ក្រុងព្រះវិហារ កំពុងពន្លឿនការរៀបចំប្លង់គោលសម្រាប់ប្រើប្រាស់ដីក្នុងចក្ខុវិស័យឆ្នាំ២០៣៥

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អភិបាលខេត្តព្រះវិហារបានស្នើសុំគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មខេត្ត ឱ្យជួយពន្លឿនការរៀបចំប្លង់គោលសម្រាប់ប្រាស់ដីក្នុងក្រុងព្រះវិហារឱ្យបានឆាប់ ដើម្បីងាយស្រួលក្នុងកិច្ចអនុវត្តផែនការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានាក្នុងចក្ខុវិស័យឆ្នាំ២០៣៥។

- Video Advertisement -

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣៥ ក្នុងសប្ដាហ៍នេះថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យឆ្នាំ២០៣៥ ជូនសមាជិកគណៈកម្មាធិការ។

ជាមួយគ្នានោះ លោកក៏បានដាក់ចេញនូវគោលការណ៍ដល់សមាជិកអនុវត្តន៍បន្តគឺ ក្រុមការងារបច្ចេកទេសរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្រុងព្រះវិហារ សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនឱ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋានដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មក្រុង និងខេត្តព្រះវិហារ ព្រមទាំងបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច។

លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា រាល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងក្រុងព្រះវិហារ សូមឱ្យអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លង់គោលការប្រើប្រាស់ដីធ្លីក្នុងក្រុងព្រះវិហារជាផ្លូវការ។

កិច្ចប្រជុំស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣៥ ដើម្បីសុំការសម្រេចពីថ្នាក់ជាតិខាងលើនេះ មានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការ ព្រមទាំងមានការចូលរួមដោយនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនៅសាលប្រជុំសាលាខេត្តព្រះវិហារ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here