ដោយៈ គង់ សូរិយា
ភ្នំពេញៈ រហូតមកទល់ពេលនេះ ឆមាសទី១នៃឆ្នាំ២០២៥បានបញ្ចប់ហើយ ជាមួយលទ្ឋផលនៃទីផ្សារអចលនទ្រព្យ មិនសូវមានភាពសមស្របតាមការរំពឹងទុកពីអ្នកអភិវឌ្ឍន៍នានា។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupអ្នកឧកញ៉ាសំ សុខនឿន បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៤ កក្កដាថា ស្ថានភាពទីផ្សារក្នុងវិស័យនេះ មានការវិវត្តគួរឲ្យកត់សំគាល់ ដោយទីផ្សារអចលនទ្រព្យ បានងាកទៅរកតម្រូវការដីសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយដីនៅតាមផ្លូវសំខាន់ៗនៅតែមានតម្រូវការ ស្របពេលទីផ្សារលំនៅដ្ឋាន បានងាកមកកាន់លំនៅដ្ឋានតម្លៃមធ្យម និងខុនដូតម្លៃមធ្យម។
លោកបន្តថា ចំណែកទីផ្សារលំនៅដ្ឋានប្រណីតៗ និងលំនៅដ្ឋានមធ្យមឡើង មានតម្រូវការផងដែរ ប៉ុន្តែមិនទាន់មានសភាពល្អប្រសើរដូចអំឡុងពេលមានវិបត្តិនៅឡើយទេ។ លោកបន្ថែមថា អ្នកទិញពេលនេះ មិនទិញសម្រាប់វិនិយោគយកផលចំណេញទេ តែជាការទិញសម្រាប់ស្នាក់នៅ ដែលជាតម្រូវការពិតប្រាកដ។
អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ងាកមកទីផ្សារដីធ្លីវិញ គឺមានអ្នកទិញសម្រាប់ដី ដែលមានទីតាំងល្អ និងមានតម្លៃទាបជាងទីផ្សារខ្លាំង ដែលហុចផលចំណេញសម្រាប់អនាគត ឬអាចសាងសង់ប្រកបអាជីវកម្មរបស់ពួកគេ។
អ្នកឧកញ៉ាបានបន្ថែមថា “យ៉ាងណា មិនមានអ្នកទិញច្រើនទេ អ្នកទិញមានតិចួច ដែលពួកគេទិញនៅក្នុងទីតាំងល្អបំផុត មានតម្លៃក្រោមទីផ្សារ ដែលអាចមានឱកាសចំណេញ”។ អ្នកឧកញ៉ាបន្ថែមទៀតថា “បច្ចុប្បន្ន មានការចាប់អារម្មណ៍ច្រើន នៅតំបន់ជុំវិញព្រលានយន្តហោះថ្មី ដោយសារព្រលានយន្តហោះតេជោ ត្រៀមបើកដំណើរការ ប៉ុន្តែការអភិវឌ្ឍវាត្រូវការពេលវេលា”។
អ្នកឧកញ៉ាបានបន្តថា ការអភិវឌ្ឍវាត្រូវការពេល ព្រោះត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ការកើនឡើងនូវកត្តាប្រជាសាស្រ្ត បញ្ហាប្រឈមមួយចំនួនទៀតដូចជា អ្នកអភិវឌ្ឍន៍មិនអាចសាងសង់អាគារខ្ពស់ៗ និងឧបសគ្គទីផ្សារផងដែរ ព្រោះបើមានគំរោងអភិវឌ្ឍន៍កើនឡើងច្រើនពេក វានឹងធ្វើឲ្យការផ្គត់ផ្គង់លើសតម្រូវការ។
ជាក់ស្តែងលំនៅដ្ឋានរបស់បុរីធំៗ មួយចំនួនបច្ចុប្បន្នបានជាប់គាំងដោយសារបញ្ហាសេដ្ឋកិច្ចផង បញ្ហាប្រជាសាស្រ្តផង និងការផ្គត់ផ្គង់លើសតម្រូវការផង។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ាសំ សុខនឿន៕