ដោយដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំមួយគ្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបធំមួយនៅក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យទីក្រុងជាប់ជាមួយប្រទេសថៃនេះកាន់តែមានសក្តានុពលថែមទៀត។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងកាលពីថ្ងៃទី១០ សីហាកន្លងមកថា ក្រុមហ៊ុន BOONMA HNG Co, Ltdបានទទួលការអនុម័តយល់ព្រមពីស្ថាប័ននេះ ដើម្បីវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយបួនចំនួន៣៩២បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប ដែលមានទីតាំងស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងអាចផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនប្រមាណ៨៣៦កន្លែង។
ក្រុមហ៊ុននេះ បានទទួលការអនុញ្ញាត្តជាមួយក្រុមហ៊ុនចំនួនបីទៀត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងពេលថ្មីៗនេះ ដែលសរុបទុនវិនិយោគ១០០លានដុល្លារ សម្រាប់គំរោងវិនិយោគទាំងបួននេះ។
ទីក្រុងប៉ោយប៉ែត ជាទីក្រុងវិនិយោគដ៏លឿន ដោយសារសកម្មភាពពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលបានទាក់ទាញក្រុមហ៊ុនថៃ និងក្រុមហ៊ុនជប៉ុនជាច្រើនទៅវិនិយោគនៅតំបន់នេះ។
រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាតំបន់ឧស្សាហកម្មពិសេសនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីប្រែក្លាយទីក្រុងនេះជាមជ្ឈមណ្ឌលភស្តុភាកម្ម និងជាទីតាំងវិនិយោគដ៏មានសក្តានុពល។
ទីប្រឹក្សាជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ក្រុងប៉ោយប៉ែតមានលក្ខណៈពិសេស និងមានការរីកចម្រើនលឿន ដោយសារគោលនយោបាយថៃបូកមួយ បានធ្វើឲ្យតំបន់នេះទាក់ទាញ អ្នកវិនិយោគមកពីប្រទេសថៃជាច្រើន មកវិនិយោគនៅតំបន់នេះ ព្រោះទី១ ជាតំបន់ជាប់ព្រំដែនថៃ ដែលងាយស្រួលក្នុងការតភ្ជាប់លើវិស័យគមនាគមន៍ ទី២ ដោយសារកំលាំងពលកម្មរបស់កម្ពុជាមានតម្លៃទាប ធៀបជាមួយប្រទេសថៃ ហេតុនេះអ្នកវិនិយោគមកវិនិយោគនៅតំបន់នេះ ដើម្បីធ្វើឲក្យតម្លៃផលិតទាប និងងាយនាំចេញទៅកាន់ប្រទេសថៃ។
ទី៣ គោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាត្តឲ្យជនបរទេស អាចបោះទុនវិនិយោគ១០០ភាគរយបង្កើតក្រុមហ៊ុននៅកម្ពុជា៕