ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃបន្តបំបែកកំណត់ត្រានៅក្នុងត្រីមាសទី២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានបន្តបំបែកកំណត់ត្រារបស់ខ្លួននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទោះជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការដំឡើងពន្ធគយដោយសហរដ្ឋអាមេរិកយ៉ាងណាក្តី។

ការលក់ផ្ទះដែលមានតម្លៃចាប់ពី១០លានដុល្លារអាមេរិកក្នុងមួយយូនីតបានហក់ឡើងដល់ទំហំទឹកប្រាក់ចំនួន២,៦ពាន់លានដុល្លារអាមេរិកនៅចន្លោះខែមេសា និងខែមិថុនា។នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវអចលនទ្រព្យ Knight Frank។

តួ​លេខ​ខាងលើនេះ​មាន​ការ​ហក់ឡើង៣៧​ភាគ​រយ​ធៀប​នឹង​ត្រី​មាស​ទី​មួយ ឆ្នាំ២០២៥ និង​ហក់ឡើង៦៣​ភាគ​រយ​បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Bloomberg។

របាយការណ៍ពីក្រុមហ៊ុន Knight Frank បានឱ្យដឹងបន្តថា លំនៅដ្ឋាន ដែលមានតម្លៃចាប់ពី១០លានដុល្លារចំនួន១៤៣យូនីត ត្រូវបានលក់ចេញកាលពីត្រីមាសទី២ ហក់ឡើង៥២ភាគរយធៀបនឹងឆ្នាំមុន។ក្នុងនោះ លំនៅដ្ឋានចំនួន២២យូនីតត្រូវបានលក់ចេញក្នុងតម្លៃលើសពី២៥លានដុល្លារ។

ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនៅតែមានសភាពរឹងមាំ បើទោះជាមានសង្គ្រាមរយៈពេល១២ថ្ងៃរវាងប្រទេសអុីស្រាអែល និងអុីរ៉ង់យ៉ាងណាក្តី។ ក្រុមឈ្មួញកណ្តាលបានថ្លែងប្រាប់កាសែត Bloomberg News ថា “សង្គ្រាមនេះបាននាំឱ្យទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃស្ទើរតែជាប់គាំងរយៈពេលខ្លី”។

តម្លៃលំនៅដ្ឋានជាមធ្យមនៅទូទាំងសង្កាត់ធំៗចំនួន១០ ក្នុងទីក្រុងឌូបៃបានហក់ឡើង១៨ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ប៉ុន្តែ ទោះជាយ៉ាងណា តម្លៃលំនៅដ្ឋានហាក់បន្តស្ថិតក្នុងសភាពទ្រឹង បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ដូចគ្នា៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here