កម្ពុជា​ត្រូវការ​ថវិកា​ចំនួន​ជិត​ ៦០ពាន់​លាន​ដុល្លារ​សម្រាប់​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​ ៥ឆ្នាំ​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ កម្ពុជា​ត្រូវការ​ថវិកា​ជិត​ ៦០ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​សម្រេច​រាល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំ ​ចាប់ពី​ឆ្នាំ២០១៩​ ដល់​ឆ្នាំ២០២៣​។

យោង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំ​ចាប់ពី​ឆ្នាំ២០១៩​ ដល់​ឆ្នាំ២០២៣​ ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ បានឱ្យ​ដឹង​ថា​ ដើម្បី​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំនេះ​ ត្រូវការ​ប្រភព​ហិរញ្ញប្បទាន​ដោយ​ធនធាន​ក្នុង​ស្រុក​ និង​ធនធាន​ក្រៅ​ស្រុក​ ព្រមទាំង​វិនិយោគមូលធន​របស់​វិស័យ​សាធារណៈ​ និង​ឯកជន​ប្រមាណ​ជា​ ៥៩.៩ពាន់​លាន​ដុល្លារ​អាមេរិក​។

ក្នុង​នោះ​ការ​វិនិយោគមូលធន​របស់​វិស័យ​ឯកជន​មាន​ចំនួន​ប្រមាណ​ ៤៣.៤ពាន់​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ៧២.៥​% នៃ​ទុន​វិនិយោគ​សរុប​ និង​វិនិយោគមូលធន​នៃ​វិស័យ​សាធារណៈ​ប្រមាណ​ ១៦.៤ពាន់​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ២៧.៥​% នៃ​ទុន​វិនិយោគ​សរុប​។

សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅក្នុង​​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩​-២០២៣​ ​នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ កម្ពុជា​នៅ​មានការ​ងារ​អាទិភាព​សេសសល់​នៅក្នុង​ដំណើរការ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធ​សា​សស្ត្រ​អភិវឌ្ឍ​ជាតិ​ ២០១៤​-២០១៨​ ចំនួន៧​៖

១) ការ​លើកកម្ពស់​ ការកាត់បន្ថយ​ភាព​ក្រីក្រ​ និង​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្ន ២) ការពង្រីក​វិស័យ​កសិកម្ម​ ៣) ការ​ធានា​​នូវ​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ ៤) ការគ្រប់គ្រង​ការ​ធ្វើ​ចំណាកស្រុក​ និង​នគរូបនីយកម្ម​ ៥) ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ និង​ការ​កាប់ព្រៃ​ឈើ​ ៦) ការធានា​នូវ​អភិបាលកិច្ច​ល្អ​ប្រសើរ​ និង ៧​) កែ​លម្អ​មូលដ្ឋាន​ធន​ធាន​មនុស្ស​។

ទោះបីជា​យើង​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការអនុវត្ត​ការងារ​អាទិភាព​ទាំងនេះ​ តែ​យើង​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការអនុវត្ត​ការងារ​គន្លឹះ​ទាំងឡាយ​នៅក្នុង​ក្របខ័ណ្ឌ​ ផែនការ​យុទ្ធ​សា​ស្ដ្រអភិវឌ្ឍន៍​ជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នូវ​ជោគ​ជ័យ​ធំៗ​គួរ​ជា​ទី​មោទ​នៈ​ក្នុង​ពេក​កន្លងមក​។

សម្តេច​បន្ត​ថា​ កម្ពុជា​បាន​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ និង​ការបង្កើត​នូវ​បរិយាកាស​អំណោយ​ផល​មួយ​សម្រាប់​ធានា​ឱ្យ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​កំណើនថេរ​ ក្នុងរង្វង់​៧% និង​ការសម្រេច​បាន​នូវ​វឌ្ឍនភាព​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សង្គម​-សេដ្ឋកិច្ច​ និង​ការ​កាត់​ បន្ថយ​ភាព​ក្រីក្រ​ស្របតាម​ឆន្ទៈ​នៃ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ចំពោះមុខ​នេះ​ ផែនការ​យុទ្ធ​សា​ស្ដ្រអភិវឌ្ឍន៍​ជាតិ​ នឹង​បន្ត​គាំទ្រ​និង​ជំរុញ​ល្បឿន​នៃ​កម្មវិធី​ នយោបាយ​របស់​រាជរដ្ឋាភិបាល​ ពិសេស​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​ទី៤​ ដើម្បី​ កំណើន​ការងារ​ សមធម៌​ និង​ ប្រសិទ្ធភាព​ ដែល​ជា​របៀបវារៈ​គោលនយោបាយ​សង្គម​-សេដ្ឋកិច្ច​ សម្រាប់​កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០​។

ក្រសួងផែនការ​បាន​អោយ​ដឹង​ថា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិនេះ​ ត្រូវ​បាន​រៀបចំឡើង​បន្ត​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៤​-២០១៨​ ដែល​ត្រូវ​បាន​ចប់​អាណត្តិ​នា​ចុងឆ្នាំ២០១៨​ ក្នុង​នីតិកាល​ទី៥​ នៃ​រដ្ឋសភា​កន្លងទៅ​។

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៩​-២០២៣​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here