ដោយស៊ីវ ម៉េង
ភ្នំពេញៈ ទស្សទាននៃការអភិវឌ្ឍតំបន់ភាគខាងត្បូងរបស់ទីក្រុងរណប ING CITY បាននិងកំពុងដើរតាមផែនការមេរបស់ខ្លួន ខណៈតម្លៃដីធ្លីនៅតំបន់នេះ មានកំនើនយ៉ាងខ្ពស់ ជាមួយគំរោងសាងសង់បុរី មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនានាកំពុងលេចចេញជារូបរាង។
យោងតាមផែនការមេរបស់ក្រុមហ៊ុន ING Holding ដែល Propertyarea.asia ទទួលបានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទីក្រុងរណប ING CITY គ្របដណ្តប់លើផ្ទៃដីជាង ២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។ តាមគំរោងក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។
តាមឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាមជ្ឈមណ្ឌលលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន មជ្ឈមណ្ឌលកីឡាជាដើម។
ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សាលារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីស ដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែលមានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្ត្រនៅតំបន់នេះ។
ដោយសារជាតំបន់ថ្មី ងាយស្រួលហេដ្ឋារចនាសម្ព័ន្ឋ និងកំនើនប្រជាសាស្ត្រនៅតំបន់នេះ ទើបអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងវិនិយោគគំរោងលំនៅដ្ឋានធមៗនៅតំបន់នេះ ពិសេសផ្សារទំនើបលំដាប់អន្តរជាតិ២កំពុងបានសាងសង់ឡើង ក្នុងចំណោមផ្សារទំនើបធំៗចំនួនបី។ អ្វីកាន់តែពិសេសផ្សារទំនើប AEON MALL3 នឹងសាងសង់នៅតំបន់នេះនាពេលអនាគត ខណៈក្រុមហ៊ុន EAON GROUP បានទិញដីនៅតំបន់នេះទុករួចទៅហើយ។
លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណវីរៈស្ថាបត្យ្កករដ៏ល្បីល្បាញរបស់កម្ពុជា ដែលបានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមានដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋារចនាសម័ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា តំបន់នេះជាទីក្រុងថ្មី និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មី ដែលវាមានភាពងាយស្រួល ក្នុងការរៀបចំការអភិវឌ្ឍជាងទីក្រុងចាស់ ពិសេសមានចម្ងាយជិតជាងគេចេញពីកណ្តាលក្រុង បើធៀបនឹងទីក្រុងរណបដទៃទៀត។
អ្នកនាងបន្តថា “តំបន់នេះកំពុងមានការរីកចម្រើន ដោយរយៈពេល ៥ឆ្នាំខាងមុខវានឹងជាតំបន់លំនៅដ្ឋាន ហើយរយៈពេល១០ឆ្នាំទៀត ខ្ញុំគិតថាតំបន់នេះនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្ម” ៕