ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​ដ៏​ធំ​មក​ពី​បារាំង​កំពុង​សិក្សា​លទ្ឋ​ភាព​វិនិយោគ​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ តប​ទៅ​នឹង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ ដែល​កំពុងតែ​មាន​ភាព​ខ្វះ​ខាត់​នៅឡើយ​នោះ​ ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​ មក​ពី​ប្រទេស​បារាំង​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដ៏​ធំ​មួយ​ មក​ពី​ប្រទេស​បារាំង​មានឈ្មោះ​ Blue​ Circle​ ដែល​មាន​ជំនាញ​ក្នុង​ការផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​ បាន​ចាប់អារម្មណ៍​ និង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ជា​ជម្រើស​ដំបូង​អាច​ដាក់​ទីតាំងនៅ​តំបន់​ភ្នំបូកគោ​ ខេត្តកំពត​ បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​ពីទី​តាំង​រួច​ម្ដង​ហើយ​ កាលពីដើម​ឆ្នាំ​។

អគ្គនាយក​ថាមពល​ ក្រសួង​រ៉ែ​និង​ថាមពល​ លោក​ វ៉ិចទ័រ​ ហ្សូ​ណា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០១៩កន្លងមក​ថា​ ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​អាច​មានលទ្ធភាព​ ក្នុង​ការផលិត​រហូតដល់​ប្រមាណ៨០មេ​ហ្គា​វ៉ា​ត នៅក្នុង​ជំហាន​ដំបូង​។

លោក​បាន​បន្ត​ទៀត​ថា​ “ Blue​ Circle​ ជា​ក្រុមហ៊ុន​ដ៏​ធំ​មក​ពី​ប្រទេស​បារាំង​ ហើយ​ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​គាត់​ ធ្វើការ​សិក្សា​នៅក្នុង​ខេត្តកំពត​ គឺ​នៅ​បូកគោ​ ហើយនិង​ខេត្តមណ្ឌលគីរី​ ប៉ុន្តែ​ផ្អែក​តាម​ភាព​ជាក់ស្ដែង​ នៅ​តំបន់​បូកគោ​មាន​សក្តា​នុ​ពល​ល្អ​ជាង​ ហើយ​ខាង​ក្រុមហ៊ុន​ អាច​នឹង​ធ្វើការ​វិនិយោគ​នៅ​តំបន់​នេះ​ ដែល​អនុគ្រោះ​ដល់​ខេត្តកំពត​ក្នុង​ការប្រើ​ប្រាស់​”។

ការចរចា​តម្លៃ​លក់​ថាមពល​កកើត​ឡើងវិញ​ ដើរ​ដោយ​ថាមពលខ្យល់​ជាមួយ​ក្រុមហ៊ុន​ គឺ​គ្រោង​នឹង​ធ្វើ​ក្នុង​ពេល​ខាង​មុ​ខឆាប់​ៗនេះ​ ខណៈ​ដែល​ការ​វិនិយោគ​គ្រោង​ចំ​ណាយ​ប្រមា​ន ២​-៣លាន​ដុល្លារ​ក្នុង​មួ​យមេហ្គា​វ៉ាត់​។

បើ​ទោះជា​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ដើរ​ដោយ​ថាមពលខ្យល់​ ដែល​ទើបតែ​មាន​ជាលើកដំបូង​នៅ​កម្ពុជា​យ៉ាងណាក៏​ដោយ​ ប៉ុន្តែ​ការចរចា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ វា​គឺជា​រឿង​ចាំបាច់​ ដោយសារ​អគ្គិសនី​កម្ពុជា​ចង់បាន​ប្រភព​ថាមពល​ដែល​មានតម្លៃ​ទាប​ ដើម្បី​លក់​ចេញ​ឱ្យ​អ្នកប្រើ​ប្រាស់​ក្នុង​តម្លៃថោក​ ឱ្យ​ស្រប​ទៅតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់ចេញ​កាលពី​ពេល​កន្លងទៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here