ដោយ វុត្ថា
ភ្នំពេញៈ ស្ថានទូតរបស់ប្រទេសកម្ពុជា និងក្រុមហ៊ុន ILAWASIA Co.,Ltd បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា (MOU) ដាក់ឱ្យដំណើរការជាផ្លូវការ សេវាប្រឹក្សាយោបល់ និងគាំពារផ្លូវច្បាប់ទាក់ទងនឹងការធ្វើធុរកិច្ច-ពាណិជ្ជកម្ម និងពលករ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសថៃ បានឱ្យដឹងថា ពិធីចុះហត្ថលលើអនុស្សារណៈយោគយល់គ្នា(MOU)នេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោក លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសថៃ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គោលបំណងសំខាន់នៃការចុះអនុស្សារណៈនេះ គឺដើម្បីជួយជំរុញអនុវត្តកាទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើពាណិច្ជកម្ម ទេសចរណ៍ និងវប្បធម៌ តាមរយៈការពង្រីកលទ្ធភាព ជូនដល់វិស័យឯកជនកម្ពុជា និងថៃទទួលបានសេវាប្រឹក្សាយោបល់ និងគាំពារផ្នែកច្បាប់នៅក្នុងជំម្លោះធុរកិច្ច-ពាណិជ្ជកម្ម និងពលករកម្ពុជា ដែលកំពុងបំរើការងារនៅក្នុងប្រទេសថៃ។
លោកបានឱ្យដឹងដែរថា ការចុះអនុស្សារណៈនៅថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិស័យការងារទ្វេភាគីកម្ពុជា-ថៃ ព្រមទាំង បង្កើនទំនុកចិត្តរវាងសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក អ៊ូក សោភ័ណ ក៏បានលើកទឹកចិត្តដល់ធុរជន ពាណិជ្ជករ និងវិនិយោគិនកម្ពុជា-ថៃ ដែលមានបំណង ចាប់ដៃគូធ្វើធុរកិច្ច និងពាំណិជ្ជកម្មជាមួយគ្នា សូមមកធ្វើការពិគ្រោះយោបល់ នៅការិយាល័យអនុព័ន្ធពាណិជ្ជកម្ម នៃស្ថានទូតកម្ពុជានៅទីក្រុងបាងកក ដើម្បីជៀសវាងកើតមានវិវាទនឹងគ្នានៅថ្ងៃក្រោយ ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ៕