ខេត្តកំពង់ចាមទាក់ទាញការវិនិយោគរោងចក្រ សហគ្រាសសរុបជាង១៣០០ទីតាំង

0

ដោយៈ សុវណ្ណារ៉ា

កំពង់ចាមៈ ខុសប្លែកពីបណ្តាខេត្តមួយចំនួន ដែលវិស័យឧស្សាហកម្មទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោករហូតមានការផ្អាក និងព្យួរបិទទ្វារនោះ សម្រាប់ខេត្តកំពង់ចាម ទាំងរោងចក្រ សហគ្រាសតូចធំសរុបជាង១៣០០ទីតាំង កំពុងដំណើរការជាធម្មតា ហើយប្រជាពលរដ្ឋមានចំណូលជាមធ្យមជាង១៦០០ដុល្លារក្នុងម្នាក់។

- Video Advertisement -

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងការអនុវត្តទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តកំពង់ចាម នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះថា វិស័យឧស្សាហកម្មនៅក្នុងខេត្តកំពង់ចាម បានទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ក៏ពិតមែន ប៉ុន្តែមិនមានការបិទទ្វារឈប់ដំណើរការទាំងស្រុងនោះទេ។

លោកបន្តថា “សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម គឺពឹងផ្អែកទៅលើវិស័យចំនួន៣ រួមមានកសិឧស្សាហកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម”។

ក្នុងប្រជាពលរដ្ឋប្រកបមុខរបរ កសិកម្មជាចម្បងស្មើនឹង៦៦,២ភាគរយ,  សិប្បកម្ម 0,៧០ភាគរយ និងរបរសេវាកម្ម ៣៣,១ភាគរយ ជាមួយនឹងចំណូលសម្រាប់មនុស្សម្នាក់ប្រមាណ១៦៧៩ដុល្លារ។ កំណើនសេដ្ឋកិច្ចទទួលបានពីវិស័យកសិកម្ម ចំនួន៣៨ភាគរយ ឧស្សាហកម្ម និងសិប្បកម្ម១៩ភាគរយ  និងសេវាកម្ម៤៣ ភាគរយ”។

លោកបានបន្តថា បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ចាមមានរោងចក្រ និងសិប្បកម្ម សរុបចំនួន១៣៤២ មូលដ្ឋាន ដោយក្នុងនោះរួមមាន រោងចក្រធុនធំ (វិនិយោគ)ចំនួន ១៧មូលដ្ឋាន (រោងចក្រកាត់ដេរកែច្នៃជ័រកៅស៊ូ)រោងចក្រធុនមធ្យមចំនួន១៣៥មូលដ្ឋាន (ផលិតទឹកសុទ្ធ ម៉ាស៊ីនកិនស្រូវ កែច្នៃជ័រកៅស៊ូ)និងសិប្បកម្មមានចំនួន១១៩៤មូលដ្ឋាន (ការធ្វើអាជីវកម្មលក្ខណៈគ្រួសារ ផលិតដបទឹកសុទ្ធ ទឹកសុទ្ធ កាត់កញ្ចក់ ផ្សារដែក ជាដើម-ល-“) ។

លោកអភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងបរិបថដែលកំពុងតែប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលកំពុងបន្តរាតត្បាតនៅពេលបច្ចុប្បន្ន កម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ផងដែរ ជាពិសេសវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ប៉ុន្តែសម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្មនាននៅស្ទើទូទាំងខេត្តកំពង់ចាម នៅតែបន្តមានសក​ម្ម​ភាពលើសង្វាក់ផលិតកម្ម ដោយមិនមានការបិទទ្វារផ្អាកដំណើរការទាំងស្រុងនោះទេ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here