ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ តាមការបង្ហើបពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន OCIC បានបញ្ជាក់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ ក្រុមហ៊ុននឹងបង្ហាញពីគម្រោងអភិវឌ្ឍន៍ដ៏ធំ និងអស្ចារ្យប្រចាំប្រទេសកម្ពុជាស្ថិតនៅទីក្រុងកោះនរាជាមួយនឹងស្ថាបត្យកម្មយ៉ាងល្អឯក។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះថា ក្រុមហ៊ុននឹងប្រកាសពីគម្រោងដ៏ធំមួយនៅក្នុងអំឡុងខែមិថុនាខាងមុខនេះ។
លោកបានបញ្ជាក់ថា វាជាគម្រោងដ៏អស្ចារ្យមួយដែលនឹងមានភាពលេចធ្លោប្រចាំនៅកម្ពុជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ លោកទូច សំណាង មិនបានបញ្ជាក់ប្រាប់ថា ជាគម្រោងអ្វីឱ្យពិតប្រាកដនៅឡើយនោះទេ ដោយលោកបានលើកឡើងថាក្រោយការរង់ចាំរហូតដល់ឆមាសទី២នៃឆ្នាំ២០២១នឹងបានដឹងទាំងអស់ជាក់ជាមុនខាន។
គម្រោងអភិវឌ្ឍទីក្រុងកោះនរាមានទំហំប្រមាណ១២៥ហិកតា ដែលកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយរហូតមកដល់ពេលនេះសម្រេចបានប្រមាណ២៥ភាគរយនៃគម្រោងទាំងមូល ដោយការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនេះក្រុមហ៊ុនចំណាយទុនប្រមាណ២០០០លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍសំណង់អាគារពាណិជ្ជកម្រិតអន្តរជាតិដ៏ខ្ពស់ដែលមានកម្ពស់ជាង៥៥៥ម៉ែត្រ Diamond Tower ដែលគ្រោងនឹងសាងសង់នៅលើទីក្រុមរណបកោះពេជ្រត្រូវបានលុបចោលទៅវិញ។ តើគម្រោងសាងសង់អាគារមួយនេះអាចនឹងប្ដូរទីតាំងទៅកាន់ទីក្រុងកោះនរា ឬយ៉ាងណា?
ចង់ដឹងទេថា តើគម្រោងដ៏ធំអស្ចារ្យដែលបានបង្ហើបដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន OCIC ខាងលើនេះជាគម្រោងអ្វីឱ្យពិតប្រាកដ សូមរង់ចាំតាមដានជាមួយគេហទំព័រ propertyarea.asia ដែលនឹងបន្តយកមកផ្សាយជូននាពេលខាងមុខនេះ។