ក្រុមហ៊ុនP78ឆ្ពោះទៅមុខជាមួយសុទិដ្ឋនិនិយមជាមួយនឹងការចាប់យកឳកាសពីការរីកចម្រើននៃទីផ្សារខុនដូនៅកម្ពុជា

0

ដោយៈរ៉ាណេត

ភ្នំពេញៈ បង្កើតឡើងដោយសហស្ថាបនិកចំនូន៦រូប ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យP78 បាននិងកំពុងឆ្ពោះទៅមុខដោយសុទិដ្ឋិនិយម ជាមួយនឹងការសម្លឹងនិងចាប់យកចំណែកទីផ្សារខុនដូ ដែលចាប់ផ្តើមមានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក។

បង្កើតឡើងនៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុននេះមានសមាជិកសហស្ថាបនិក សុទ្ឋតែជាអ្នកមានជំនាញ ចំណេះដឹងពាក់ព័ន្ធទៅនឹងទីផ្សារអចនទ្រព្យយ៉ាងទូលំទូលាយ ជាមួយ​មូលដ្ឋានក្រមសីលធម៌វិជ្ជាជីវៈ ។

លោកកៅ គយឈឿង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ P78 បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ចាប់តាំងពីបើកដំណើរការរហូតមកដល់ពេលនេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ P78 បានពង្រីកឥទ្ធិពល និងបង្កើនភ្នាក់ងារ បានជាង១០០នាក់នៅលើទីផ្សារមួយនេះ ហើយនៅតែបន្តបង្កើនចំនួនភ្នាក់ងារបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបំពេញតាមតម្រូវការរបស់អតិថិជន ក៏ដូចជាការចង់បានរបស់ម្ចាស់អភិវឌ្ឍន៍គម្រោងផងដែរ។

លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនមានគោលដៅបង្កើនចំនួនភ្នាក់ងារឱ្យបានច្រើននៅទូទាំងប្រទេស និងផ្តល់ជូនការបណ្តុះបណ្តាលជំនាញបន្ថែមដល់ពួកគាត់ រួមជាមួយនឹងការផ្តល់នូវបទពិសោធន៍ ជាក់ស្ដែងនៅក្នុងវិស័យមួយនេះ ដើម្បីធ្វើយ៉ាងណាអាចជំរុញឱ្យភ្នាក់ងាររបស់យើងទាំងអស់ ប្រកបដោយគុណភាព មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបម្រើសេវាកម្ម ដល់អតិថិជនប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

លោកបន្តថា គោលដៅ និងចក្ខុវិស័យរបស់ក្រុមហ៊ុន គឺផ្តោតសំខាន់ទៅលើការលក់គម្រោងខុនដូធំៗ ដោយសារតែយើងបានសម្លឹងឃើញយ៉ាងច្បាស់ ពីទីផ្សារខុនដូនៅកម្ពុជានាពេលបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ ជាពិសេសទាក់ទងទៅនឹងកត្តាតម្លៃដែលត្រូវបានដាក់លក់នៅលើទីផ្សារ គឺមានភាពសមរម្យដែលស្របទៅនឹងលទ្ធភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងផ្តោតអារម្មណ៍យ៉ាងសំខាន់ នៅលើទីផ្សារមួយនេះ”។

លោកបានបន្តដោយលើកជាលក្ខខ័ណ្ឌប្រែប្រួលនៃសេដ្ឋកិច្ច សង្គមជាក់ស្តែងមកបញ្ជាក់ថា “ប្រសិនបើពួកគាត់ទិញផ្ទះ ស្ថិតនៅតំបន់ជាយក្រុង នឹងត្រូវចំណាយពេលវេលា ចំណាយធនធានជាច្រើន ក្នុងការធ្វើដំណើរចូលទីក្រុង ដែលជាទីកន្លែងគោលដៅនៃការប្រកបអាជីវកម្ម និងកន្លែងបម្រើការងាររបស់ពួកគាត់”។លោកបន្ថែមថា“មានពេលខ្លះអាចប៉ះពាល់ទៅដល់សតិអារម្មណ៍ នៅពេលមានការកកស្ទះចរាចរណ៍។ ដូច្នេះក្នុងនាមយើងខ្ញុំជាអ្នកជំនាញនៅក្នុងវិស័យនេះ សូមលើកទឹកចិត្តឱ្យពួកគាត់ជ្រើសរើសយកការរស់នៅក្នុងខុនដូ ដែលក្រៅពីជាការផ្លាស់ប្ដូររបៀបរបប នៃការរស់នៅតាមបែបសម័យថ្មី ថែមទាំងជួយសម្រាលភាពលំបាកប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ”។

