ខេត្តក្រចេះទទួលបានទុនវិនិយោគក្នុងវិស័យសំណង់សរុបជិត៤លានដុល្លារ លើ៧៩គម្រោង

0

ដោយ ៖ រ៉ាណេត
ក្រចេះ ៖ ស្របទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តក្រចេះ ជាពិសេសតំបន់ទីប្រជុំជន និងតំបន់ទេសចរណ៍ រដ្ឋបាលខេត្តទទួលទុនវិនិយោគពីវិស័យឯកជនផ្នែកអចលនទ្រព្យ និងសំណង់សរុបចំនួនជិត៤លានដុល្លារ ទៅលើគម្រោងចំនួន៧៩នៅទូទាំងខេត្ត។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្តល់ទុនវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនស្ទើរទូទាំងខេត្ត ដូចជាផ្លូវថ្នល់ ស្ពានមេតុង បណ្តាញទឹកស្អាត និងផ្នែកដទៃទៀតដែលបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋសរុបរហូតដល់ប្រវែង៩៨៨,៣៩គីឡូម៉ែត្រ។

- Video Advertisement -

លោកបានបញ្ជាក់ថា “សម្រាប់វិស័យអចលនទ្រព្យ និងសំណង់ ក៏មានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ផងដែរ ដោយទទួលបានទុនវិនិយោគក្នុងការសាងសង់សំណង់នានាលើគម្រោងសរុបចំនួន៧៩ ស្មើនឹងថវិកាចំនួន ៣ ៨០១ ១០០ដុល្លារ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានដោះស្រាយនូវវិវាទដីធ្លីស្ថិតក្នុងយន្តការគណៈកម្មការសុរិយោដី ៥៤ករណី និងក្រៅយន្តការគណៈកម្មការសុរិយោដី ចំនួន៩៨ករណី”។

ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា ពាក់ព័ន្ធទៅនឹងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន៤ក្រុង / ស្រុក (ក្រុងក្រចេះ ចិត្របុរី ព្រែកប្រសព្វ និងស្រុកឆ្លូង) បានចំនួន ១៥ ៩៨៨ ប័ណ្ណ ក្នុងនោះបណ្ណសម្បទានដីសង្គមកិច្ច ចំនួន ២៤៩១បណ្ណ។ ចុះបញ្ជីដីសហគមន៍ជនជាតិភាគតិច ចំនួន២សហគមន៍ ស្ថិតនៅភូមិស្រែឈូក និងឃុំរលួសមានជ័យ ភូមិត្នោត ឃុំស្រែជិះ ស្រុកសំបូរ។ ជាមួយគ្នានេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំបានចំនួន២៤បណ្ណ ការចុះបញ្ជីផ្ទេរកម្មសិទ្ធិ ចំនួន៣៦២បណ្ណ និងការចុះបញ្ជីប្រាតិភោគ (ដាក់បញ្ចាំ / ហ៊ីប៉ូតែក) ចំនួន ២៩៥ក្បាលដី៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here