ដោយនៅ វឌ្ឈនា
ភ្នំពេញៈ ក្រុមហ៊ុនចិន Bao Li បានបោះទុនប្រមាណ២០០លានដុល្លារសាងសង់ខុនដូកណ្តាលទីក្រុងភ្នំពេញ ខណៈទីផ្សារខុនដូរនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងរីកចំរើនជាពិសេសក្នុងស្រទាប់យុវជនកម្ពុជា និងជនបរទេស។
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Top4 Realty បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនក្រុមហ៊ុន Top4 Realty បានចុះកិច្ចព្រមព្រៀងជាដៃគូសហការលក់ គម្រោងខុនដូ Bao Li ដ៏ធំមកពីប្រទេសចិន ដែលខុនដូនេះមានស្តង់ដារអន្តរជាតិ ហើយជាការបើកទំព័រថ្មីមួយនៅលើទីផ្សារកម្ពុជា ដែលនេះជាគម្រោងដ៏ធំមួយ និងបានលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា។
លោកបានថ្លែងទៀតថា “គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមកពីប្រទេសចិន ជាគម្រោងថ្មីមួយ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ហើយតាមផែនការអភិវឌ្ឍន៍ គម្រោងខុនដូនេះ មានទាំងខុនដូ អគារពាណិជ្ជកម្ម និងផ្សារទំនើបផងដែរ”។
លោកបន្ថែមថា “បច្ចុប្បន្ននេះទីផ្សារខុនដូនៅកម្ពុជា កំពុងតែមានតម្រូវការនៅឡើយ ហើយយុវជនជំនាន់ក្រោយនឹងផ្លាស់ប្តូររៀបរស់នៅខុនដូ ដូចជន បរទេស ដោយសារតែទៅមុខទៀត ទីក្រុងភ្នំពេញកាន់តែកកស្ទះ ដូច្នោះខុនដូ នឹងមានតម្រូវខ្ពស់បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ”។
នាយកចាត់ការទូទៅគម្រោង ខុនដូ Bao Li របស់ចិនលោកលី ម៉ិញបានឱ្យដឹងដែរថា ដោយសារតែប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ទើបក្រុមហ៊ុនលោកសម្រេចចិត្តមកវិនិយោគតែម្តង និងបានសហការជាមួយក្រុមហ៊ុន Top4 Realty ដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកបន្តថា សព្វថ្ងៃនេះគម្រោងទី១ ក្រុមហ៊ុនបានសាងសង់អូតែល និងខុនដូ ប្រមាណជាង៦០០យូនីត ដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២០ ហើយគម្រោងនេះមានលក្ខណៈពិសេសច្រើន ជាងខុនដូផ្សេងៗទៀតនៅរាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ទីផ្សារខុនដូនៅប្រទេសកម្ពុជាជាទីផ្សារដ៏ល្អ សម្រាប់ជនបរទេស និងពលរដ្ឋក្នុងស្រុក ហើយការវិនិយោគខាងលើនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកមុខមាត់ប្រទេសកម្ពុជាផងដែរ៕