ទីផ្សារខុនដូនៅពេលនេះ បានផ្តល់ជម្រើសជាច្រើនដល់អតិថិជន ខណៈដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងបង្ហាញខ្លួននៅក្នុងទីផ្សាររួម​ ជាពិសេសនៅក្នុងដំណាក់កាលនេះ ម្ចាស់គម្រោងសុទ្ធតែបានផ្តល់នូវលក្ខខណ្ឌងាយស្រួល ដល់អតិថនរបស់ខ្លួនទាំងបញ្ហានៃតម្លៃ រយៈពេលនៃការបង់រំលោះ ក៏ដូចជាការបន្ថែមជូននូវសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ដែលស្ថិតនៅក្នុងយុទ្ធសាស្ត្រទីផ្សារជំរុញការលក់ ដែលទាំងអស់នេះសុទ្ធតែជាការផ្តល់ឱកាសចំណេញដល់អតិថិជន។

ជាមួយគ្នានេះលោក ឈុត ឆន សហស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ P78 (Property 78)បានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យខុនដូនឹងនៅតែបន្តរីកចម្រើនទៀត ដោយសារតែគម្រោងអភិវឌ្ឍន៍ របស់អ្នកវិនិយោគពីក្រៅស្រុកបន្តចូលមក ហើយតម្រូវការរបស់ប្រជាជនក្នុងក្រុងក៏ចេះតែកើនឡើង។ បច្ចុប្បន្នសម្រាប់រាជធានីភ្នំពេញកាន់តែរីកចម្រើនជាលំដាប់ ដែលជំរុញតម្លៃអចលនវត្ថុកាន់តែឡើងថ្លៃ។

លោកបន្តថា ប្រសិនបើអតិថិជនគាត់មានលុយត្រឹម១០ម៉ឺនដុល្លារ គាត់អាចទិញបានផ្ទះល្វែងជាន់ផ្ទាល់ដីស្ថិតនៅជាយក្រុង ដែលស្ថិតនៅឆ្ងាយពីកន្លែងធ្វើការរបស់គាត់ ប៉ុន្តែបើគាត់យកលុយ១០ម៉ឺនដុល្លារទិញខុនដូ គាត់អាចរស់នៅបានក្នុងកណ្តាលក្រុង ដែលនៅជិតកន្លែងធ្វើការផង នៅជិតសាលារបស់កូនរៀនផង ហើយក៏នៅជិតមណ្ឌលពាណិជ្ជកម្មចំរុះ ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ ដូច្នេះការទិញខុនដូសម្រាប់ស្នាក់របស់ពួកគាត់គឺជាជម្រើសដ៏ល្អបំផុត។

រីឯលោកស្រី ម៉ៅ ច័ន្ទចរិយា សហស្ថាបនិកP78 បានមានប្រសាសន៍ថា នៅថ្ងៃខាងមុខនេះនិន្នាការទីផ្សារដីឡូតិ៍ នឹងជំនួសដោយទីផ្សារខុនដូវិញម្ដង ក្រោមហេតុផលថា ដីឡូត៍ភាគច្រើនច្រើន គឺស្ថិតនៅឆ្ងាយពីក្រុង ដោយឡែកខុនដូស្ថិតនៅក្នុងក្រុង ហើយអ្វីដែលសំខាន់គឺពេលនេះមនុស្សជាច្រើន ជាពិសេសយុវជនជំនាន់ថ្មី គឺពេញនិយមទៅនឹងការរស់នៅបែបទាន់សម័យ និងស៊ីវិល័យ ខណៈដែលខុនដូមានអ្វីៗគ្រប់យ៉ាងស្របទៅនឹងការចង់បានរបស់ពួកគាត់។

លោកស្រីបន្តថា “សម្រាប់ទីផ្សាររួមនៃអចលនទ្រព្យកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ នៅក្នុងរយៈពេលត្រឹម៣ឆ្នាំខាងមុខទៀត ខុនដូ នឹងក្លាយជាផ្នែកមួយឈានមុខគេលើតម្រូវការស្នាក់នៅ ដោយសារតែទីផ្សារលំនៅដ្ឋានក្នុងបុរី ដែលស្ថិតនៅក្រុង ក៏ដូចជាទីផ្សារលំនៅដ្ឋានជាន់ផ្ទាល់ដី នៅតាមតំបន់ជាយក្រុងនឹងបន្តឡើងថ្លៃខ្ពស់ ដូច្នេះទីផ្សារខុនដូនឹងមានប្រជាប្រិយភាពខ្ពស់ជាក់ជាមិនខាន”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here