ដោយ ដែន ចែងចាំង
ភ្នំពេញ៖ វិស័យធានារ៉ាប់រងអាយុជីវិតនោកម្ពុជា មានការរីកចំរើនជាខ្លាំងដោយសារជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែកើនឡើង ពីសារៈប្រយោជន៍នៃការទិញសេវាធានារ៉ាប់រងអាយុជីវិត។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ងួន សុខាបានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ ភាពជាដៃគូចែកចាយសេវាធានារ៉ាប់រងអាយុជីវិត រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីធីតកាលពីម្សិលម៉ិញនេះថា ទោះបីជាវិស័យធានារ៉ាប់រងទើប មានវត្តមាននៅក្នុងប្រទេសកម្ពុជាក្ដី តែវិស័យមួយនេះមានការរីកចំរើនជាខ្លាំង ដោយប្រជាជនមានការគិតគូរខ្ពស់ពីសារៈប្រយោជន៍ ដែលសេវាធានារ៉ាប់រងផ្ដល់ជូននាពេលអនាគត។
លោកជំទាវបន្តថា “ភាពសហការជាដៃគូ ក្នុងការចែកចាយសេវាធានារ៉ាប់រងអាយុជីវិតមានការកើនឡើងគួរអោយកត់សម្គាល់ ដោយមានភ្នាក់ងារសេវាធានារ៉ាប់រងជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ ក្រុមហ៊ុនកំពុងប្រតិបត្តិក្នុងប្រទេសកម្ពុជា ជាពិសេសត្រឹមឆ្នាំ២០១៧ ប្រាក់បុព្វលាភធានារ៉ាប់រងអាយុជីវិត បានកើនដល់សរុបចំនួន១៥៣លានដុល្លារអាមេរិក”។
អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្វ៍លោក Tan Jiak Hiang បានមានប្រសាសន៍ថា ការសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ គឺដើម្បីចែកចាយសេវាធានារ៉ាប់រងឥណទាន និងផលិតផលការពារហិរញ្ញវត្ថុផ្សេងៗដល់អតិថិជនរបស់ហត្ថាកសិករ ដោយវានឹងជួយសម្រួលនិងផ្ដល់អត្ថប្រយោជន៍ដល់ជាច្រើន។
សេវាធានារ៉ាប់រងអាយុជិវិត បានចាប់ផ្ដើមដំណើរការនៅកម្ពុជា កាលពីឆ្នាំ២០១២កន្លងមកនេះ៕