលម៉ិញនេះថា ផ្សារទំនើបលំដាប់អន្តរជាតិAEON Mall2 នឹងបើកដំណើរការនៅកំឡូងខែឧសភាខាងមុខនេះ។
ផ្សារទំនើបAEON Mall2 មានទំហំធំជាងផ្សារទំនើបAEON Mall1 និងមានសេវាកម្មកំសាន្តស្តង់ដាអន្តរជាតិ ដែលផ្តល់សេវាកម្មជាច្រើន ដល់ប្រជាជនរស់នៅភាគខាងជើងក្រុងភ្នំពេញ ដែលភាគច្រើជាក្រុមអភិជន។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានថ្លែងថា ការកើនឡើងនូវវត្តមានផ្សារទំនើបនៅកម្ពុជា បង្ហាញពីសញ្ញាល្អប្រសើរនៃសេដ្ឋកិច្ចប្រទេសនេះ ហើយកំនើនសេដ្ឋកិច្ចបានធ្វើឲ្យអំណាចនៃការទិញកើនឡើង នៅក្នុងប្រទេសកម្ពុជា។អ្នកនាងបន្តថា ទោះជាចំនួនផ្សារទំនើបកើន ឡើងច្រើនក្តី ប៉ុន្តែវាមិនមានបញ្ហានោះទេ ដោយសារអ្នកវិនិយោគបានចាប់យកអតិថិជនគោលដៅផ្សេងៗគ្នា និងស្ថិតនៅតំបន់ផ្សេងៗគ្នា។
នៅឆ្នាំ២០១៨នេះផ្សារទំនើប ដែលវិនិយោគដោយអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិប្រមាណ១០ទៀតនឹងបើកដំនើរការ ខណៈផ្សារទំនើបថ្មីៗជាច្រើនទៀតកំពុងសាងសង់ផងដែរ ដូចជា ផ្សារទំនើបនៃបុរីប៉េង ហួត PH ECO MALL ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្សារទំនើបPH Diamond Placeស្ថិតនៅបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែនឬផ្លូវ៦០ម៉ែត្រជាដើម៕