ក្រុមហ៊ុន​ចិន​មួយ​គ្រោង​បោះទុន១០០០លាន​ដុល្លារ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេសបៃតង​នៅ​ខេត្តស្វាយរៀង

0

ដោយៈ រ៉ា​ណេ​ត

ស្វាយរៀងៈ ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​វិនិយោគ​ចិន​ដ៏​ធំ​មួយ បាន​ចុះហត្ថលេខា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​សមាគម​ឧស្សាហកម្ម​ការពារ​បរិ​ស្ថាន​នៅ​កម្ពុជា (Epiac) រួចរាល់ ក្នុងការ​អនុវត្ត​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ ៤៥០ហិកតា ក្រោម​ទុនវិនិយោគ​ទំហំ១០០០លាន​ដុល្លារ។

- Video Advertisement -

ក្រុមហ៊ុន QiLu (Cambodia) Special Economic Zone Co Ltd អ្នក​អភិវឌ្ឍន៍ និង​ប្រតិបត្តិ​ករ​សួនឧទ្យាន​ឧស្សាហកម្ម QiLu (ខេ​ម​បូ​ឌា) ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ក្នុង​សប្តាហ៍​នេះ បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​សមាគម​ឧស្សាហកម្ម​ការពារ​បរិ​ស្ថាន​នៅ​កម្ពុជា (Epiac) ។

ប្រធាន​ក្រុមហ៊ុន QiLu លោក Xing Baoguo បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​តាំងពី​ថ្ងៃទី២៨ ខែមីនា​ឆ្នាំ ២០១៧ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។ គម្រោង​មួយ​នេះ​នឹងត្រូវ​សាងសង់​ជា៣ ដំណាក់កាល ដោយ​ដំណាក់កាល​ទី១ នឹងត្រូវ​ដាក់​នៅលើ​ផ្ទៃដី ២១៥ ហិកតា ដំណាក់កាល​ទី២ នឹងមាន​ទំហំ១៤៥ ហិកតា ហើយ​ដំណាក់កាល​ទី៣ នឹង​បន្ថែម ៩០ហិកតា។

ដោយឡែក​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ ក៏មាន​ការបែងចែក​តំបន់​ដាច់ដោយឡែក​ពីគ្នា​ផងដែរ ដូចជា តំបន់ឧស្សាហកម្ម​នឹងត្រូវ​ចែកជា ៦ ផ្នែក រួមមាន​សម្លៀកបំពាក់ វាយនភ័ណ្ឌ ផលិតផល​ឧស្សាហកម្ម​ធុន​ស្រាល គ្រឿង​ម៉ាស៊ីន សម្ភារៈ​សំណង់ និង​សារ​ធាតុគីមី។ ជាមួយគ្នានេះ​ដើម្បី​ធានាថា ធនធានធម្មជាតិ​រប​ស់​ប្រទេស​កម្ពុជា ត្រូវបាន​គ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ និង​ដើរតួ​ជា​ត្រីវិស័យ​នៅក្នុង​គម្រោង​តំបន់ឧស្សាហកម្ម​បន្ថែម ក្រុមហ៊ុន​បានដាក់​អេកូឡូស៊ី និង​បរិស្ថាន​ស្ថិតនៅ​កំពូល នៃ​របៀបវារៈ​ផែនការ​អភិវឌ្ឍ​របស់​គម្រោង។

ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​តម្លៃ១០០០ដុល្លារ​មួយ​នេះ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​មានប្រសាសន៍ថា រាល់​គ្រប់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់ សុទ្ធតែ​ផ្តល់នូវ​ផលប្រយោជន៍​ទាំង​សេដ្ឋកិច្ច ទាំង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋនៅក្នុង​តំបន់។ ដោយឡែក​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ដែលមាន​តម្លៃ​យ៉ាង​សន្ធឹកសន្ធាប់​មួយ​នេះ លោក​បានបង្ហាញ​ពី​ក្ដី​សាទរ និង​ជំរុញ​អនុវត្ត​ឱ្យបាន​កាន់តែ​លឿន កាន់តែ​ល្អ​បំផុត។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ប្រសិនបើ​គម្រោង​មួយ​នេះ​មាន​ពិត ហើយនឹង​ត្រូវបាន​អនុវត្ត​ពិត និង​ប្រកបដោយ​សុក្រឹតភាព វា​គឺជា​មហា​សំណាង​របស់​ប្រជាជន​នៅក្នុង​តំបន់​ពាក់ព័ន្ធ​នៃ​ខេត្តស្វាយរៀង ជាពិសេស​បង្ក​ភាពងាយស្រួល និង​កាន់តែ​អាច​ទាក់ទាញ​វិនិយោគិន​មក​បន្ថែមទៀត” ។ លោក​បន្តថា “ប៉ុន្តែ​ខ្លាច​តែ​ជា​ការលើក​ពី​គម្រោង​ហើយ​ការអនុវត្ត មិនបាន​កំណត់​នូវ​ពេលវេលា​ជាក់លាក់ ដែល​វា​អាច​នឹង​ក្លាយជា​បញ្ហា​ដល់​អ្នកវិនិយោគ​នៅក្នុង​វិស័យ​ពាក់ព័ន្ធ ឬ​អាច​បង្ក​ហានិភ័យ​ដល់​អ្នកជំនួញ​ខ្នាតតូច និង​មធ្យម ដែល​ទិញ​អចលនវត្ថុ​ទុក​វិនិយោគ​យកចំណេញ​តាម​គ្នា” ។

ដូច្នេះ​សម្រាប់​អ្នកវិនិយោគ ក្នុង​វិស័យ​ដីធ្លី​ក៏ត្រូវ​ពិចារណា និង​សិក្សា​ពី​គម្រោង​ឱ្យបាន​ច្បាស់​មុនពេល​សម្រេចចិត្ត៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here