ក្រសួងពាណិជ្ជកម្ម៖ គម្រោងវិនិយោគជប៉ុននៅកម្ពុជាកើនដល់ ១៣៧គម្រោង ក្នុងទុនប្រមាណ ២,៥ ពាន់លានដុល្លារ

0

ដោយវុត្ថា

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអះអាងថា គម្រោងវិនិយោគរបស់ជប៉ុន នៅក្នុងឆ្នាំ២០១៩ មានចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ដែលមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈទំនាក់ទំនាក់នៃប្រទេសទាំងពីរមានភាពល្អប្រសើរ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “Cambodia-Japan IT/Software Outsourcing Trade Promotion and business meeting” កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ម្សិលមិញនេះ ឱ្យដឹងថា គម្រោងវិនិយោគរបស់ជប៉ុនទាំងនោះនៅកម្ពុជាផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

លោកបន្តថា ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន នៅឆ្នាំ២០១៩ មានទំហំទឹកប្រាក់ប្រមាណជាង ២,២៩២ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានចំនួនទឹកប្រាក់ជាង ១,៧២៩ លានដុល្លារ និងកម្ពុជានាំចូលពីជប៉ុនមានទំហំទឹកប្រាក់ជាង ៥៦២ លានដុល្លារ។

លោកបន្ថែមទៀតថា ជាមួយគ្នានេះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ (ឧស្សាហកម្ម ៤.០) ដែលសំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួនដូចជា ការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ ការគណនាធំៗ និងស្មុកស្មាញ ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗ អំពីការគ្រប់គ្រងផលិតកម្ម។

ឧស្សាហកម្ម ៤.០ ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច ដោយមានការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០៕

LEAVE A REPLY

Please enter your comment!
Please enter your name here