ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេសុីបានបង្ហាញផែនការអភិវឌ្ឍន៍ថ្មីរយៈពេល១៥ឆ្នាំរបស់ទីក្រុងគូឡាឡាំពួរ ក្នុងគោលបំណងកែលម្អការរស់នៅក្នុងទីក្រុង តាមរយៈការលើកទឹកចិត្តឱ្យមានគម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅជិតខ្សែរថភ្លើង ព្រមទាំងគ្រប់គ្រងទំហំ និងកំពស់អគារ។
រដ្ឋាភិបាលម៉ាឡេសុីនឹងអនុញ្ញាតឱ្យបណ្តាអ្នកអភិវឌ្ឍន៍អាចសាងសង់អគារកាន់តែខ្ពស់ជាងមុន ឬធំជាងមុន លុះត្រាតែគម្រោងរបស់ពួកគេបានបំពេញតាមគោលដៅនានាដូចជា ការអភិវឌ្ឍន៍លើទីតាំងដីមិនបានប្រើប្រាស់ និងមានទីតាំងនៅជិតបណ្តាញផ្លូវរថភ្លើង រួមទាំងមានលំនៅដ្ឋានតម្លៃសមរម្យ។
ផែនការខាងលើនេះបានកំណត់គោលដៅបង្កើតតំបន់ពាណិជ្ជកម្មទំហំ៧៤លានម៉ែត្រការ៉េ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងបង្កើតការងារបានចំនួន១,២លានកន្លែង។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន The Edge Malaysia។
ម៉ាឡេសុីក៏បានកំណត់តំបន់ចំនួន១៣៩ សម្រាប់ការជួសជុលឡើងវិញនៅក្នុងរាជធានីគូឡាឡាំពួរ ហើយភាគច្រើនជាលំនៅដ្ឋានសាធារណៈ ដែលមានអាយុកាលចំណាស់។ ទីក្រុងនេះក៏បានកំណត់គោលដៅនៃការកសាងផ្ទះដែលមានតម្លៃសមរម្យឱ្យបានចំនួន៣០៥.០០០យូនីតនៅត្រឹមឆ្នាំ២០៤០។
លោកស្រី Maimunah Mohd Sharif អភិបាលក្រុងគូឡាឡាំពួរ បានលើកឡើងថា ផែនការនេះនឹងជំរុញការអភិវឌ្ឍន៍ទីក្រុង និងក្លាយជាឯកសារយោងសម្រាប់បណ្តាអ្នកវិនិយោគ អ្នករៀបចំផែនការ និងសាធារណៈជន។
លោកស្រីក៏បានប្រកាសអំពីផែនការបង្កើតគម្រូឌីជីថលនៅក្នុងទីក្រុង ដែលមានឈ្មោះថា“ Urban Digital Twin”ដើម្បីគាំទ្រដល់ការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងជំរុញអភិបាលកិច្ចឱ្យកាន់តែល្អប្រសើរឡើង៕ប្រភព: The Edge Malaysia៕