មជ្ឈមណ្ឌលកំសាន្តដ៏ធំ WB ARENA បើកទ្វារស្វាគមន៍អ្នកស្វែងរកទីតាំងអាជីវកម្ម

0

ដោយគង់ សូរិយា

       ភ្នំពេញមជ្ឈមណ្ឌលកំសាន្ត និងពាណិជ្ជកម្មស្ថិតនៅស្របតាមដងទន្លេបាសាក់ ក្រុងភ្នំពេញ ដែលជាទីតាំងរចនាឡើងយ៉ាងប្រណីត និងមានខ្យល់អាកាសបរិសុទ្ឋនឹងបើកទ្វារស្វាគមន៍អតិថិជន ដែលមានបំណងស្វែងរកទីតាំងអាជីវកម្ម ឬមានគំរោងអាជីវកម្មថ្មីនានា។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន World Bridge ដែលជាអ្នកវិនិយោគគំរោងនេះបានឲ្យ Propertyarea.asia ដឹងនារសៀលថ្ងៃទី១៥ សីហានេះថា កម្មវិធីនេះនឹងចាប់ផ្តើមបើកទ្វារស្វាគមន៍អតិថិជន និងអ្នកមានបំណងស្វែងរកទីតាំងអាជីវកម្មចាប់ពីម៉ោង៨ព្រឹក រហូតដល់៦ល្ងាចនាថ្ងៃទី២១ សីហាខាងមុខនេះ។ ក្នុងឳកាសនេះអតិថិជននឹងអាចស្វែងយល់ពីសក្តានុពល ទស្សនាគំរោង និងអាគារនិមួយៗដែលស្ថិតក្នុងគំរោងនេះ ដើម្បីអាចជ្រើសរើសទីតាំងសមស្របសម្រាប់អាជីវកម្ម ឬជំនួញរបស់ខ្លួន។

WB ARENA ជាមណ្ឌលកំសាន្តដ៏ធំ ស្ថិតនៅក្នុងសង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ស្របតាមបណ្តោយផ្លូវជាតិលេខ២ ហើយវាជាគំរោងមាន​លក្ខ ណៈពិសេស ដែលមានការរចនាឡើងប្រកបដោយបរិយាកាសរសរវើក ដូចជា ភោជនីយ​ដ្ឋាននៅតាមមាត់ទន្លេ មានអាហារដ្ឋានបែបខ្មែរ កន្លែងម៉ាស្សា និងស្បារ ផ្សារចំនួន៩០ស្តង់ និងសេវាកម្មជាច្រើនទៀត។

អតិថិជន ឬអ្នកមានបំណងស្វែងរកដៃគូអាជីវកម្ម និងចាប់ផ្តើមអាជីវកម្មក្នុងគំរោងនេះអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៨៩ ៩៩៩ ៦៨១ ឬតាមរយៈអាស័យដ្ឋាននៅក្នុងបណ្តាញ Facebook ឈ្មោះ WB ARENA។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Worldbridge Land លោក Tan Teck Kee បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា WB ARENA ​នឹង​ក្លាយ​ជាគោលដៅ​កន្លែង​សម្រាប់ ​លម្ហែ​សម្រាប់​ក្រុមគ្រួសារ​នាពេលអនាគត ​នៅពេល​គម្រោង​នេះ ​នឹង​បើក​ដំណើរការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ។ លោក​បន្ត​ថា ​វា ​នឹង​ក្លាយ​ជា​គោលដៅ​កម្សាន្ត​នៅ​មាត់​ទន្លេ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក ជនបរទេស និង​ភ្ញៀវទេសចរ​ផង​ដែរ​។ យើង​បាន​សាងសង់​នូវ​កន្លែង​សម្រាប់​ប្រកួត​កីឡា ​ដែល​នឹង​មាន​បើក​ស្វាគមន៍​ ទទួល​ការប្រកួត​ និង​ការ​ប្រារព្ធ​កម្មវិធី​ជាច្រើន​ទៀត​។ ជាមួយគ្នានេះ ក្រុមហ៊ុនមានគំរោង​នឹង​ធ្វើ​ព្រឹត្តិការណ៍​នានា ​ដោយផ្តោតលើមនុស្សគ្រប់​វ័យ​ផង​ដែរ​​។

គម្រោង​នេះ​ត្រូវ​បាន​ឌីសាញ​ឡើង ​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​នៅ​ប្រទេស​ សិង្ហបុរី Chin Kam and Associates (CK&A) ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន Worldbridge Group និង​ដៃគូ​វិនិយោគ​របស់​ខ្លួន​គឺ Oxley International Holdings ជួល​ឲ្យ​រចនា​ប្លង់​គម្រោង The Bridge និង The Peak​។ WB Arena ត្រូវ​បាន​គេ​រចនា​ស្រដៀង​គ្នា​នឹង Clarke Quay នៅ ​សិង្ហបុរី​។ យ៉ាង​ណា​មិញ​ការ​រចនា​ប្លង់​នេះ​ត្រូវ​បាន​រចនា​យ៉ាង​ផិ្ចតផ្ចង់​ដើម្បី​ឱ្យ ​ស៊ី​គ្នា​ទៅ​នឹង​បរិបទ​កន្លែង​កម្សាន្ត​បែប​ខ្មែរ ​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​។

​​        លោក Simon Griffiths នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Urban Asset Solutions ដែល​ជា​ភ្នាក់ងារ​ទទួល​បន្ទុក​ការជួល និង​ជួប​អតិថិជន​របស់​គម្រោង WB Arena បាន ​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​ផ្ទៃ​សរុប​៦០០០ម៉ែត្រការ៉េ ដែលក្រុមហ៊ុននឹងបែងចែក​តំបន់​ផ្សេងៗ​គ្នា​សម្រាប់​ហាង​លក់ទំនិញ ហាង​លក់​ចំណី​អាហារ និង​ភេសជ្ជៈ និង​កន្លែង​កម្សាន្ត​។

លោក Simon Griffiths បានបន្ត​ថា “​យើង​ចង់​ធ្វើ​អ្វីៗ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិមកកំសាន្តនៅតំបន់នេះ​”។

គម្រោង​នេះ នឹង​មាន​ស្តង់​ដែល​បម្រី​អាហារ​ព្រម​ទាំង​ភេសជ្ជៈ​ជាច្រើន​ មុខ​សម្រាប់​អ្នក​ទៅ​កម្សាន្ត​ ក៏​ដូចជា ​កន្លែង​ពិសា​អាហារ​មាត់​ឆ្នេរ​ក្រោម ​ម្លប់​ដើមត្នោត​ប្រប​មាត់​ទន្លេ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here