ដោយៈ គង់ សូរិយា
កំពង់ស្ពឺៈ អ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មបានលើកឡើងថា ខេត្តកំពង់ស្ពឺជាខេត្តមួយ ដែលទាក់ទាញការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មច្រើនជាងគេ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា មួយរយៈចុងក្រោយនេះ វិស័យអចលនទ្រព្យហាក់ថមថយល្បឿន ប៉ុន្តែផ្នែកសំខាន់ៗចំនួន២ នៅតែមានតម្រូវការ គឺផ្ទះតម្លៃសមរម្យ និងដីសម្រាប់សាងសង់តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។
អ្នកឧកញ៉ាបានបន្តថា មួយរយៈចុងក្រោយនេះ មានខេត្តកំពង់ស្ពឺ កណ្តាល តាកែវ និងបណ្តាខេត្តមួយចំនួនជាប់ព្រំដែន ដូចជា ទីក្រុងបាវិត ក្នុងខេត្តស្វាយរៀង តំបន់ជ្រៃធំ ក្រុងសំពៅពូន ប៉ោយប៉ែត និងក្រុងព្រះសីហនុ។
អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ខេត្តកំពង់ស្ពឺ ជាខេត្តមានសក្តានុពលខ្លាំង ពិសេសតំបន់ផ្លូវជាតិលេខ៤៤ ដែលតភ្ជាប់ទៅតំបន់ឱរ៉ាល់ ដែលមានភាពអំណោយផល លើការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ដោយសារជាតំបន់មានមនុស្សរស់នៅច្រើន មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងមានភាពប្រទាក់ក្រឡា។
អ្នកឧកញ៉ាបានបន្តទៀតថា ភាពអំណោយផលនៃតំបន់ផ្លូវជាតិលេខ៤៤ ដោយសារជាតំបន់ដែលស្ថិតនៅជិត តំបន់ចុះនៃផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ តំបន់ដែលមានរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសច្រើន និងកំពុងកើនឡើង ពិសេសវាជាតំបន់ ដែលដីមានតម្លៃល្អ និងនៅទាបនៅឡើយ ដែលអំណោយផលដល់ការវិនិយោគ។
លោកបញ្ជាក់ថា “ប្រសិនជាដីនៅផ្លូវ៤៤ឡើងថ្លៃខ្ពស់ពេក និងមិនមានមនុស្សច្រើនរស់នៅ ក៏តំបន់នេះមិនទាក់ទាញការវិនិយោគ និងការអភិវឌ្ឍលើដីឡូត៍លំហែរ ការសាងសង់ផ្ទះជួល និងសេវាកម្មផ្សេងៗទៀតដែរ”៕