ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ទោះបីជាបញ្ហាជំងឺ Covid-19 កើតមានឡើងនៅកម្ពុជា និងកំពុងរីករាលដាលជាសកលយ៉ាងណាក្តី ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងអភិរក្ស នៅតំបន់រមណីយដ្ឋានអង្គរដែរ ខណៈដែលអាជ្ញាធរអប្សរាកំពុងយកឱកាសនេះពង្រីកការអភិវឌ្ឍន៍។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានអះអាងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០នេះ ថា បច្ចុប្បន្ននេះ អាជ្ញាធរអប្សរាបានការរៀបចំលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបរិស្ថានឱ្យមានទេសភាពពណ៌បៃតងនៅតំបន់បរិវេណប្រាសាទអង្គរវត្ដ កន្លែងបដិសណ្ឋារកិច្ចភ្ញៀវទេសចរ នៅខាងមុខអង្គរវត្ដ ក៏ដូចការអភិវឌ្ឍនៅកន្លែងផ្សេងក្នុងតំបន់ឧទ្យានអង្គរ ដែលបានសម្រេចលទ្ធផលប្រមាណ៥៧ភាគរយ ។
លោក យិត ចាន់ដារដ្ឋ បញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរា នឹងបន្ដអភិវឌ្ឍន៍ និងកែលម្អហេដ្ឋាចរនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសបរិវេណខាងមុខប្រាសាទអង្គរឱ្យក្លាយជាតំបន់ទេសភាពបៃតងគ្រប់រដូវកាល ដែលគម្រោងនេះនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០។
លោកបន្តថា បច្ចុប្បន្ននៅសល់ជាង៤០ភាគរយ ហើយសំណង់ផ្សេងៗ និងតូបលក់ដូរអាណាធិបតេយ្យនៅបរិវេណខាងមុខអង្គរវត្ដទាំងអស់ នឹងត្រូវរុះរើយកទៅដាក់នៅកន្លែងអគារបដិសណ្ឋារកិច្ច ដើម្បីយកទីតាំងនេះ រៀបចំឱ្យមានទេសភាពពណ៌បៃតង ក្នុងគោលបំណងទាក់ទាញអ្នទេសចរឱ្យមកទស្សនាប្រាសាទអង្គរ កាន់តែច្រើនឡើងនាពេលអនាគត ៕