ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យបានបង្ហាញថា តម្លៃអចលនទ្រព្យលំនៅដ្ឋានរបស់ប្រទេសអូស្រ្តាលីបានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតថ្មីមួយកាលពីខែមិថុនា ដោយសារការបញ្ចុះអត្រាការប្រាក់បានជំរុញឱ្យតម្រូវការរបស់អ្នកទិញកើនឡើង និងកង្វះការផ្គត់ផ្គង់លំនៅដ្ឋាន។
តម្លៃផ្ទះជាមធ្យមទូទាំងប្រទេសបានកើនឡើង០,៦ភាគរយ ដល់កំណត់ត្រាខ្ពស់បំផុតថ្មីចំនួន៨៣៧.៥៨៦ដុល្លារកាលពីខែមិថុនា បន្ទាប់ពីបានកើនឡើង០,៥ភាគរយ កាលពីខែឧសភា។នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យ Cotality ។
ក្នុងចំណោមនោះ តម្លៃផ្ទះនៅទីក្រុង Perth បានកើនឡើងខ្ពស់ជាងគេក្នុងរង្វង់០,៨ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុង Brisbane បានកើនឡើង០,៧ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុងសុីដនី (Sydney) បានកើនឡើង០,៦ភាគរយ។ ទីក្រុង Hobart ជាទីក្រុងធំតែមួយគត់ ដែលបង្ហាញពីការធ្លាក់ចុះនៃតម្លៃផ្ទះក្នុងរង្វង់០,២ភាគរយ។
លោក Tim Lawless នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Cotality បានអះអាងថា “ការបញ្ចុះអត្រាការប្រាក់ជាកត្តាសំខាន់ ដែលជំរុញឱ្យតម្លៃលំនៅដ្ឋានមានសន្ទុះឡើងវិញ។ ការបញ្ចុះអត្រាការប្រាក់លើកដំបូងដោយធនាគារកណ្តាលអូស្ត្រាលីក្នុងខែកុម្ភៈជាចំណុចរបត់ដ៏សំខាន់មួយ”។
លោកបន្តថា ការកាត់បន្ថយអត្រាការប្រាក់ជាថ្មីកាលពីខែឧសភា និងការកើនឡើងនូវភាពប្រាកដប្រជានៃផែនការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំនេះ បានជំរុញឱ្យទំនុកចិត្តលើទីផ្សារលំនៅដ្ឋានមានភាពវិជ្ជមាន ដោយជំរុញឱ្យតម្លៃផ្ទះកើនឡើងកាន់តែខ្ពស់៕ប្រភព: Bilyonaryo៕