ខេត្តសៀមរាប​នឹង​មាន​ក្រុង​រណប​ដ៏​ធំ​មួយ​មានផ្ទៃ​ដី​រហូតដល់​ ២១៥ហិ​កតា​

0

ដោយ​ ម៉ា​ណេត​

សៀម​រា​បៈ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ Urban​ Living​ Solutions​ (ULS​) ​បាន​និង​កំពុង​អភិវឌ្ឍ​ទីក្រុង​រណប​ មានផ្ទៃ​ដី​រហូត​ទៅដល់ ២១៥​ហិ​កតា​ក្នុង​ខេត្តសៀមរាប​។

លោក​ ងួន​ ឆាយ​លាង​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Pointer​ Property​ ដែល​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​លក់​គម្រោង​បាន​ប្រាប់​ Propertyarea.asia​ កាលពី​ចុងខែ​តុលា​កន្លងមក​ថា​ គម្រោង​ Bakong​ Village​ ជាផ្នែក​មួយ​ទីក្រុង​រណប​ថ្មី​ របស់​ខេត្តសៀមរាប​ស្ថិត​លើ​ផ្ទៃ ៤​,៧ ហិ​កតា​ ហើយ​លំនៅឋាន៣៥០យូនី​ត ដែល​មាន​ប្រភេទ​ធំៗ​ដូចជា​ផ្ទះ​អាជីវកម្ម​នៅ​តាមផ្លូវ៦០ម៉ែត្រ​ និង​ជុំវិញ​ផ្សារ​ និង​ផ្ទះ​ប្រភេទ​វីឡា​នៅ​ខាងក្នុង​។

គម្រោង​ទីក្រុង​រណប​ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​អំពិល​ ស្រុក​ប្រសាទ​បាគង​ ខេត្តសៀមរាប​ និង​ទីតាំង​មាន​ចម្ងាយ៥គីឡូម៉ែត្រ​ពី​បូរី​រដ្ឋបាល​។

លោ​កងួន​ ឆាយ​លាង​បានឱ្យ​ដឹង​ថា​ “ដំណាក់​អភិវឌ្ឍន៍​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ តែ​ដំណាក់​ទីមួយ​នេះ​ គឺ​យើង​ចាប់ផ្តើម​ពី​គម្រោង​ភូមិ​បាគង​នេះ​ ហើយ​នៅ​ត្រីមាស​ទី២ឆ្នាំក្រោយ​ ទើប​យើង​បង្ហាញ​ពី​ Master​ Plan​ របស់​ក្រុង​ថា​តើមាន​ប៉ុន្មាន​ដំណាក់កាល​ ហើយ​យើង​ធ្វើអ្វី​ខ្លះ​។ ដំណាក់​ទីមួយ​គឺ​មាន​ទុន​វិនិយោគ​ជាង៣៥លាន​ដុល្លារ​”។

ក្នុង​ទីក្រុង​រណប​ទាំងមូល​ មានផ្ទៃ​ដី​រហូត​ទៅដល់២១៥ហិ​កតា​ និង​មាន​គម្រោង​អភិវឌ្ឍ​ន៍​ផ្សេង​ៗទាក់ទង​វិស័យ​ទេសចរណ៍​ វិស័យ​ធុរកិច្ច​ វិស័យ​អប់រំ​ និង​ការរស់នៅ​លក្ខណៈ​ប៉ៃ​តង​។ នេះ​ជា​ផែនការ​មួយ​ដែល​សិក្សា​ដោយក្រុម​ហ៊ុន​ ULS​ សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Belt​ Road​ Capital​ Management​ (BRCM​) ហើយ​មាន​អ្នក​គូស​ប្លង់​មេ​ជា​ជនជាតិ​ដា​ណឺ​ម៉ាក់​ ដែល​មានបទពិសោធន៍​ជាង២០ឆ្នាំ​។

លោក​ឆាយ​លាង​ មានប្រសាសន៍​ថា​“បច្ចុប្បន្ន​នេះ​ យើង​ចាប់ផ្តើម​ដាក់​លក់​គម្រោង​ដំណាក់​ទី​មួយ​បណ្តើរ​ៗហើយ​ ហើយ​យើង​រង់ចាំ​ការសាងសង់​ផ្ទះ​គំរូ​រួច​នៅ​ខែ​ ធ្នូ​ ខាងមុខនេះ​។ យើង​នឹង​ចាប់ផ្តើម​ធ្វើ​កា​រស​ម្ភោ​ធជា​ផ្លូវការ​”។

អ្នកជំនាញ​អចលនទ្រព្យ​បាន​លើកឡើង​ថា​ វិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប​ទទួល​បានការ​ចាប់​យ៉ាង​ខ្លាំង​ ពីសំណាក់​អ្នក​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

លោក​ហ៊ុយ​ ភៀវ​ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្វែងយល់​ពី​គម្រោង​អភិវឌ្ឍន៍​ នៅ​ខេត្តសៀមរាប​ថា​ វិស័​អចលនទ្រព្យ​នៅ​ខេត្ត​កំពុង​មានសន្ទុះ​គួរ​ឱ្យ​កត់សម្គាល់​ ខណៈ​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ កំពុង​ហូរ​ចូលក្នុង​ខេត្ត​មួយ​នេះ​។

លោក​មានប្រសាសន៍​ថា​ “គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន​ បាន​បាញ់​ឆ្ពោះទៅ​កាន់​ទិសខាងកើត​នៃ​ខេត្តសៀមរាប​ ដូច្នេះ​ធ្វើ​ឱ្យ​មាន​កំណើន​អចលនទ្រព្យ​នៅ​ទិសខាងកើត​”។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ Urban​ Living​ Solutions​ ត្រូវ​បង្កើត​ឡើង​ដោយ​លោក​ គាន​ គឹ​មលាង​ ក្នុង​ឆ្នាំ​ ២០១៦​ ក្រុមហ៊ុន​ ULS​ អភិវឌ្ឍ​លំនៅ​ដ្ឋាន​ និង​តំបន់​ពាណិជ្ជកម្ម​ដែល​ផ្តោត​ទៅលើ​សហគមន៍​ និង​យក​ការរស់នៅ​ របស់​មនុស្សជា​គោល​។ បន្ទាប់ពី​ចំណាយពេល​ជាង​មួយ​ទសវត្ស​ នៅ​សហរដ្ឋ​អា​មេ​រិច​ លោក​គឹ​មលាង​ មានបំណង​សាងសង់​គម្រោង​ ដែល​មានគុណ​ភាព​ខ្ពស់​ និង​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ ដែល​អាច​ឲ្យ​ប្រជាជន​ខ្មែរ​ជីវភាព​មធ្យម​អាច​មានលទ្ធភាព​ទិញ​បាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here