ដោយគង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជានខ្ពស់នៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងអាកាសចរណ៍ស៊ីវិលបានថ្លែងថា ប្រទេសកម្ពុជាដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង គឺជាទិសដៅវិនិយោគដ៏ល្អមួយសម្រាប់អ្នកវិនិយោគឥណ្ឌា។
លោក Suresh Prabhu រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងអាកាសចរណ៍ស៊ីវិលឥណ្ឌាបានថ្លែងកាល ក្នុងពិធីបិទកិច្ចជំនួបពាណិជ្ជកម្មឥណ្ឌា និងបណ្តាប្រទេស CLMV កាលពីម្សិលមិញថា កម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគឺជាទិសដៅវិនិយោគ ដ៏ល្អមួយសម្រាប់ឥណ្ឌា ដោយសារសក្ដានុពលវិនិយោគរបស់ប្រទេសនេះ ដូចជា ការវិនិយោគមិនប៉ះពាល់បរិស្ថានរបស់ខ្លួន សេដ្ឋកិច្ចពឹងលើប្រាក់ដុល្លារ និងគោលនយោបាយបើកចំហជាច្រើនផ្សេងទៀតដើម្បីទាក់ទាញការវិនិយោគ។
លោកបន្តថា ឥណ្ឌាសម្លឹងឆ្ពោះមុខដើម្បីប្រកាសពីកិច្ចសហប្រតិបត្តិការវិនិយោគ បន្ថែមទៀតជាមួយប្រទេសកម្ពុជានាពេលអនាគត”។
កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៥ របស់ប្រទេសឥណ្ឌា និងក្រុមប្រទេសCLMV នៅក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញ ដែលផ្ដោតលើកិច្ចសហការសមាហរណកម្មក្នុងតំបន់។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិបានថ្លែងថា ឥណ្ឌា និង បណ្ដាប្រទេស CLMV ត្រូវតែធ្វើការងារឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីធ្វើ សេរីភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀត។លោកបានថ្លែងថា ប្រទេសទាំង៥នេះ គួរតែចាំបាច់ធ្វើការងារ ដើម្បីទប់ស្កាត់គោលនយោបាយគាំពារនិយម ពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងលើកកម្ពស់ទំនាក់ទំនងរវាងក្រុមហ៊ុន និងក្រុមហ៊ុន (B2B)។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេសពីប្រទេសឥណ្ឌា មកកាន់តំបន់អាស៊ានបានកើនឡើងពី៩៦០លានដុល្លារកាលពីឆ្នាំ ២០១៥ ដល់ ១,០៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦។
នេះជាលើកដំបូងហើយ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា និងក្រុមប្រទេស CLMV នេះ៕