ជប៉ុនស្នើកម្ពុជាពិចារណាលើលទ្ធភាពបន្ធូរបន្ថយលើការអនុវត្តវិធានការការពារជំងឺឆ្លងលើមន្ត្រីជំនាញរបស់ខ្លួននៅកម្ពុជា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានស្នើសុំឱ្យមានការពិចារណាលទ្ធភាពបន្ធូរបន្ថយ លើការអនុវត្តវិធានការការពារជំងឺឆ្លងដល់មន្ត្រីជំនាញការ និងបច្ចេកទេសរបស់ខ្លួន ដែលចុះមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងកិច្ចជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក MIKAMI Masahiro  បានបង្ហាញពីគោលបំណងពិភាក្សា អំពីផលប៉ះពាល់នៃមេរោគ Covid-19 ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា។

លោក MIKAMI Masahiroក៏បានលើកឡើងពីការផ្លាស់ប្ដូរទស្សនៈ ទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគ Covid-19ស្តីពី ការអនុវត្តគម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ពីភាគីជប៉ុន ទាក់ទងនឹងគម្រោងកំពង់ផែក្រុងព្រះសីហនុផងដែរ។ ដោយឡែកទាក់ទងនឹងការឆ្លងរាតត្បាតនៃមេរោគ Covid-19 នេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើដល់កម្ពុជា ពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគ Covid-19 ចំពោះមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន ដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ជូនគណៈប្រតិភូជប៉ុនអំពីដំណើរការរលូននៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោក កំពុងទទួលរងនូវការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។

ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់ភាគីជប៉ុន លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា លោកនឹងលើកបញ្ហានេះទៅក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាពបន្ធូរបន្ថយចំពោះការអនុវត្តវិធានការ និងការបង្ការមេរោគ Covid-19 នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន អាចមកបំពេញការងារនៅកម្ពុជាដោយគ្មានភាពរាំងស្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here