ខេត្តកំពតប្រមូលចំណូលពន្ធសួយសារពីអាជីវកម្មរ៉ែបានជិត៥លានដុល្លារ

0

ដោយ ៖ រ៉ាណេត

កំពត ៖ ជាមួយនឹងកំណើននៃចំនួនគម្រោងវិនិយោគ និងអាជីវកម្មជាច្រើន ខេត្តកំពតបាន និងកំពុងបង្កើនសកម្មភាពអភិវឌ្ឍន៍ទាំងក្នុង និងក្រៅក្រុង ខណៈដែលការប្រមូលចំណូលពន្ធសួយសារពីអាជីវកម្មរ៉ែមិនរាប់បញ្ចូលអាជីវកម្មផ្សេងបានប្រមាណជិត៥លានដុល្លារ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញឱ្យដឹងថា ក្នុងឆ្នាំ២០២០ ការគ្រប់គ្រង និងការប្រមូលចំណូលសួយសារពីការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទនៅក្នុងខេត្តអនុវត្តន៍បាន៩៧ភាគរយនៃផែនការ ស្មើនឹងជាង៤លាន៩សែនដុល្លារ ដោយក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកា៥០ភាគរយពីការប្រមូលចំណូលសួយសារលើអាជីវកម្មរ៉ែដល់ថ្នាក់ខេត្ត។

លោកសោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា សម្រាប់ឆ្នាំ២០២០កន្លងទៅនេះ ផែនការប្រមូលចំណូល មានជាង ៥លានដុល្លារ អនុវត្តន៍បានជាង៤លាន៩សែនដុល្លារ ស្មើនឹង៩៧ភាគរយ។ ក្នុងនោះប្រាក់ ចំណូលសម្រាប់ខេត្តអនុវត្តន៍បានចំនួនជាង៨៥០លានរៀល គឺស្មើ១០១ភាគរយនៃផែនការ។
លោកបានបញ្ជាក់ដែរថា ប្រាក់ចំណូលពីសួយសារលើអាជីវកម្មរ៉ែ ដែលផ្តល់អាជ្ញាប័ណ្ណដោយថ្នាក់ក្រសួង និងថ្នាក់ខេត្ត បានបែងចែកសម្រាប់រដ្ឋ ខេត្ត និងប្រាក់អំណោយលើកទឹកចិត្តដល់មន្ត្រីអនុវត្តន៍។

សម្រាប់ខេត្តកំពត ក្រៅពីមានអាជីវកម្មរ៉ែជាច្រើនប្រភេទ ក្នុងនោះក៏មានសក្ដានុពលនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យផងដែរ ដែលភាគច្រើនជាការវិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិ ក៏ដូចជាសំណង់នៅដ្ឋានបែបលំហែរជាច្រើនគម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here