ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគអចលនទ្រព្យយក្ស មានមូលដ្ឋាននៅប្រទេសចិន Prince Real Estate Group នឹងផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយ នឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
ផ្សារទំនើបនេះស្ថិតនៅក្នុងអាគារ The Prince Plaza ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។
ការបើកផ្សារទំនើបនេះ នឹងជាការចាប់ផ្តើមនូវការរីកចម្រើនថ្មីនៃវិស័យផ្សារទំនើបនៅកម្ពុជា ដែលនឹងមានផ្សារចំនួន១៣នឹងបើកដំណើរការនៅឆ្នាំនេះ។
យោងតាមព៌តមានពីក្រុមហ៊ុន CBRE Cambodiaបានឲ្យដឹងថា ផ្សារទំនើបនេះមានឈ្មោះ PRINCE CENTRAL PLAZA ដែលមានទំហំសរុបចំនួន៨១០០ម៉ែត្រការ៉េ ដែលជាផ្សារធំមួយ ស្ថិតក្នុងគំរោងអភិវឌ្ឍន៍ចម្រុះ ដែលមានរួមបញ្ចូលនូនខុនដូ ការិយាល័យ និងផ្សារទំនើប។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIA អ្នកនាងអាន សុធីតាបានលើកឡើងថា ការកើនឡើងនូវផ្សារទំនើបនៃក្រុងភ្នំពេញ ដោយសារការកើនឡើ់ងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសការកើនឡើងនូវការមកដល់នៃអ្នកវិនិយោគអន្តរជាតិ ព្រោះពួកគេកិតថាការវិនិយោគរបស់ពួកគេនឹងទទួលបានជោគជ័យ ដោយសារកំលាំងទិញឬអំណាចនៃការទិញមានការកើនឡើង។
អ្នកនាងបន្តថា “ការវិនិយោគផ្សារទំនើប ជាការវិនិយោគបានផលចំណេញច្រើនពីការវិនិយោគ ហេតុនេះទើបមានការវិនិយោគច្រើន ប៉ុន្តែអ្នកវិនិយោគផ្សារទំនើបទាមទារសិក្សាពីស្ថានភាពទីផ្សារឲ្យបានច្បាស់លាស់ និងចេះបត់បែនតាមបរិបទទីផ្សារជាក់ស្តែង”។ អ្នកនាងបន្ថែមថា “តាមធម្មតាផកសារទំនើបរយៈពេល៥ទៅ១០ឆ្នាំម្តង ទាមទារឲ្យមានការរៀបចំឡើងវិញ ដើម្បីបំពេញតម្រូវការ និងទាក់ទាញអតិថិជននានា”៕