ដួង ចន្រ្ទា
ភ្នំពេញ ប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលនៃគណកម្មាធិការទន្លេមេគង្គ នៅខេត្តសៀមរាប ដែនដីដ៏ពិសិដ្ឋ ដែលនឹងមានការអញ្ជើញចូលរូមពីបណ្តាមេដឹកនាំបណ្តាប្រទេសក្នុងតំបន់នេះ។
កិច្ចប្រជុំកំពូលនៃគណកម្មការធិកាទន្លេមេគង្គ បានចាប់ផ្តើមពីថ្ងៃទី៤ដល់ទី៥ មេសាខាងមុខនេះ។
ថ្ងៃនេះគេហទំព័រPropertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច កត្តាប្រជាសាស្រ្តនៃបណ្តាប្រទេស៤នៃដងទន្លេមេគង្គ រួមទាំងប្រទេសភូមាផងដែរ។
ប្រទេសកម្ពុជា
ប្រទេសកម្ពុជាមានកំនើបសេដ្ឋកិច្ច៧,៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ប្រទេសនេះស្ថិតក្នុងចំណោមប្រទេស៨ ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេនៅលើពិភពលោក។
ប្រទេសកម្ពុជា មានចំនួនប្រជាជនសរុបចំនួនប្រមាណ១៦លាននាក់ ប្រជាជនប្រទេសនេះ មានប្រាក់ចំណូល១៤៣៥ដុល្លារក្នុងម្នាក់ ក្នុងមួយឆ្នាំកាលពីឆ្នាំ២០១៧។
ប្រទេសនេះបានចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុតកាលពីឆ្នាំ២០១៥ និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យវាយណភ័ណ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង វិស័យសំណង់ វិស័យទេសចរណ៍ សេវាកម្ម និងវិស័យកសិកម្ម។
ប្រទេសឡាវ
កំណើនសេដ្ឋកិច្ច៦,៨ភាគរយកាលពីឆ្នាំ២០១៧ និងកើនដល់៧ភាគរយនៅឆ្នាំនេះ។
ចំនួនប្រជាជនជិត៧លាននាក់នៅឆ្នាំ២០១៧
ប្រាក់ចំណួលក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំជាង១៦៤២ដុល្លារកាលពីឆ្នាំ២០១៦។
សេដ្ឋកិច្ចប្រទេសឡាវពឹងផ្អែកលើធនធានធម្មជាតិ ការនាំចេញផលិតផលកសិកម្ម សេវាកម្ម និងវិស័យទេសចរណ៍។
ប្រទេសថៃ
សេដ្ឋកិច្ចប្រទេសថៃកើន៤,៣ភាគរយកាលពីឆ្នាំ២០១៧។
តាមការព្យាករណ៍ចំនួនប្រជាជនថៃ នឹងកើនដល់ចំនួនជាង៦៩លាននាក់នៅឆ្នាំ២០១៨នេះ។
ចំណូលសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០១៦ មានទឹកប្រាក់៥៩០១ដុល្លារ។
សេដ្ឋកិច្ចប្រទេសថៃមួយផ្នែកធំ ពឹងផ្អែកលើការនាំចេញទំនិញប្រើប្រាស់ ផលិតផលកសិកម្ម សេវាកម្ម ទេសចរណ៍ វិស័យសំណង់ និងអចលទ្រព្យ ជលផល និងវិស័យយានយន្តផងដែរ។
វៀតណាម
ប្រជាជនវៀតណាមបានកើនឡើងដល់ជាង៩៦លាននាក់នៅឆ្នាំ២០១៧។
ចំណូលសម្រាប់មនុស្សម្នាក់មាន១៧៧០ដុល្លារសម្រាប់មនុស្សម្នាក់ កាលពីឆ្នាំ២០១៧។
កំនើនសេដ្ឋកិច្ចមានប្រមាណ៦,២៨ភាគរយ និងរំពឹងកើនដល់៧ភាគរយនៅឆ្នាំ២០១៨។
វិស័យសេដ្ឋកិច្ចវៀតណាម ពឹងផ្អែកលើការនាំចេញផលិតផលប្រើប្រាស់ ផលិតផលកសិកម្ម ជលផល វត្ថុធាតុដើម ទេសចរណ៍ និងវិស័យសំណង់ និងអចលនទ្រព្យ។
ភូមា
ប្រជាជនភូមា រំពឹងនឹងកើនដល់ជាង៥៤លាននាក់នៅឆ្នាំ២០១៨។
កំនើនសេដ្ឋកិច្ចល្អប្រសើរកាលពីឆ្នាំមុន ដោយប្រទេសនេះសម្រេចបានកំនើនសេដ្ឋកិច្ច៧ភាគរយ។
ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ នៅប្រទេសភូមាមានចំនួន១៤២០ដុល្លារកាលពីឆ្នាំ២០១៦។
ប្រទេសភូមាពឹងផ្អែកលើធនធានធម្មជាតិ សេវាកម្ម ការនាំចេញផលិតផលកសិកម្ម និងវិស័យវាយណភ័ណផងដែរ៕